ស្រប​ពេល​ដែល​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស ​កំពុង​ចូល​រួម​​​ការ​​រម្លឹក​ខួប​១​ឆ្នាំ ​នៃ​​​ការ​យាង​សោយ​​​ទិវង្គត​​​​​ព្រះ​បរមរតន​កោដ្ឋ សម្តេច​ព្រះនរោត្តម ​សីហនុ ​អតីត​ព្រះមហាក្សត្រ​កម្ពុជា និង​មេដឹក​នាំ​នយោបាយ​ដ៏​មាន​ឥទ្ធិពល ​នៅ​កម្ពុជា​ ថ្ងៃ​នេះ​យើងខ្ញុំ​សូម​ដក​ស្រង់​ព្រះរាជ​ប្រវត្តិ​​​សង្ខេប​​របស់​ព្រះអង្គ​ចែក​ជូន​មិត្ត​​អ្នក​​អាន​បាន​ជ្រាប​។

ព្រះ​បរមរតន​កោដ្ឋ ​ព្រះករុណា​​ព្រះបា​ទ ​​សម្ដេច​ព្រះ​នរោត្ដម ​សីហនុ​ ព្រះ​មហាវីរ​ក្សត្រ​នៃ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ព្រះអង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ​១១ ​កើត ​ខែ​កត្តិ​ក ឆ្នាំច ​ចត្វា​ស័ក ព.ស.២៤៦៥ ​ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​១៩២២​ នៅ​រាជធានី​ភ្នំពេញ ​ព្រះ​រាជា​ណាចក្រកម្ពុជា​។​ព្រះអង្គ​ជា​ព្រះរាជ​បុត្រ​របស់​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះនរោត្តម​ ​សុរាម្រិត ​និង​ព្រះ​មហាក្សត្រី​យានី ​ស៊ីសុវត្ថិ មុនីវង្ស កុសមៈ​នារីរ័ត្ន ​សិរិវឌ្ឍនា​។​

​ឆ្នាំ​១៩៣០ ​ដល់​ឆ្នាំ​១៩៤០​ ​ព្រះ​អង្គ​បាន​ចូល​សិក្សា ​នៅ​សាលា​បឋម​សិក្សា​ហ្វ្រង់ស័រ ​បូឌូអ៊ីន​( Francois Baudoin) និ​ង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រុង​​ភ្នំពេញ​​។ បន្ទាប់​មក ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​បារាំង សាសលូឡូបា (Lycée Chasseloup Laubat) នៅ ​ព្រៃ​នគរ (វៀត​ណាម​ខាង​ត្បូង)។ នៅ​ឆ្នាំ​១៩៤៦ និង​១៩៤៨ ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​ជាន់​ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថ​ពាស​ដែក​ នៅសូមួរ (Saumur) ​ប្រទេស​បារាំង។

នៅ​ថ្ងៃ​ទី​២៣​ មេសា ​១៩៤១ ​ក្រោយ​ពី​ព្រះ​អយ្យកោ​ ព្រះ​បាទ​ស៊ីសុវត្ថិ​ ​មុនីវង្ស​ ​ចូល​ទិវង្គត​​ សម្តេច​ព្រះ​នរោត្តម​សីហនុ ​ដែល​កាល​នោះ​​មាន​ព្រះ​ជន្ម ១៨​ព្រះវស្សា​ ត្រូវ​បាន​ក្រុម​ប្រឹក្សា​ព្រះ​រាជ​សម្បត្តិ​ក្នុង​សម័យ​នោះ បាន​ជ្រើស​តាំង ​និង​ថ្វាយ​ព្រះ​ឋានៈ​ព្រះអង្គ​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រ​ កម្ពុជា​។ ​ព្រះអង្គ​ឡើង​គ្រងរាជ្យ​សម្បត្តិ​នៅ​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​១៩៤១​។​ខណៈ​នោះ​ប្រទេស​កម្ពុជា​ ស្ថិត​នៅ​ក្រោម​អាណានិគម​បារាំង​ ​និង​ជា​ផ្នែក​មួយ​ ​នៃ​តំបន់​ឥណ្ឌូចិន​របស់​បារាំង។​

នៅ​ខែ​មីនា​ ឆ្នាំ​១៩៤៥ ​ពេល​ដែល​ជប៉ុន ​បាន​កាន់​កាប់​តំបន់​ឥណ្ឌូចិន ​សម្តេច​ព្រះ​នរោត្តម​ ​សីហនុ​ បាន​ប្រកាស​ឯករាជ្យ​កម្ពុជា​។​ខុស​ពី​ស្តេច​បៅ ​ដាយ​ ​របស់​វៀត​ណាម​ ​សម្តេច​ព្រះនរោត្តម ​សីហនុ ​មិន​បាន​សហការ​ជាមួយ​ជប៉ុន​ទេ​។ ​ជប៉ុន ​បាន​តែង​តាំង​លោក​សឺន​ ង៉ុក​ថាញ់ ​ដែល​ខណៈ​នោះ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​។ ​ក្រោយពី​ជប៉ុន​​ចាញ់​សង្គ្រាម​ ​សឺន ​ង៉ុក​ថាញ់​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​តុលា ​ឆ្នាំ​១៩៤៥។​ ​ខណៈ​ដែល​សម្តេច​ព្រះ​នរោត្តម​ ​សីហនុ​ ដែល​នៅ​ចាត់​ទុក​បារាំង​ជា​សម្ព័ន្ធ​មិត្ត​ ​នៅ​បន្ត​គ្រង​​រាជ្យ​តទៅ​ទៀត​។

ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ ​ក្នុង​ឆ្នាំ​១៩៤៧ ​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម ​សីហនុ ​ព្រះ​អង្គ​បាន​ទទួល​​ជោគជ័យ​​ក្នុង​ការ​ទាម​ទារ​ឲ្យ​រាជាណាចក្រ​ថៃ ​​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ ជា​ដាច់​ខាត​នូវ​ខេត្ត​​ខ្មែរ ដែល​ថៃ បាន​​យក​ពី​​កម្ពុជា​​​​ ក្នុង​​អំឡុង​ពេល​​​សង្គ្រាម​​លោក​​លើកទី​​២ ​ថៃ ​គឺ​ខេត្ត​បាត់​ដំបង​ សៀម​រាប​ ​កំពង់​ធំ ​និង​ស្ទឹង​ត្រែង​។

ឆ្នាំ​១៩៤៩​ ​ព្រះ​អង្គ​បាន​ទាម​ទារ​ឲ្យ​ប្រទេស​​បារាំង​បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ ដែល​បាន​ចុះ​ហត្ថលេខា​នៅឆ្នាំ​១៨៦៣​ ​និង​ឆ្នាំ​១៨៨៤​។​នៅ​ឆ្នាំ​១៩៤៩​ ដដែល​​ ​ព្រះ​អង្គ​​បាន​ឡាយ​ព្រះហត្ថ​លេខា លើ​សន្ធិ​សញ្ញា​​ឯករាជ្យ​ ​ដែល​ប្រទេស​បារាំង​ព្រម​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ ព្រះ​រាជ​អាណា​ចក្រ​កម្ពុជា​។​សន្ធិ​សញ្ញា​ឆ្នាំ​១៩៤៩​ ​នេះ ​លុប​ចោល​នូវ​សន្ធិ​សញ្ញា​អាណាព្យាបាល​ឆ្នាំ១៨៦៣​ និង​ឆ្នាំ​១៨៨៤។

នៅ​ថ្ងៃ​ទី​១៥ ​ខែ​មិថុនា ឆ្នាំ​១៩៥២ ​ព្រះ​បាទ​នរោត្តម​ ​សីហនុ​វរ្ម័ន ​ទ្រង់​បាន​ថ្លែង​ជា​​ឱឡារិក​​ថា ​ព្រះអង្គ​​​នឹង​​​ខិត​​​ខំ​​​ស្វែង​រក​​ឯក​រាជ្យ​​បរិបូរ​​ជូន​​ជាតិ ​មាតុ​ភូមិ​ឲ្យ​​បាន​​ដាច់​​ខាត​​ក្នុង​​រយៈ​ពេល​​​៣​​ ឆ្នាំ​។​ក្នុង​ពេល​នោះ ដោយ​មាន​សហការី​ជួយ​គាំទ្រ​ផង​ ​ព្រះ​អង្គ​ទ្រង់​យាង​ទៅ​កាន់​ប្រទេស​បារាំង​ក្នុង​ខែ​កុម្ភៈ​១៩៥៣។​នៅ​​ទី​នោះ ​ព្រះ​អង្គ​​បាន​​ផ្ញើ​​សារ​លិខិត​​ជូន​លោក​ វ៉ាំងសង់អូរីយ៉ូល ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​ ចំនួន​៣​លើក ​ប៉ុន្តែ​ដោយ​​រដ្ឋាភិបាល​បារាំង​ពុំ​បាន​អើ​ពើ​អ្វី​នឹង​សំណើ​នោះ ​ព្រះអង្គ​ទ្រង់​សម្រេច​ព្រះទ័យ​យាង​ទៅ​ធ្វើ​យុទ្ធ​នា​​ការ​​​​​ទាម​​ទារ​​ឯក ​រាជ្យ​​នៅ​ក្នុង​ប្រទេស​កាណាដា និង​សហរដ្ឋ​អាមេរិក​ទៀត។​នៅ​កាណាដា ​ក្នុង​ទីក្រុង​ម៉ុងត្រេអាល់ ​ព្រះអង្គ​​បាន​ថ្លែង​ទៅ​ពួក​អ្នក​សារព័ត៌មាន​ដោយ​សង្កត់​​ធ្ងន់​លើ​បញ្ហា​ ពីរ​ទាក់​ទង​នឹង​រាជាណាចក្រ​កម្ពុជា​ ​និង​ប្រទេស​បារាំង ​ដែល​ជា​តំណាង​ប្រទេស​លោក​សេរី ​ក្នុង​ឥណ្ឌូចិន៖​ទី១ ​គឺ​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​កុម្មុយនិស្ត ​និង​ទី​២ គឺ​បញ្ហាឯក​រាជ្យ​បរិបូរ​ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា។

យោង​លើ​បញ្ហា​នេះ​ ព្រះអង្គ​ទ្រង់​បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​ពុំ​ត្រូវ​ការ​របប​កុម្មុយ​និស្ត​ទេ​ ​ព្រោះ​ថា​ប្រជា​ពល​រដ្ឋ​ខ្មែរ​ម្នាក់ៗ​សុទ្ធ​តែ​មាន​ដី​ធ្លី​ជា​កម្ម​សិទ្ធិ​ ​សម្រាប់​បង្ក​បង្កើន​​ផល​របស់​ខ្លួន។​បញ្ហា​ដែល​គេ​ចង់​បាន​នោះ​គឺ​ ឯករាជ្យ​បរិបូរ​សម្រាប់​ប្រទេស​ជាតិ​។​ចំណែក​ពួក​កុម្មុយនិស្ត ​គេ​មើល​ឃើញ​ថា​ ប្រទេស​កម្ពុជា​ ​ជាទី​តាំង​មួយ​ប្រសើរ​​សម្រាប់​​ពួក​​គេ​។ ​

នៅ​សហរដ្ឋ​អាមេរិក ព្រះអង្គ​ទ្រង់​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ ដែល​ត្រូវ​បាន​សារ​ព័ត៌មាន​​ដ៏​ធំ​មួយ​ឈ្មោះ​ ​ញូវយ៉ក​ថែមស៍​(New York Times) ចុះ​​ផ្សាយ​ក្នុង​ទំព័រ​ទី​១​ ​របស់​​គេ​ នៅ​ថ្ងៃ​ទី​ ​១៩​ ខែ​មេសា​ ឆ្នាំ​១៩៥៣ ​ដែល​​ធ្វើ​​ឲ្យ​​ពិភព​​លោក​ទាំង​​មូល​ ​មាន​​ការ​​ភ្ញាក់​​ផ្អើល​។​ខ្លឹម​សារ​គឺ “​បើ​​បារាំ​ង​​មិន​យល់​​ព្រម​ប្រគល់​ឯករាជ្យ​ឲ្យ​កម្ពុជា​ទេ​នោះ​នឹ​ង​មាន​គ្រោះ​ថ្នាក់​​មួយ​​យ៉ាង​ពិត​ប្រាកដ ​គឺ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ក្រោក​ឈរ​ឡើង​ប្រឆាំង​នឹង​បារាំង ​ហើយ​គេ​នឹង​ងាក​ទៅ​រក​ចលនា​វៀត​មិញ ​ដែល​ដឹកនាំ​ដោយ​ពួក​កុម្មុយនិស្ត​”។​ក្នុង​ករណី​​មាន​​ការ​គំរាម​កំហែង​ ​ប្រជាពល​រដ្ឋ​ប្ដេជ្ញា​ថា​ ​”​ពួក​បារាំង​ទាំង​អស់​ ដែល​នៅ​ក្នុង​ស្រុក​ខ្មែរ​ ​នឹង​ត្រូវ​ឡោម​ព័ទ្ធ ​ហើយ​ជីវិត​ចុង​ក្រោយ​របស់​ពួក​គេ​នឹង​មក​ដល់។

ព្រះ​បញ្ញា​ញាណ​ខាង​លើ​នេះ​ ​បាន​ធ្វើឲ្យ​មតិ​សកល​លោក​ពិសេស​​បស្ចិម​​ប្រទេស​ ​បាន​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​បារាំង​ព្រម​ចូល​រួម​ធ្វើ​ការ​ចរចា​ជាមួយ​ រដ្ឋាភិបាល​កម្ពុជា​ ស្ដី​ពី​ឯករាជ្យ​បរិបូរ​​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។​នៅ​ថ្ងៃទី​០៩ ​ខែ​វិច្ឆិកា ​ឆ្នាំ​១៩៥៣ ​ដោយ​ស្នា​ព្រះហស្ត​ដ៏​ឧត្ដុង្គ​ឧត្ដម​របស់​ព្រះអង្គ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​ឯក​រាជ្យ​ទាំង​ស្រុង​​ពី​​សាធារណ​រដ្ឋ​ បារាំង។​ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស ​សូម​ថ្វាយ​ព្រះ​កិត្តិ​នាម​ព្រះអង្គ​ជា ​”​ព្រះមហា​វីរបុរស​ជាតិ-​ព្រះបិតា​ឯករាជ្យ​ជាតិ”។

ប៉ុន្តែ​ជាង​ ១០​ឆ្នាំ​ក្រោយ​មក​ ​នៅ​ថ្ងៃ​ទី​០២ ​ខែ​មីនា ​ឆ្នាំ​១៩៥៥ ​ព្រះ​អង្គ​បាន​ដាក់​រាជ្យ​ថ្វាយ​ព្រះបិតា​​ព្រះអង្គ​វិញ​។​ចាប់​ពី​ពេល​នោះ​មក ទ្រង់​ក៏​បាន​បង្កើត​នូវ​ចលនា​មួយ​ហៅ​ថា «សង្គម​រាស្ត្រ​​និយម» ​គឺ​ក្នុង​អំឡុង​ឆ្នាំ​១៩៥៥ ដែល​មាន​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​ខ្មែរ​នៅ​ពេល​នោះ​ ​ហើយ​បាន​នាំ​គ្នា​បោះឆ្នោត​ថ្វាយ ​ដើម្បី​ឲ្យ​ព្រះអង្គ​ធ្វើ​ជា​ព្រះ​ប្រមុខ​រដ្ឋ​ដឹក​នាំ​ប្រទេស​​​កម្ពុជា។​ហើយ​​ពេល​​នោះ ​ព្រះ​អង្គ​ ​ក៏​បាន​ទទួល​​ព្រះ​បរម​ងារ​​ថា «សម្ដេច​​ព្រះ​ឧប​យុវ​រាជ»។

បើ​ទោះ​បី​ជា​មាន​ការ​លើក​សរសើរ​នូវ​គុណ​សម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​ សម្ដេច ​នរោត្តម ​សីហនុ​ យ៉ាង​នេះ​ក៏​ដោយ ​ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ​ ក៏​មាន​ប្រជា​ពលរដ្ឋ​ ​និង​អ្នក​នយោបាយ​​​​ធំៗ​​ជាច្រើន​នាក់​ទៀត ដែល​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ព្រះអង្គ​ ក្នុង​សម័យ​នោះ ​មិន​បាន​ពេញ​ចិត្ត​ ​និង​គោល​នយោបាយ​ដឹក​នាំ​ប្រទេស​របស់​ព្រះអង្គ​ទេ​ ​ពិសេស​​​​គឺ​​នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​។​ក្នុង​ពេល​នោះ ​គេ​ឃើញ​ថា​ ​ព្រះ​អង្គ​បាន​ដើរ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជារាស្ត្រ បណ្ដោយ​ឲ្យ​ជន​បរទេស​មាន​វៀតណាម​ ​ជាដើម​ចូល​មក​​លុក​លុយ​ប្រទេស​កម្ពុជា។

ការ​ថ្នាំង​ថ្នាក់​ផ្ទុយ​គំនិត​គ្នា​នោះ​ ​រហូត​ដល់​មាន​ធ្វើ​រដ្ឋ​ប្រហារ ​ដែល​ដឹក​នាំ​ដោយ​លោក​សេនា​ប្រមុខ លន់ នល់ និង​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ​​ ដែល​ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​សម្តេច​ព្រះនរោត្តម សីហនុ ​​​​ទម្លាក់​​​ព្រះអង្គ​ចេញ​ពី​តំណែង​ព្រះប្រមុខ​រដ្ឋ ​នៅ​ថ្ងៃ​ទី​១៨ ​ខែ​មីនា ឆ្នាំ​១៩៧០ ​ខណៈ​​ពេល​ដែល​ព្រះអង្គ​បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បរទេស ​​ដោយ​បង្កើត​​រដ្ឋាភិបាលថ្មី​មួយ​ឈ្មោះ​ សាធារណរដ្ឋ​​ខ្មែរ​ ។​រដ្ឋាភិបាល​ថ្មី​​នេះ​ ​ត្រូវ​បាន​ទទួល​ស្គាល់​​ដោយ​​សហរដ្ឋ​​អាមេរិក ។

ក្រោយ​ពី​បណ្ដេញ​ចេញ​ពី​អំណាច​ ​សម្តេច​ព្រះ​នរោត្តម ​សីហនុ ​បាន​ភៀស​ព្រះ​កាយ​ទៅ​ក្រុង​ប៉េកាំង​ និង​បាន​បង្កើត​រណសិរ្យ​រួប​រួម​ជាតិ​កម្ពុជា​(Front Uni National du Kampuchéa – FUNK) និង​ចាប់​ផ្តើម​គាំទ្រ​ខ្មែរ​ក្រហម​ ​ដើម្បី​ផ្ដួល​​រំលំ​របប​គ្រប់​គ្រង​លន់​ នល់ ​នៅ​ភ្នំពេញ​។​ព្រះ​អង្គ​បាន​ផ្តួច​ផ្តើម​​បង្កើត​រាជរដ្ឋាភិបាល​​រួប​រួម​ជាតិ​កម្ពុជា​​(Gouvernement Royal d’Union Nationale du Kampuchéa)​មួយ​ ដែល​មាន​ក្រុម​ខ្មែរ​ក្រហម​ចូល​រួម​ផង​ដែរ​។
ក្រោយ​ពី​សម្តេច​ព្រះ​នរោត្តម​ ​បាន​បង្ហាញ​ការ​គាំទ្រ​ខ្មែរ​ក្រហម​ ដោយ​បាន​យាង​សាក​សួរ​ពួក​គេ​ដល់​សមរភូមិ​ ​កង​កម្លាំង​ខ្មែរ​ក្រហម​ ​ដែល​ពី​មុន​មាន​តែ​៦.០០០​នាក់​ បាន​កើន​ឡើង​ដល់​ទៅ​៥០.០០០​នាក់​។​កង​កម្លាំង​ប្រយុទ្ធ​ថ្មី​នេះ​ ​ជា​​ក្រុម​ប្រជា​កសិករ​ ​ដែល​គាំ​ទ្រ​សម្តេច​ព្រះនរោត្តម​ ​សីហនុ ​មិន​មែន​ក្រុ​ម​កុម្មុយ​និស្ត​ទេ។

ក្រោយ​ពីរ​បប​សាធារណរដ្ឋ​ខ្មែរ​បាន​ដួល​រលំ​ក្រោម​កណ្តាប់​ដៃខ្មែរ​ក្រហម​ ​នៅ​ខែ​​មេសា ឆ្នាំ​​១៩៧៥​ សម្តេច​ព្រះនរោត្តម ​សីហនុ ​ជា​និមិត្ត​រូប​ ​នៃ​របប​គ្រប់​គ្រង​ថ្មី ​ខណៈ​ដែល​ប៉ុល ​ពត​ ​នៅ​តែ​បន្ត​កាន់​កាប់​អំណាច​ដដែល។​សម្តេច​ព្រះនរោត្តម​ ​សីហនុ ​មាន​ព្រះ​ជីវភាព​ ​ដូច​មេដឹក​នាំ​ចូល​និវត្តន៍​ម្នាក់​អ៊ីចឹង​ ។
នៅ​ថ្ងៃ​ទី​៤​ ខែ​មេសា ​១៩៧៦​ ​ក្រុម​ខ្មែរក្រហម​ ​បាន​បង្ខំ​ឲ្យ​​ព្រះ​អង្គ​ចេញ​ពី​អំណាច ​និង​ចូល​និវត្តន៍​ម្តង​ទៀត​។​ ​ក្រោយ​ពី​កងទ័ព​វៀត​ណាម  ​ចូល​លុក​លុយ​ប្រទេស​កម្ពុជា​​នៅ​ខែ​​ធ្នូ​ ឆ្នាំ​១៩៧៨ និង​បាន​​បណ្តេញ​​របប​ប៉ុល ពត​​​ នៅ​ថ្ងៃ​ទី​៧​ ខែ​មករា ឆ្នាំ​១៩៧៩ ​និង​បង្កើត​​រដ្ឋាភិបាល​​សាធារណរដ្ឋ​​ប្រជាមានិត​​កម្ពុជា(​រដ្ឋា​ភិបាល​​​ ហេង សំរិន ) ​សម្តេច​​ព្រះនរោត្តម បាន​​ទាម​​ទារ​​កៅអី​​អង្គការ​​សហ​ប្រជាជាតិ​ ​ដែល​​នៅ​​ទំនេរ ​ដែល​​ទាំង​របប​ប៉ុល ​ពត ​និង​រដ្ឋាភិបាល​​​ សម្តេច​ ហេង ​សំរិន​ ​ពុំ​មាន​សិទ្ធិ​​កាន់​កាប់​។

សម្តេច​ព្រះ​នរោត្តម សីហនុ បាន​ចូលរួម​ជាមួយ​ក្រុម​ខ្មែរ​ក្រហម​ម្តង​ទៀត ដើម្បី​បង្កើត​រណសិរ្យ​មួយ​ប្រឆាំង​នឹង​​ការ​កាន់​កាប់​របស់​វៀតណាម និង​បាន​​ក្លាយ​​ជា​​ព្រះ​ប្រធាន​នៃ​រដ្ឋាភិបាល​ចម្រុះ​កម្ពុជា​ ប្រជាធិបតេយ្យ ​ដែល​​មាន​សមាសភាព​ត្រីភាគី​ពី​ចលនា​សីហនុ​និយម​របស់​ព្រះអង្គ រណសិរ្យ​ជាតិ​រំដោះ​​ប្រជាពលរដ្ឋ​ខ្មែរ​​ ដឹកនាំ​ដោយ​លោក​​សឺន ​សាន​ ​និង​ក្រុម​ខ្មែរ​ក្រហម​។​

នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៩១​ ​សម្តេច​ព្រះនរោត្តម សីហនុ ​បាន​យាង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ក្រោយ​ពី​ភាគី​ជម្លោះ​កម្ពុជា​ទាំង​អស់ ​បាន​ចុះ​​ហត្ថលេខា​​​​សន្តិភាព​នៅ​ទី​ក្រុង​ប៉ារីស​ ​ប្រទេស​បារាំង​ នា​ថ្ងៃ​ទី​​២៣ ខែ​តុលា ឆ្នាំ​១៩៩១​។ ​​ ព្រះ​អង្គ​ត្រូវ​បានា​បាន​វិល​ត្រឡប់​មក​គ្រង​រាជ្យ​នៅ​ប្រទេស​កម្ពុជា សាជា​ថ្មី​វិញ ​កាល​ពី​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩​៣ ​ក្រោយពី​មាន​​​ការ​​បោះ​ឆ្នោត​​​ជាតិ​មួយ ​ដែល​រៀប​ចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ ​និង​មាន​ការ​បង្កើត​របប​គ្រប​គ្រង​ថ្មី​ ​រាជានិយម​អាស្រ័យ​សភា​។

​ព្រះ​អង្គ​​បាន​ដាក់​រាជ្យ​វិញ​ នៅ​ថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ ​២០០៤ ​ដោយ​ហេតុផល​ព្រះសុខភាព​ទន់ខ្សោយ​ មាន​ព្រះរោគ និង​​តែង​តែ​​ទៅ​សម្រាក​ព្យាបាល​ព្រះរោគ​មហារីក ទឹក​នោម​ផ្អែម និង​លើស​ឈាម ជាញឹក​ញាប់​នៅ​​ក្រុង​​ប៉េកាំង។​ក្រោយ​ពីការ​ដាក់​រាជ្យ ព្រះអង្គ​ត្រូវ​បាន​គេ​ថ្វាយ​ព្រះនាម​ថា ព្រះមហាវីរក្សត្រ ។​ ខណៈ​ដែល​ព្រះរាជ​បុត្រ​ព្រះអង្គ គឺ​ព្រះអង្គ​ម្ចាស់ នរោត្តម សីហមុនី ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ជ្រើស​រើស ជា​ព្រះមហាក្សត្រ​ថ្មី​​នៃ​​ប្រទេស​កម្ពុជា ។

នៅ​វេលា​ម៉ោង​១ ​និង​២0​នាទី ​ឈាន​ចូល​ថ្ងៃ​ទី​១៥​ ខែ​តុលា ​ឆ្នាំ​២០១២​ ​បន្ទាប់​ពីយាង​ទៅ​សម្រាក​ព្យាបាល​​ព្រះ​រោគ​​​នៅមន្ទីរពេទ្យ​ ​ក្នុង​ក្រុង​​ប៉េកាំង​ ​សម្តេច​ព្រះនរោត្តមសីហនុ​ ​បាន​ចូល​ទីវង្គត​។​

ក្នុង​ឱកាស​ថ្វាយ​ព្រះ​ភ្លើង​ ​ព្រះ​បរមរតនកោដ្ឋ​នេះ​ ​ទឹក​ភ្នែក​កូន​ចៅ​ ​ចៅ​ទួត ​ហូរ​សស្រាក់​ជោក​ផែន​ថ្ពាល់​ ​ដែល​ជា​ទឹក​ភ្នែក​តំណាង​ឱ្យ​ការ​សោក​ស្តាយ​ ​អាឡោះ​អាល័យ​យ៉ាង​ធ្ងន់​ពន់​ប្រមាណ​​។​ពិសេស ពេល​បាន​ឃើញ​ព្រះ​ទី​នាំង​បុស្បុក​ ​ដែល​តម្កល់​ព្រះ​បរមមញ្ជូសា​រំកិល​​មក​ដល់​ អម​ដោយ​ស្នូរ​ភ្លេង​គង​ធ្នាក់​ ​ភ្លេង​ចិន​ ​និង​ភ្លេង​ជន​ជាតិ​ភាគ​តិច​ ​ដែល​បាន​ ​មក​ចូលរួម ​ប្រគំ​ចូល​​គ្នា​លាន់​ឮ​គួរ​ឱ្យ​ស្រ​ងេះ​ស្រងោច​ខ្លោច​ចិត្ត​ផង​នោះ​ តំណក់​ទឹក​ភ្នែក​កាន់​តែ​ស្រក់​មក​ ​ដោយ​ពុំ​អាច​ទប់​ជាប់។​

កូន​ចៅ ​ចៅ​ទួត​ ​មាន​តែ​សំណោក​ ​និង​បួង​សួង​សូម​ឱ្យ​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេច​ឪ​ ​សម្ដេច​​តា​ បាន​យាង​ទៅ ​គង់​សណ្ឋិត​ ក្នុង​ព្រះ​បរម​សុគតិភព​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​៕

រូបថត​សម្តេច​តា​ច្រើន​ទៀត !​

រូប​ភាព​៖Theguardian