ទីលាន​បាល់ទាត់​សិប្បនិម្មិត​ The Goal Academy Sports Club & Bar សហការ​ជាមួយ​អង្គការ​ Globalteer Sports Project ក្នុង​ខេត្ត​សៀមរាប​ បាន​ផ្ដួចផ្ដើម​​បង្កើត​ជា​ពានរង្វាន់​បាល់​ទាត់​ហ៊្វូតសាល​  ដែល​កម្មវិធី​មួយ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​អាទិត្យ​ ទី​០៣​ ខែ​វិច្ឆិកា​ ក្នុង​គោលបំណង​រក​ជំនួយ​សប្បុរសធម៌​ ផ្ដល់​ជូន​អង្គការ​ជួយ​ជន​ក្រីក្រ​នានា​នៅ​ក្នុង​ខេត្ត។​

អត្ថបទ​ពាក់ព័ន្ធ៖ ប្រាក់​ខែ​​កីឡាករ​បាល់ទាត់​​​ខ្មែរ​​​ឆ្នាំ​នេះ​ប៉ុន្មាន​​ដែរ?

ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ខាង​លើ​ លោក​ ថោង​ ច័ន្ទសោភឹម​ អ្នក​គ្រប់គ្រង​ទីលាន​បាល់ទាត់​ The Goal ឲ្យ​ដឹង​ថា​ ដោយ​មាន​ការ​សហការ​យ៉ាង​ល្អ​ពី​ Globalteer Sports Project លោក​បាន​ប្រកាស​ជ្រើសរើស​​ក្រុម​ហ៊្វូតសាល​ចំនួន​១៦​ក្រុម ឲ្យ​ចូលរួម​ក្នុង​ពាន​រង្វាន់​សប្បុរសធម៌​មួយ​នេះ។​ ចំណែក​ការ​ដាក់​ពាក្យ​ចូលរួម​ ក្រុម​នីមួយៗ​ត្រូវ​បង់​វិភាគ​ទាន​ចំនួន​១០​ម៉ឺន​រៀល​ចំពោះ​ជនជាតិ​ខ្មែរ​ និង​២០​ម៉ឺន​រៀល​សម្រាប់​ជន​បរទេស។​

ប្រភព​ដដែល​បន្ត​ថា​ ថវិកា​ដែល​ទទួល​បាន​ពី​ការ​ដាក់​ពាក្យ​ប្រកួត​​របស់​ក្រុម​ទាំងអស់​ នឹង​ត្រូវ​ដក​២៥​ភាគរយ​ទៅ​ចំណាយ​លើ​ការ​រៀបចំ​កម្មវិធី។​ ចំណែក​​ថវិកា​នៅ​សល់​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ទៅ​ក្រុម​ជើងឯក​ ប៉ុន្តែ​ក្រុម​មួយ​នោះ​ត្រូវ​ជ្រើសរើស​អង្គការ​ណា​មួយ​ (ក្នុង​ខេត្ត​សៀមរាប​) ដែល​ខ្លួន​ពេញ​ចិត្ត​ ដើម្បី​បរិច្ចាគ​ថវិកា​ទាំងអស់​នោះ​ ទៅ​តាម​កិច្ចសន្យា​​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដាក់​ពាក្យ​ចូលរួម។

បន្ថែម​លើ​នេះ​ ជយលាភី​លេខ​១​ ទទួល​បាន​ពាន​រង្វាន់​មួយ​ និង​លេង​បាល់​៣​ម៉ោង​ឥត​គិត​ថ្លៃ​ ជើង​ឯក​រង​ លេង​បាល់​២​ម៉ោង​ឥត​គិត​ថ្លៃ និង​ចំណាត់ថ្នាក់​លេខ​៣​ លេង​បាល់១​ម៉ោង​ឥត​គិត​ថ្លៃ។

អត្ថបទ​ពាក់​ព័ន្ធ៖ ហេ៎!​ បាន​ឃើញ​ឯក​សណ្ឋាន​ក្រុម U23 កម្ពុជា​​ ត្រៀម BIDC Cup 2013 ហើយ​នៅ?

កាល​ពី​ខែ​សីហា​កន្លង​ទៅ​​ The Goal និង​ Globalteer ធ្លាប់​បង្កើត​ព្រឹត្តិការណ៍​មួយ​នេះ​ម្ដង​រួច​មក​ហើយ​ ពេល​នោះ​ក្រុម​ Team DJ ដែល​ជា​ជើងឯក​​ទទួល​បាន​ថវិកា​៣៥០​ដុល្លារ​ និង​បាន​ផ្ដល់​ជូន​ដល់​កុមារ​កំព្រា​ក្នុង​ សមាគម​សិល្បៈ​ជា​ឱកាស ​នៃ​ការ​អភិវឌ្ឍន៍​ ទាំងអស់។​

ទីលាន​បាល់ទាត់​សិប្បនិម្មិត​ The Goal Academy Sports Club & Bar មាន​ទីតាំង​ស្ថិតនៅ​ក្រោយ​ផ្សារ​សាមគ្គី​ ​សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប។​ អាច​ទំនាក់ទំនង​បាន​តាម​ទូរសព្ទ​លេខ​ ០៦០​ ៦៦​ ៦៦ ០៦​ ឬ​ ០១៧​ ២៥​ ១៩​ ២០​​ ឬ​តាម​រយៈ​ហ្វេសប៊ុក​ The Goal Academy – Sports Club & Bar ៕​
អត្ថបទ៖​ រស់​ កាណាល់​