Breaking News
Loading...
Tuesday, October 29, 2013

មន្រ្តីយោ​ធា​ឈរ​ជើង​នៅ​ព្រំដែន​ស្រុក​សាលា​ក្រៅ ​២​នាក់ ​ផ្ទុះ​មីន​ ម្នាក់​ដាច់​ម្រាម​៣ ​ម្នាក់​ទៀត​របួស​ស្រាល​


ខេត្តប៉ៃលិន ៖ យោធា ២នាក់ ជាមិត្តភក្តិនឹងគ្នា ដែលឈរជើងនៅព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ត្រូវបានក្រុមគ្រួសារប្រើឲ្យទៅឆ្ការ ស្មៅដំឡូងមីនៅខាងលិចបន្ទាយ ខណៈយកកាំបិតឆ្ការស្មៅ ក៏កាប់ចំគ្រាប់មីនប្រភេទផ្កាចាន់ បណ្តាលឲ្យផ្ទុះត្រូវបុរស ម្នាក់របួសដាច់ម្រាមឆ្វេងអស់ ៣ម្រាម ត្រូវគេបញ្ជូនទៅសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្ត និងម្នាក់ទៀតរងរបួសស្រាល លាងរបួសនៅផ្ទះខ្លួនឯង។

ហេតុការណ៍ផ្ទុះមីននេះ បានកើតឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៧ តុលា ២០១៣ ស្ថិតនៅចំណុចខាងលិច បន្ទាយយោធាប្រហែល ៥០ម៉ែត្រ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ មន្រ្តីយោធាទាំងពីរនាក់ ទី១ ឈ្មោះ ហឿង ប៊ុនណាត អាយុ ២០ឆ្នាំ រងរបួសដាច់ម្រាមដៃឆ្វេងអស់ ៣ម្រាម និងរបួសសុសពេញផ្ទៃមុខ រស់នៅភូមិកើតហេតុខាងលើ ទី២ ឈ្មោះ សា វុធ អាយុ ២១ឆ្នាំ រស់នៅជាមួយគ្នា រងរបួសស្រាល។

តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ ហឿង បុនណាត បានរៀបរាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ ខណៈរូបគេនៅក្នុងបន្ទាយយោធា ស្រាប់តែឪពុកម្តាយបានផ្តាំផ្ញើតាមបុរសអ្នកជិះម៉ូតូម្នាក់ ឲ្យរូបគេទៅមើលកាប់ស្មៅនៅក្នុងចម្ការដំឡូងមី ពេលឮដូច្នោះ រូបគេក៏បានបបួលមិត្តភក្តិម្នាក់ទៀត ដែលជាយោធាដូចគ្នាឲ្យទៅជួយ កាត់ស្មៅក្នុងចម្ការរបស់ខ្លួនដែរ។

លុះកាត់តាំងពីព្រឹករហូតដល់ថ្ងៃរសៀល ស្រាប់តែកាប់ត្រូវចំគ្រាប់មីន ដែលកប់ក្នុងដីនៅក្នុងស្មៅក្បែរចម្ការ បណ្តាលឲ្យផ្ទុះលាន់យ៉ាងខ្លាំង ហើយអំបែងបានខ្ទាតត្រូវដៃខាងឆ្វេងរបួសគេដាច់អស់ ៣ម្រាម ភ្លាមៗនោះ ត្រូវបានយោធានៅក្នុងបន្ទាយចេញទៅជួយដឹករូប គេតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកមិត្តភក្តិម្នាក់ទៀត រងរបួសស្រាល ទៅលាងរបួសនៅឯផ្ទះ។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៣ នេះ ករណីផ្ទុះមីនកប់នៅក្នុងដីនៅខេត្តប៉ៃលិន មានចំនួន ៣ករណី ហើយ តែមិនបណ្តាលឲ្យនរណាម្នាក់បាត់បង់ជីវិតនោះទេ គ្រាន់តែរងរបួសដាច់ដៃដាច់ជើងប៉ុណ្ណោះ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved