ប្រមាណ​​១៥​ឆ្នាំ​​​គត់​​​ក្រោយ​ការ​ដួល​​រលំ​​​​ទាំង​ស្រុង​​នូវ​របប​​វាល​​ពិឃាដ​ ពោល​​នា​ឆ្នាំ​១៩៩៥​ទើប​​កីឡា​ជាតិ​ខ្មែរ​​បាន​វិល​ទៅ​កាន់​ការ​ប្រកួត​ថ្នាក់​តំបន់​​គឺ​​ ស៊ី​ហ្គេម ដែល​ប្រារព្ធ​នៅ​​​ខេត្ត​ឈៀងម៉ៃ​​​​ប្រទេស​ថៃ​​​ដោយ​​​បាន​ត្រលប់​វិញ​​ជាមួយ​​​​មេដាយ​សំរឹទ្ធ​​២​​។

​ការ​បន្ត​ចូល​រួម​២​​​លើក​បន្ទាប់​ពី​​​ឆ្នាំ ១៩៩៧ ​​នៅ​ឥណ្ឌូណេស៊ី​​ ​និង ១៩៩៩ ​នៅ​​ប្រ៊ុយណេ  ​ក្រុម​កម្ពុជា​​ច្រើន​​​បំផុត​នៅ​តែ​អាច​ត្រឹម​ឈ្នះ​សំរឹទ្ធ​​ដ៏​តិច​តួច​​ ដោយ​មិន​អាច​ហក់​ដល់ ប្រាក់ ឬ​ក៏​មាស​​នោះ​​ឡើយ។ ​សករាជ​​ដែល​​ កីឡា​កម្ពុជា ​បើក​​​កំណត់​ត្រា​យក​មេដាយ​មាស​បាន​មក​វិញ ​គឺ​​ឆ្នាំ​​២០០១ ​នៅ​​​ម៉ាឡេស៊ី​ ហើយ​​កីឡា​ ​ប៉េតង់ ​​​ក្នុង​​ការ​​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​​ជា​​កីឡា​ដែល​​​យក​​កិត្តិយស​​នោះ​បាន​លើ​​​វិញ្ញាសា​ស្ត្រី​២​នាក់​ទល់​២​នាក់​​។​

​ការ​​ឆ្ពោះ​​ទៅ​​​ស៊ីហ្គេម​​​ឆ្នាំ​​២០០១​នោះ​​​ ​ក្រុម​កម្ពុជា​ឈ្នះ​មេដាយ​សរុប​ ៩​​មេដាយ ​ខណៈ​ក្រៅ​ពី​មេដាយ​មាស​មួយ​នោះ ​នៅ​មាន​​​មេដាយ​​ប្រាក់​មួយ​ និង​មេដាយ​សំរឹទ្ធ​ខ្លះ​ទៀត​​​ជា​ចំណែក​របស់​ ប៉េតង់ និយាយ​ឲ្យ​ចំ មេដាយ​​​​ស្ទើរ​តែ​ទាំង​អស់​​​​​យក​បាន​ដោយ​​​​ ប៉េតង់​។

ក្រោយ​មក​ទៀត​​​បើ​ផ្ដោត​លើ​​​លទ្ធភាព​យក​​មេដាយ​មាស​​​​របស់​ក្រុម​កម្ពុជា​​ គឺ​​នៅ​តែ​​ស្ថិត​​ក្នុង​​​​​​​សភាព​ខ្សត់ខ្សោយ​​​​​ដោយ​​​មិន​អាច​យក​បាន​មេដាយ​មាស​លើស​១​​ឡើយ​។ ​​​​លុះ​ដល់​​ស៊ីហ្គេម​​២០១១​ ទើប​ក្រុម​កម្ពុជា​អាច​បង្កើន​បរិមាណ​មេដាយ​មាស​ដល់​៨​ ​​ដែល​រក​បាន​ដោយ ប៉េតង់ ​រួម​ជាមួយ​កីឡា​​ថ្មី​​ពីរ​មុខ​ទៀត​គឺ កេមប៉ូ និង​ វ៉ូវីណាម។

កីឡា​កេម​ប៉ូ កម្ពុជា កាល​​ឈ្នះ​មេដាយ​មាស​​ស៊ីហ្គេម ២០១១ នៅ​ឥណ្ឌូណេស៊ី

បើ​និយាយ​ពី​ដើម​ចម​វិញ ស៊ីហ្គេម ត្រូវ​​រៀប​ចំ​ដំបូង​បង្អស់​នៅ​ឆ្នាំ​​ ១៩៥៩ នៅ​ទីក្រុង​បាង​កក ​ដែល​មាន​ឈ្មោះ​ដើម​ថា Southeast Asian Peninsular Games (SEAP Games)​  មុន​ពេល​ប្ដូរ​​មក​ជា Sea Games ​រហូត​ដល់​បច្ចុប្បន្ន​​នៅ​ឆ្នាំ ១៩៧៧។ ​​នៅ​រដូវ​កាល​​ទី​១​​​ក្រុម​ កម្ពុជា ​មិន​​បាន​បញ្ជូន​កីឡាករ​ទៅ​​ចូល​រួម​​ទេ តែ​នៅ​២​​​​ឆ្នាំ​បន្ទាប់ ពោល SEAP Games លើក​ទី​២​​​នៅ​​ប្រទេស​​ មីយ៉ាន់ម៉ា ​​ទើប​ក្រុម​កម្ពុជា​បាន​ទៅ​ចូល​រួម​​នឹង​​បាន​ឈ្នះ​​​​មេដាយ​ មាស​១ ប្រាក់​​៦​ និង​សំរឹទ្ធ​៤ មក​​វិញ​។

​​ឯ​​​សម័យ​កាល​​​ដែល​គេ​កត់​​សម្គាល់​​​ថា ​​​កីឡា​ខ្មែរ​​រីក​ចម្រើន​ខ្លាំង​​​​នោះ​គឺ​កាល​​ SEAP Games  ​លើក​ទី​៣​​​ឆ្នាំ​១៩៦៥​​នៅ​ ម៉ាឡេស៊ី ដែល​​កម្ពុជា​​ដណ្ដើម​​​​បាន​មេដាយ​ មាស​​រហូត​ដល់​១៥ ប្រាក់​១៩​​និង​សំរឹទ្ធ​ ១៧។ ​ព្រឹត្តិការណ៍​​២​លើក​បន្ទាប់​ កម្ពុជា មិន​បាន​​ទៅ​ចូល​រួម​ទេ។ ​លុះ​​ក្រោយ​នោះ​បន្តិច​​ ពោល​​នៅ​សម័យ​សាធារណរដ្ឋ​ ​ក្រុម​កីឡា​​​កម្ពុជា ​បាន​​​កត់​ត្រា​​​ចុះ​នូវ​កំណត់​ត្រា​ដ៏​ខ្លាំង​ជាង​គេ​​​​របស់​ខ្លួន ពោល​​​យក​បាន​​មេដាយ​​មាស​១៧ ប្រាក់​១៨​និង​សំរឹទ្ធ​១៨​​ក្នុង​ការ​ចូល​រួម​ប្រជែង​​​ SEAP Games ​នៅ​​​​កូឡាឡាំពួរ​​​​ប្រទេស​ម៉ាឡេស៊ី​​ឆ្នាំ​១៩៧១។ ​នោះ​ជា​កំណត់ត្រា​​ជោគជ័យ​បំផុត​របស់​កម្ពុជា មុន​ពេល​ដែល​​រាល់​រចនា​សម្ព័ន្ធ​​គ្រប់​មុខ​ត្រូវ​បាន​​វាយ​បំផ្លាញ​ដាប​ដល់​​ចំណុច​​​​ស្ទើរ​ក្រោម​​​សូន្យ​​ក្នុង​របប​អាវ​ខ្មៅ។

ងាក​មក​កាន់ ស៊ីហ្គេម រដូវ​កាល​ទី​​២៧​នៅ​ មីយ៉ាន់ម៉ា ចុង​ឆ្នាំ​២០១៣​នេះ​វិញ​​ ក្រសួង​អប់រំ​យុវជន​និង​កីឡា ​បាន​ដាក់​ចេញ​​ផែន​ការ​បង្កើន​ចំនួន​មេដាយ​មាស​ឲ្យ​​ដល់​២​ខ្ទង់​ ពោល​​​ចាប់​ពី​១០គ្រឿង​​ឡើង ខណៈ​ក្រុម​​កីឡាករ​​និង​ប្រតិភូ​​​ពាក់ព័ន្ធ​ត្រូវ​បាន​​បញ្ចេញ​ទិន្នន័យ​ថា​​​​​​នឹង​​​បញ្ជូន​​ទៅ​​លើស​ ស៊ីហ្គេម​២០១១​ ប្រមាណ​​៣៤​នាក់៕