លោក ប៊ូយ ដារី គ្រូ​បង្វឹក​ថ្នាល​យុវជន​ប្រចាំ​ក្លិប​ភ្នំពេញក្រោន នឹង​ដឹកនាំ​កីឡាករ​បាល់ទាត់ ១៧ នាក់​ដើម្បី​ទៅ​ចូលរួម​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ 2013 Asian Youth Football Festa នៅ​ព្រឹក​ថ្ងៃ​ស្អែក ដែល​រៀបចំ​ឡើង​​នៅ​ប្រទេស​ កូរ៉េខាងត្បូង។

ក្រុម​កុមារ​កម្ពុជា​ត្រៀម​ចេញ​ដំណើរ

តាម​លោក ដារី ថា​ការ​ប្រកួត​ក្នុង​កម្មវិធី​ខាង​លើ​មាន​ប្រទេស​ចូលរួម​​ប្រមាណ​ជា ៤២ ប្រទេស​ ក្នុង​គោលបំណង​​បង្កើន​ទំនាក់ទំនង ក៏​ដូចជា ចែក​រំលែក​បទពិសោធន៍ និង វប្បធម៌ ​គ្នា​ទៅ​មករវាង​ក្មេងៗ របស់​ប្រទេស​នីមួយៗ ដោយ​មិន​ផ្ដោត​លើ​ចាញ់​ឈ្នះ​នោះ​ទេ។ ចំណែក​ឯ​វិញ្ញាសា​ដាក់​ឱ្យ​​ប្រកួត​វិញ​មាន​ដូចជា ការ​ប្រកួត​​កុមារ​ក្រោម​​អាយុ ៦ – ៧ ឆ្នាំ ក្រោម​អាយុ ៨ – ៩ ឆ្នាំ និង កុមារ​ក្រោម​អាយុ ១១ – ១២ ឆ្នាំ។ សម្រាប់​ កម្ពុជា ​​ទៅ​ចូលរួម​ប្រកួត​តែ​​ក្នុង​វិញ្ញាសា កុមារ​ក្រោម​អាយុ ១១ – ១២ ឆ្នាំ តែ​ប៉ុណ្ណោះ។

ក្រសួង​អប់រំ​​យុវជន​និង​កីឡា បាន​ស្នើ​ទៅ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ហើយ​សហព័ន្ធ​ បាន​ផ្ដល់​ឱកាស​ឱ្យ​ក្លិប​ភ្នំពេញក្រោន ជា​អ្នក​ធ្វើការ​ជ្រើសរើស​កីឡាករ។ លោក ប៊ូយ ដារី ថា​កីឡាករ​ទាំង​អស់​បាន​ហ្វឹកហាត់​ជុំ​គ្នា​ក្នុង​រយៈពេល​ប្រហែល ៣ សប្ដាហ៍​តែ​ប៉ុណ្ណោះ មុន​ចេញ​ដំណើរ​ស្អែក​នេះ​​។ ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​បាន​ជ្រើស​ចេញ​ពី យុវជន​ថ្នាល​​ក្លិប​ស្វាយរៀង យុវជន​ថ្នាល​ភ្នំពេញក្រោន ​និង យុវជន​មក​ពី​ខេត្ត​បាត់ដំបង ជា​ដើម។

យោង​តាម​លិខិត​ឧទ្ទេសនាម​លេខ ៥៣១៣ អយកឧទន ចេញ​ដោយ​​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​តែងតាំង​​លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំកាយ​និង​កីឡា ជា​ប្រធាន​ប្រតិភូ​ក្រុម​​កីឡាករ​កម្ពុជា​ទៅ​ចូលរួម ខណៈ​ព្រឹត្តិការណ៍ 2013 Asian Youth Football Festa រៀប​ចំ​ចាប់​ពី​ថ្ងៃ​ទី ៣ ដល់ ៦ តុលា ២០១៣ នៅ​ក្រុង Inchoen ប្រទេស​កូរ៉េ​ខាង​ត្បូង​​៕