Breaking News
Loading...
Saturday, October 5, 2013

ការផ្សាយពាណិជ្ជកម្ម គ្រឿង​ស្រវឹង ដ៏​អនាធិបតេយ្យ​នៅ​កម្ពុជា មិនអាច​គ្រប់គ្រង​បាន ដោយ​សារ​​ម្ចាស់​​ឧស្សា​ហ​កម្ម​​ស្រា​​បៀ តែង​មាន​​ទំ​នាក់​ទំនង ជា​មួយ​​អ្នក​ន​យោ​បាយ​​ធំៗ​


រាជធានី​ភ្នំពេញ ៖ ការផ្សាយពាណិ​ជ្ជ​កម្ម គ្រឿង​​ស្រ​វឹង​​នៅ​តាម ប្រ​ព័ន្ធ​​ផ្សព្វ​ផ្សាយ​​នា​នា មាន​ដូច​ជា តាម​​កញ្ចក់​​ទូរ​ទស្សន៍ ស្ថា​នីយ​​វិទ្យុ លើ​​ទំព័រ​​កា​សែត និង​នៅ​តាម​​ផ្ទាំង​​ពា​ណិជ្ជ​កម្ម នៅ​តាម​​ទី​សា​ធារ​ណៈ​​នា​នា  គឺ​​ជា​​ម​ធ្យោ​បាយ​​ទាក់ទាញ​មួយ ដ៏​មាន​ប្រសិទ្ធភាព​បំផុត ក្នុងការ​ជំរុញ​ឲ្យ មាន​អ្នកសម្រេចចិត្ត ដើម្បី​ការសាកល្បង និង​បន្ត​ប្រើប្រាស់​គ្រឿង​ស្រវឹង ហើយ​ស្ប៉ត ពាណិជ្ជកម្ម​ទាំងនោះ បាន​សម្ដែង​ពី​ការជួប​ជុំគ្នា​ទទួលទាន​ស្រា​បៀ ដោយ​ការទាក់ទាញ ជាមួយនឹង​ភាព សប្បាយរីករាយ​។​

 

​ប្រជាពលរដ្ឋ​ជាច្រើន បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ ចំពោះ​ការផ្សព្វផ្សាយ ពាណិជ្ជកម្ម​ដែល​ពួក គេ​យល់ឃើញថា ការធ្វើ​ដូច្នេះ ក្រុមហ៊ុន​ផ្សាយ​ផលិតផល​របស់ខ្លួន និង​អ្នក​អនុញ្ញាត​ផ្សាយ ហាក់​មិនបាន​គិតពី​ផលប៉ះពាល់​ក្នុងសង្គម ហើយ​គិតតែ​ពី​ផលប្រយោជន៍ ផ្ទាល់ខ្លួន​ទៅវិញ​។ អ្នកស្រី ហ៊ុយ គឹម​លាង ជា​មេផ្ទះ​ម្នាក់​បាន​ថ្លែងថា មានការ​ផ្សាយពាណិជ្ជកម្ម ផលិតផល​គ្រឿង​ស្រវឹង ស្ទើរ​គ្រប់​ប៉ុស្តិ៍​ទូរទស្សន៍ ដែល​ការផ្សព្វផ្សាយ​បច្ចុប្បន្ន ហាក់​បង្ហាញ​នូវ ការអូសទាញ​ហួសហេតុ ដោយ​គិតតែ​ផលចំណេញ​សុទ្ធសាធ​។​

 

​ការផ្សាយពាណិជ្ជកម្ម គឺជា​សិទ្ធិ​របស់គេ ក្នុងការ​ស្វែងរក​ចំណូល​ទៅ​ក្រុមហ៊ុន​។ ប៉ុន្តែ​បច្ចុប្បន្ន ការផ្សព្វផ្សាយ​លើសលប់ នៅតាម​ស្ថានីយទូរទស្សន៍ និង​វិទ្យុ រួមទាំង​ផ្ទាំង​ពាណិជ្ជកម្ម ពី​គ្រឿង​ស្រវឹង​នោះ វា​ហាក់ដូចជា​ជ្រុលពេល​បន្តិច ទៅហើយ​ដែល​ចង់​ឲ្យ ពលរដ្ឋ​កម្ពុជា​មួយចំនួន ដែល​និយម​ទទួលទាន​គ្រឿង​ស្រវឹង ឲ្យ​កាត់បន្ថយ ឬ​ឈប់​ទទួលទាន​គ្រឿង​ស្រវឹង ដោយ​គ្រាន់តែ​ឈប់​ផ្សាយ ពាណិជ្ជកម្ម​នោះ​។ ក្រៅពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដើម្បី​ទាក់ទាញ​ឲ្យ​ទិញ គ្រឿង​ស្រវឹង​នោះ តាមរយៈ​ពាណិជ្ជកម្ម គ្រប់គ្នា​តែង​បានឮ​ពី​ការ​ឈ្នះ​រង្វាន់ និង​មាន​រង្វាន់​លើក​ទឹក នៅពេល​ទិញ​ច្រើន​។​

អ្នកវិនិយោគ​ស្រា​បៀ នៅ​ប្រទេស​កម្ពុជា បាន​ចាត់ទុកថា វិស័យនេះ​ជា​វិស័យ ទទួលបាន​ផលចំណេញ​ច្រើន ក្នុងពេល​បច្ចុប្បន្ន និង​នៅពេល​អនាគត​។ វិស័យនេះ បាន​ចូលរួមចំណែក បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា និង​បាន​ចូលរួម​ដល់ កំណើន​សេដ្ឋកិច្ចជាតិ ប្រមាណ ៤០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ យ៉ាងណា មិញ បើទោះជា​វិស័យនេះ កំពុងមាន​សក្ដានុពល​យ៉ាងនេះ​ក្ដី វិស័យ​ស្រា​បៀ​ក៏បានផ្ដល់​ផល​អវិជ្ជមាន ដល់​សង្គមជាតិ និង​ប៉ះពាល់​ដល់​សុខភាព អ្នកប្រើប្រាស់ យ៉ាង​សម្បើម​ណាស់ដែរ​។​

កាលពី​ចុងឆ្នាំ​២០០៨ មជ្ឈមណ្ឌល ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ក៏បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​មួយ ពី​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង មកលើ​ប្រជាពល រដ្ឋ​កម្ពុជា​។ ការសិក្សា​នេះ បាន​រកឃើញថា មនុស្ស​ចំនួន ៥៨% នៃ​អ្នក​ដែល​ចាប់ផ្ដើម ផឹកស្រា​ដំបូង មាន​ចន្លោះ​ពី ១៨ ទៅ ៣០​ឆ្នាំ ដែលជា​វ័យ​មួយ ចង់​សាក ល្បង​អ្វីៗ​នៅក្នុង​ជីវិត​។ ក្នុងចំណោម​បុរស ៩៣% គឺជា​អ្នក​ប្រើ​គ្រឿង​ស្រវឹង រីឯ​ស្ត្រី​មាន​ចំនួន ៥៨% ដែល​បាន​សម្ភាស គឺជា​អ្នក​ប្រើ​គ្រឿង​ស្រវឹង​។​

កន្លងមក​ក្រសួង​ព័ត៌មាន ធ្លាប់បាន​កែលំអ ឈុត​ផ្សាយពាណិជ្ជកម្ម ដែល​បាន​ចាក់ផ្សាយ នៅតាម​ស្ថានីយ​ណាមួយ ដែលមាន​លក្ខណៈ លើកទឹកចិត្ត​ឲ្យ​មាន​ទទួលទាន គ្រឿង​ស្រវឹង ដូចជា ការ​ហ៊ោកញ្ជ្រៀវ អរ​សប្បាយ ជាការ​ជំរុញ​ឲ្យ​អ្នក​ទទួលទាន មានការ​ភាន់ច្រឡំ និង​មាន​លក្ខណៈ អូសទាញ​យុវជន​ជាដើម​។ ប៉ុន្តែ ការបញ្ឈប់​ស្ប៉ត​ពាណិជ្ជកម្ម កាលពី​កន្លងមក​នោះ ហាក់​ពុំមាន​ប្រសិទ្ធភាព​ទេ​។ អ្នកជំនាញ​មួយចំនួន បាន​ហៅ​វិធានការ ទប់ស្កាត់​ការ ផ្សាយពាណិជ្ជកម្ម គ្រឿង​ស្រវឹង របស់ រដ្ឋាភិបាល គឺជា​វិធានការ​វែក​ចក ព្រោះថា ម្ចាស់​ឧស្សាហកម្ម​ស្រា​បៀ តែងមាន​ទំនាក់ទំនង ជាមួយ​អ្នកនយោបាយ​ធំៗ​៕

Wat 0410 Wat 04101

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved