Samuel Eto’o ដែល​ធ្លាប់​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​កាមេរ៉ូន​​នា​ពេល​កន្លង​មក​នោះ ពេល​នេះ​បាន​ផ្លាស់​ប្ដូរ​ចិត្ត​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​របស់​ខ្លួន​នេះ​វិញ​ហើយ។ ខ្សែ​ប្រយុទ្ធ​ក្លិប​តោ​ខៀវ Chelsea រូប​នេះ នឹង​ត្រូវ​ចូល​លេង​​​ក្នុង​វគ្គ​ជម្រុះ FIFA World Cup 2014 តំបន់​អាហ្រ្វិក​​នា​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ។

កាមេរ៉ូន​បាន​ឡើង​ដល់​វគ្គ​ Play-off ដោយ​ត្រូវ​ប៉ះ ​ទុយណេស៊ី ដូច្នេះ​ប្រសិន​បើ​ទទួល​ជ័យជម្នះ ក្រុម​​នេះ​នឹង​អាច​បាន​កៅអី​ទៅ​ប្រេស៊ីល​តែ​ម្ដង។ ជើង​ទី​១​នៅ​ទឹក​ដី​ទុយណេស៊ី នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣​តុលា ខណៈ​ជើង​ទី​២​នៅ​ទឹក​ដី​កាមេរ៉ូន​វិញ​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

Eto’o កាល​លេង​ឲ្យ​កាមេរ៉ូន​នា​ពេល​កន្លង​មក

Eto’o បាន​ចូល​លេង​ក្នុង​ជម្រើស​ជាតិ​កាមេរ៉ូន​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៩៧ ប៉ុន្តែ​កីឡាករ​វ័យ​៣២ឆ្នាំ​ដែល​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីប​អាហ្រ្វិក​៤​ដង​រូប​នេះ បាន​ប្រាប់​ទៅ​សមាជិក​ក្រុម​ថា​ខ្លួន​ចូល​និវត្តន៍​កាល​ពី​ខែ​មុន​នេះ។ ខ្សែ​ប្រយុទ្ធ​ធ្លាប់​តែ​មុត​ស្រួច​រូប​នេះ បាន​លេង​ឲ្យ​ក្លិប​ធំៗ​ជា​ច្រើន​នៅ​អឺរ៉ុប ដូច​ជា Real Madrid, Mallorca, Barcelona, Inter Milan និង Anzhi Makhachkala មុន​ចូល​លេង​នៅ Chelsea។