វត្តមាន​ពេល​ហ្វឹកហាត់​ក្នុង​ឈុត​ U23 ជម្រើសជាតិ​ របស់​ខ្សែប្រយុទ្ធ​កូនកាត់​ខ្មែរ​-អាល្លឺម៉ង់​ Chhunly Pagenburg ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ និង​រីករាយ​មិន​តិច​ទេ​ សម្រាប់​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា។​ ទន្ទឹម​នឹង​នេះ​ ក៏​លេច​ចេញ​ជា​ចម្ងល់​យ៉ាង​ច្រើន​ ពី​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ និង​អាថ៌កំបាំង​នៅ​ពី​ក្រោយ​អវត្តមាន​កាល​ស៊ីហ្គេម​នៅ​ ឥណ្ឌូណេស៊ី​ កាល​ឆ្នាំ​២០១១។​

ក្នុង​ទឹក​មុខ​ស្រស់ស្រាយ​ជានិច្ច​ Chhunly ប្រាប់​អ្នក​យក​ព័ត៌មាន​ Sabay​ ថា​ តាម​ពិត​កាល​ឆ្នាំ​២០១១​ ខ្លួន​ពិត​ជា​ចង់​មក​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ណាស់​ តែ​ដោយសារ​បញ្ហា​របួស​ជាច្រើន​តាម​ញាំញី​ ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ដ៏​ល្អ​នេះ។​ នា​ពេល​នោះ​ មិន​ត្រឹម​តែ​មិន​បាន​មក​លេង​នៅ​កម្ពុជា​ទេ​ តែ​កីឡាករ​កម្ពស់​១.៧៨​ម៉ែត្រ​រូប​នេះ​ ត្រូវ​រសាត់​អណ្ដែត​រហូត​ដល់​លីក​លំដាប់​ទី​៤​ ត្បិត​បញ្ហា​របួស​ធ្វើ​ឲ្យ​ទម្រង់​លេង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។​ ប៉ុន្តែ​បច្ចុប្បន្ន​ ខ្សែប្រយុទ្ធ​ពាក់​លេខ​១១​ម្នាក់​នេះ​ បាន​ឡើង​មក​លេង​នៅ​ក្លិប​ FSV Frankfurt ក្នុង​លីក​លំដាប់​ទី​ពីរ​វិញ​ហើយ។​

Chhunly ពេល ធ្វើ តេស្ត ម្សិលមិញ (រូបថត៖ Kem Sovanna)

កីឡាករ​ដដែល​រំឭក​ថា​ ខ្លួន​បាន​ឃើញ​រាល់​ E-mail ពី​សហព័ន្ធ​ ពី​អ្នក​សារព័ត៌មាន​ និង​អ្នក​គាំទ្រ​ទាំងអស់​តាម​រយៈ​ Facebook ហៅ​ឲ្យ​ទៅ​លេង​នៅ​កម្ពុជា​កាល​ឆ្នាំ​២០១១​ ហើយ​វា​ជា​រឿង​គួរ​ឲ្យ​រំភើប​ និង​ជា​រឿង​សោកស្ដាយ​ផង​ដែរ​ ដែល​មិន​អាច​ធ្វើ​តាម​សំណើ​ទាំង​នោះ​បាន។​ ទោះ​ជា​យ៉ាងណា​ Chhunly នៅ​តែ​បង្ហាញ​ពី​មហិច្ឆតា​របស់​ខ្លួន​ ក្នុង​ដំណើរ​រួម​ចំណែក​ជួយ​ដល់​ក្រុម​បាល់ទាត់​កម្ពុជា​ ក៏​ដូច​ជា​ចង់​មក​លេង​ក្នុង​ក្លិប​ណា​មួយ​ របស់​លីក​កំពូល​កម្ពុជា​ទៀត​ផង​ នា​ថ្ងៃ​អនាគត។​

ការ​មក​ចូលរួម​សាកល្បង​សមត្ថភាព​លើក​នេះ​ កើតឡើង​ក្រោម​ការ​ស្វះស្វែង​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ដែល​ក្នុង​នោះ​លោក​អគ្គលេខាធិការ​រង​ ម៉ៃ​ តុលា​ គឺ​ជា​តួអង្គ​សំខាន់​ក្នុង​ការ​ទាក់ទង​ឲ្យ​ យុវជន​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ​មក​ជាន់​វាលស្មៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ជា​លើក​ទីមួយ។​ ក្នុង​ការ​ប្រកួត​សម​ជើង​រវាង​ U23 ទល់​នឹង​ក្លិប​ស្វាយរៀង​កាល​ពី​ព្រឹកមិញ​ លោក​ Lee Tae Hoon បាន​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​កូន​កាត់​ខ្មែរ-អាល្លឺម៉ង់​រូប​នេះ​លេង​បាន​៤៥​នាទី​ ខណៈ​ទម្រង់​លេង​ បម្លាស់ទី​ បច្ចេកទេស​ និង​កម្លាំង​ជើង​របស់​គេ​គួរ​ឲ្យ​សរសើរ​ ស័ក្តិសម​ជា​កីឡាករ​ក្នុង​លីក​លំដាប់​ពីរ​របស់​អាល្លឺម៉ង់​មែនៗ។​

យ៉ាងណាក្ដី​ ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​ម្នាក់​នេះ​ នឹង​ត្រូវ​ចាកចេញ​ពី​កម្ពុជា​វិញ​នៅ​៤-៥​ថ្ងៃ​បន្ទាប់​ ដើម្បី​ចូល​លេង​ឲ្យ​ក្លិប​ ដែល​ខ្លួន​នៅ​សល់​កុងត្រា​ពីរ​ឆ្នាំ​ទៀត​ជា​ធម្មតា​វិញ។​ ស្រប​ជាមួយ​នឹង​ដំណើរ​ត្រឡប់​​ទៅ​ស្រុកកំណើត​នេះ​ដែរ​ Chhunly ត្រូវ​ចរចា​ជាមួយ​អ្នកគ្រប់គ្រង​ក្លិប​ សុំ​ការ​អនុញ្ញាត​មក​លេង​ឲ្យ​ជម្រើសជាតិ​កម្ពុជា។​ ប្រសិន​បើ​ FSV Frankfurt យល់ព្រម​តាម​ការ​ស្នើ​សុំ​ ច្បាស់​ណាស់​ថា​ អតីត​កីឡាករ​ឈុត​ U19 និង​ U20​ អាល្លឺម៉ង់​ម្នាក់​នេះ​ នឹង​បាន​បង្ហាញ​ខ្លួន​ឲ្យ​កម្ពុជា​ជា​លើក​ដំបូង​ក្នុង​ពាន​រង្វាន់​ BIDC Cup 2013​ ចំណែក​ការ​ចូលរួម​ក្នុង​ស៊ីហ្គេម​នា​ខែ​ធ្នូ​ខាងមុខ​ ហាក់​ស្រពេចស្រពិល​នៅ​ឡើយ​ ព្រោះ​លើស​អាយុ។​

Chhunly Pagenburg មាន​កម្ពស់​១,៧៨ម៉ែត្រ កើត​នៅ​ថ្ងៃ​ទី​១៩​ វិច្ឆិកា ឆ្នាំ​១៩៨៦ នៅ​ក្រុង Nuremberg ប្រទេស​អាល្លឺម៉ង់ ដែល​មាន​ម្ដាយ​ជា​ជន​ជាតិ​កម្ពុជា ឯ​ឪពុក​ជា​ជន​ជាតិ​អាល្លឺម៉ង់។​ កាល​ពី​ឆ្នាំ​២០០៤-២០០៥ Chhunly ​បាន​បង្ហាញ​ខ្លួន​៥​លើក​និង​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​ឲ្យ​ U19​ អាល្លឺម៉ង់​ និង​លេង​បាន​​មួយ​ប្រកួត ក្នុង​ឈុត​ U20 អាល្លឺម៉ង់ ជាមួយ​អ្នកចាំ​ទី​ឆ្នើម Manuel Neuer របស់​ Bayern Munich និង​ Keven Prince Boateng របស់​ Schalke 04៕​