ប្អូនប្រុសបង្កើត របស់លោកទីប្រឹក្សា ជុំ កុសល ពាក់ឯកសណ្ឋានឈុតអង្គរក្ស ប្រើកាំភ្លើងទំនើបបាញ់បោះសេរី នៅរមណីយដ្ឋានទឹកឆា
ខេត្តកំពង់ចាម ៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកព្រៃឈរ បានឃាត់ខ្លួនមន្ត្រីយោធា មួយក្រុមដែលបានប្រព្រឹត្ត អំពើបាញ់បោះសេរី កាលពីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៣ ហើយក្នុងនោះមាន មន្ត្រីយោធាពាក់ស័ក្តិពីរម្នាក់ត្រូវជាប្អូនប្រុសបង្កើត របស់លោក ជុំ កុសល ដែលទើបតែងតាំងជា ទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រី ក្នុងអាណត្តិថ្មី ប៉ុន្តែករណីបាញ់បោះនោះមិនបណ្តាលឲ្យ ប៉ះពាល់ដល់មនុស្សឡើយ។
លោកអនុសេនីយ៍ឯក ពេជ្រ មឿន មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកព្រៃឈរ បានប្រាប់ក្រុមអ្នករាយការណ៍ ព័ត៌មានថា មន្ត្រីយោធាដែល បានបាញ់បោះសេរី ដោយកាំភ្លើងធុន ទំនើបម៉ាក ឡុក ចំនួនពីរគ្រាប់ នៅសល់ក្នុងបង់ចំនួន ប្រាំពីរគ្រាប់ ឈ្មោះ ចាន់ សុផល មានឋានៈអនុសេនីយ៍ទោ ជាជំនួយការទីចាត់ការហ្វឹកហ្វឺន។ ឈ្មោះ ចាន់ សុផល ដែលគេស្គាល់ថា ត្រូវជាប្អូនប្រុសបង្កើត របស់លោក ជុំ កុសល មានបក្ខពួកចំនួន បី នាក់ផ្សេងទៀត បានធ្វើដំណើរដោយ ម៉ូតូធុនធំចំនួន ពីរគ្រឿង។
ឈ្មោះ ចាន់ សុផល បានឆ្លើយប្រាប់សមត្ថកិច្ចថា ការបាញ់ផ្ទុះអាវុធ ម៉ាកឡុកចំនួន ពីរ គ្រាប់នោះ គឺខ្លួនបាញ់ស្តារ ការណុងលេងទេ គ្មានរឿងអ្វីឡើយ ។ ឈ្មោះ ចាន់ សុផល បានធ្វើសកម្មភាព បាញ់បោះសេរី នៅរមណីយដ្ឋានទឹកឆា ក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៣ ត្រូវនគរបាលស្រុកព្រៃឈរ ឃាត់ខ្លួនបានភ្លាមៗ។
មន្ត្រីយោធាទាំងបួននាក់ ស្ថិតក្នុងឯកសណ្ឋាន ជាឈុតអង្គរក្ស ហើយអ្នកបាញ់ បានដកបង្ហាញលិខិតបញ្ជាបេសកកម្ម ដែលចុះហត្ថលេខា ដោយលោកឧត្តមសេនីយ៍ទោ មាស វណ្ណា នាយករងទីចាត់ការហ្វឹកហ្វឺន នៃអគ្គបញ្ជាការ។ ករណីបង្ក្រាបអំពើបាញ់បោះសេរីនេះ នគរបាលស្រុកព្រៃឈរ បាននាំក្រុមបាញ់បោះសេរី មកប្រគល់ឲ្យ កងរាជអាវុធហត្ថ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភពពី៖ www.watphnom-news.com
0 comments:
Post a Comment