១៩៨ ជាចំណាត់ថ្នាក់ថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រចាំខែតុលានេះ នៅក្នុងតារាងចំណាត់ថ្នាក់ក្រុមបាល់ទាត់ទូទាំងពិភពលោក FIFA World Ranking ដែលចាត់ថ្នាក់ដោយសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ចេញផ្សាយកាលពីល្ងាចថ្ងៃទី ១៧ តុលា ម្សិល ខណៈកាលពីខែកញ្ញា កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ១៩៩។
ក្រុមជម្រើសជាតិកម្ពុជា នាពេលកន្លងមក
យោងតាមតារាងចំណាត់ថ្នាក់ខាងលើបង្ហាញថា កម្ពុជានៅតែសម្ងំដាបបាតតារាងដដែល បើប្រៀបទៅនឹងប្រទេសអាស៊ានទាំង១១ និងឈរលេខ៤៤ក្នុងចំណោម៤៦ប្រទេសនៅអាស៊ី។ ចំណែកប្រ៊ុយណេ និងទីម័រខាងកើត ដែលឈរលំដាប់លេខ១៨២ស្ទួន កាលពីខែមុន ត្រូវធ្លាក់មកនៅលេខ១៩៣ស្ទួនវិញ។ ងាកទៅមើលក្រុម ឡាវ ផ្លោះពីលេខ១៧២ទៅ១៦៧ ឯ ឥណ្ឌូណេស៊ី ឡើងពី១៧០ទៅ១៦២ ស្របពេល ម៉ាឡេស៊ី កើនមួយលំដាប់ទៅលេខ ១៦០។
អត្ថបទពាក់ព័ន្ធ៖ ផ្អាករឿងតារា មកមើល Fashion ក្រុមជម្រើសជាតិម្ដងមើល៎!
សិង្ហបុរី ហក់បួនកាំទៅឈរនៅលេខ១៥៥ ហើយចំណាត់ថ្នាក់១៥១បានទៅ វៀតណាម ក្រោយកើនពី២លេខ ចំណែក មីយ៉ាន់ម៉ា ឈរលេខ១៤៩ កើនឡើងខ្ពស់ជាងគេរហូតដល់១៣លេខ។ ថៃ ធ្លាក់បួនកាំទៅលេខ១៤៣ ធ្វើឲ្យ ហ្វីលីពីន ក្លាយជាប្រទេសមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅអាស៊ាន ក្រោយកើនបួនកាំទៅឈរលេខ១៣៧។
ចំណាត់ថ្នាក់ប្រទេសអាស៊ានក្នុង FIFA World Ranking ប្រចាំខែតុលា | |||||
ល.រ | ប្រទេស | ចំណាត់ថ្នាក់ ពិភពលោក | ចំណាត់ថ្នាក់ នៅអាស៊ី | ចំណាត់ថ្នាក់ នៅអាស៊ាន | បម្រែបម្រួល ចំណាត់ថ្នាក់ |
១ | ហ្វីលីពីន | ១៣៧ | ២០ | ១ | ឡើង៤លេខ |
២ | ថៃ | ១៤៣ | ២២ | ២ | ចុះ៤លេខ |
៣ | មីយ៉ាន់ម៉ា | ១៤៩ | ២៥ | ៣ | ឡើង១៣លេខ |
៤ | វៀតណាម | ១៥១ | ២៧ | ៤ | ឡើង២លេខ |
៥ | សិង្ហបុរី | ១៥៥ | ២៩ | ៥ | ឡើង៤លេខ |
៦ | ម៉ាឡេស៊ី | ១៦០ | ៣១ | ៦ | ឡើង១លេខ |
៧ | ឥណ្ឌូណេស៊ី | ១៦២ | ៣២ | ៧ | ឡើង៨លេខ |
៨ | ឡាវ | ១៦៧ | ៣៦ | ៨ | ឡើង៥លេខ |
៩ | ប៊្រុយណេ | ១៩៣ | ៤២ | ៩ | ចុះ១១លេខ |
១០ | ទីម័រខាងកើត | ១៩៣ | ៤២ | ១០ | ចុះ១១លេខ |
១១ | កម្ពុជា | ១៩៨ | ៤៤ | ១១ | ឡើង១លេខ |
ចំពោះចំណាត់ថ្នាក់ពិភពលោកវិញ អេស្ប៉ាញ នៅតែរក្សាតំណែងកំពូលដដែល ខណៈ អាល្លឺម៉ង់ ឡើងមកលេខ២ ក្រោយរុញ អាហ្សង់ទីន ទៅលេខ៣៕
0 comments:
Post a Comment