សំនួរ​នៅ​តែ​ចោទ​សួរ​មិន​ស្រាកស្រាន្ត​ពី​សំណាក់​ប្រិយមិត្ត​ដែល​ជា​អ្នក​គាំទ្រ​ក្លិប​បិសាច​ក្រហម Man UTD រាប់​លាន​នាក់​ជុំវិញ​ពិភពលោក សម្រាប់​ការ​ជ្រើសរើស​លោក Davide Moyes មក​ជំនួស​តំណែង​លោក Sir Alex Ferguson អតីត​អ្នក​ចាត់​ការ​ដ៏​ជោគជ័យ​បំផុត​សម្រាប់​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស។

បុរស​វ័យ ៥០ ឆ្នាំ សញ្ជាតិ​ស្កុត​ Moyes បាន​យល់​ព្រម​ចុះ​កិច្ចសន្យា​រយៈ​ពេល ៦ ឆ្នាំ​មក​ដឹកនាំ​ក្លិប​បិសាចក្រហម បើទោះ​បី​រង​ការ​រិះ​គន់​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន ពី​លទ្ធភាព​និង​សមត្ថភាព​របស់​គាត់​ក្នុង​ការ​ដឹកនាំ​ក្លិប​មួយ​នេះ​បន្ត​ភាព​ត្រចះត្រចង់ និង​ជោគជ័យ​ដូច​សម័យ​អតីត​លោក Ferguson។

តាម​រយៈ​លទ្ធផល​ការ​បើក​រដូវកាល English Premier Leagues 2013-2014 ក្រោម​ការ​ដឹកនាំ​របស់​លោក David Moyes បាន​បង្ហាញ​ថា ក្លិប​បិសាច​ក្រហម​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិចស្រពិល និង​ត្រដាបត្រដួស ដោយ​បច្ចុប្បន្ន​កំពុង​តែ​ឈរ​នៅ​ពាក់​កណ្ដាល​តារាង ក្នុង​ចំណោម​ក្លិប​ទាំង ២០ នៅ​ក្របខ័ណ្ឌ​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ។

តើ​សម័យ​កាល​របស់ Manchester United ត្រូវ​ដួល​រលំ​ដូច​ក្រុម​ហង្សក្រហម Liverpool ដែល​ជា​ក្លិប​ដ៏​ជោគជ័យ​បំផុត​នៅ​អង់គ្លេស ​កាល​ចុង​ទស្សវត្ស ៩០ បន្ទាប់​ពី​លោក Fergusion បាន​ចូល​មក​ដឹកនាំ​បិសាច​ក្រហម និង​បន្ត​ស្វែង​រក​ជោកជ័យ​ដ៏​ត្រចះត្រចង់​និង​មិន​គួរ​ឲ្យ​ជឿ​សម្រាប់​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស។

គួរ​បញ្ជាក់​ដែរ​ថា លោក Sir Alex Fergusion បាន​ចូល​មក​ដឹកនាំ​ក្លិប​បិសាចក្រហម Man UTD ក្នុង​ឆ្នាំ ១៩៨៦ និង​បាន​លា​ឈប់​ក្នុង​ឆ្នាំ ២០១៣។ ២៦ ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ជនជាតិ​ស្កុត​រូប​នេះ បាន​ដឹកនាំ Man UTD ឲ្យ​គ្រង​ពាន​ជើង​ឯក​ដល់​ទៅ ៣៨ ពាន ក្នុង​នោះ​មាន​ពាន​សំខាន់ៗ​ដូចជា Premier League ១៣ ពាន និង UEFA Champions League ចំនួន ២ ពាន។

តើ​មិត្ត​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់ទាត់ និង​មិត្ត​អ្នក​គាំទ្រ​ក្លិប​បិសាច​ក្រហម តើ​ក្រៅ​ពី David Moyes គិត​ អ្នក​ណា​ដែល​ស័ក្កិសម​អាច​ដឹកនាំ​ក្លិប​បិសាច​ក្រហម​បន្ត​ភាព​ជោគជ័យ​បន្ត​ទៀត​បន្ទាប់​ពី​លោក Sir Alex Ferguson។