ស្ទះចរាចរណ៍ នៅកំពង់ចម្លងអ្នកលឿង ដោយសារពលរដ្ឋ ទៅបុណ្យភ្ជុំបិណ្ឌ
កំពង់ចម្លងអ្នកលឿង: តាំងពីយប់រហូតដល់ព្រឹកព្រលឹមថ្ងៃទី៣ខែតុលាឆ្នាំ២០១៣នេះ នៅកំពង់ចម្លងអ្នកលឿង ក្នុងព្រំប្រទល់ខេត្តកណ្តាល និងខេត្តព្រៃវែង តាមកំណាត់ផ្លូវជាតិលេខ១ ចរាចរណ៍ត្រូវបានកកស្ទះ ជាច្រើនម៉ោង មុននឹងបានឆ្លងសាឡាង ដោយសារតែបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំសាច់ញាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ការកកស្ទះចរាចរណ៍ គឺមានរយៈពេលជារៀងរាល់ថ្ងៃ ជាច្រើនថ្ងៃមកហើយ ក្នុងអំឡុងបុណ្យភ្ជុំនេះ។
យ៉ាងណាក៏ដោយ មានសាឡាងជាច្រើនគ្រឿង បានដំណើរការ ចម្លងអ្នកដំណើរ និងឡានតូចធំ ខណៈដែលទឹកទន្លេមេគង្គ ឡើងប្រៀបច្រាំង។ ក្រៅពីសាឡាង នៅម្តុំកំពង់ចម្លងអ្នកលឿង គេក៏ឃើញមានទូកម៉ាស៊ីនតូចៗ បានចម្លងអ្នកដំណើរថ្មើរជើង និងអ្នកជិះម៉ូតូផងដែរ។
អ្នកយកព័ត៌មានគេហទំព័រ CEN លោក ឃឹម វិចិត្រ បានរាយការណ៍ពីកំពង់ចម្លងអ្នកលឿននៅព្រឹកព្រលឹមថ្ងៃនេះថា ចរាចរណ៍ត្រូវបានកកស្ទះ យ៉ាងវែងរាប់រយម៉ែត្រ ហើយលោកបានធ្វើដំណើរទៅស្រុកកំណើតនៅខេត្តព្រៃវែង គឺជាប់គាំងនៅកំពង់ចម្លងអ្នកលឿងជាង ១ម៉ោងទើបបានឆ្លងសាឡាង។ ចំណែកប្រជាពលរដ្ឋផ្សេងទៀតក៏ដូចគ្នាដែរ។ ប្រជាពលរដ្ឋបានសម្រុកទៅស្រុកកំណើតទាំងយប់ ក្នុងបំណងឲ្យឆាប់បានឆ្លងសាឡាង ព្រោះពេលយប់ និងពេលព្រលឹម វាត្រជាក់ ប៉ុន្តែបើដល់ពេលថ្ងៃ គឺក្តៅថ្ងៃ។
សូមរម្លឹកថា នៅឆ្នាំ២០១៥ នៅតំបន់កំពង់ចម្លងអ្នកលឿង នឹងមានស្ពានថ្ម ឆ្លងកាត់ទន្លេមេគង្គ ដោយសព្វថ្ងៃក្រុមហ៊ុនជប៉ុន កំពុងតែដំណើរការសាងសង់។ ស្ពានអ្នកលឿង ជាស្ពានដែលវែងជាងគេនៅស្រុកខ្មែរ៕
0 comments:
Post a Comment