Breaking News
Loading...
Tuesday, October 15, 2013

លោក ចាន់ សារឹម បិទ​​ភ្នែក​​ឲ្យ​​ឈ្មោះ ជួប ភិ​​រុ​ណ ហៅ​​លាភ ប្រើ​​ស្បែក​​ជា​​នគរ​បាល រក​ស៊ី​​ដឹក​ជញ្ជូន​​ឈើ​ខុសច្បាប់


ខេត្តកំពង់ចាម ៖ ក្រុម​​ឈ្មួញ​​ទាំង​​តូច​​ទាំង​​ធំ បាន​​សម្រុក​​ដឹក​ជញ្ជូន​​ឈើ មក​ពី​​ខេត្ត​ស្ទឹង​ត្រែង និង​​ខេត្ត​ក្រ​ចេះ ចេញ​ទៅ​​ស្រុក​​យួន តាម​​ទឹក​ដី​​ស្រុក​​មេ​មត់ ខេត្ត​កំពង់​ចាម គឺ​​ក្រុម​​ឈ្មួញ​​បាន​​ប្រើ​ប្រាស់ ច្រក​ព្រំ​ដែន​​ចំនួន ៣ ស​ម្រាប់​​ការ​នាំ​ចេញ​​ឈើ​​ខុស​ច្បាប់ គេ​មិនដែល​ឃើញ​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ​យកចិត្ត​ទុកដាក់​បង្ក្រាប ឲ្យ​មាន​ប្រសិទ្ធភាព​ម្តងណា​ឡើយ ដោយហេតុថា​សកម្មភាព រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅ​តំបន់​នោះ​មានការ ឃុបឃិត​បើកភ្លើង​ខៀវ​ពី​លោក ចាន់ សារឹម ជា​មេបញ្ជាការ វរៈ​ការពារ​ព្រំដែន​លេខ​៦១៧ ហើយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ដទៃទៀត រង់ចាំ​បើក​របប ឬ​រាប់​ក្បាល​ឡាន​ដឹកឈើ​ខុសច្បាប់ យកលុយ​ទៅ​ច្រក​ហោប៉ៅ​ធ្វើ មាន​ធ្វើបាន​ផ្ទាល់ខ្លួន មិនដែល​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប​ឲ្យ​ស្របតាម បទបញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល ម្តងណា​ឡើយ​។​

ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ ជាច្រើន​ស្ថាប័ន បាននាំគ្នា​ដាក់​ប៉ុស្តិ៍ តាម​ដងផ្លូវ​សំខាន់ៗ ដែលមាន​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ប៉ុន្តែ​សមត្ថកិច្ច​និង​មន្ត្រី​អស់ទាំងនោះ បានត្រឹមតែ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ រកស៊ី​ដឹកឈើ​ខុសច្បាប់ ។ ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ប្រណីត ដ៏​មាន​ឥទ្ធិពល​មួយចំនួន​ដូចជា ឈ្មោះ​យ៉ា ឈ្មោះ​ដួង ឈ្មោះ ជួប ភិ​រុណ ហៅ​លាភ ភាគច្រើន​បាន​ដឹកជញ្ជូន​ឈើ មកពី​ចំណុច​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន នៃ​ខេត្តស្ទឹងត្រែង ដោយ​ឆ្លងកាត់​ខេត្តក្រចេះ នាំទៅ​លក់​នៅ​ស្រុក​យួន តាម​ស្រុក​មេមត់ ខេត្តកំពង់ចាម យ៉ាង​រលូន​ល្អ ក៏​ព្រោះតែ​ក្រុម​ឈ្មួញ អស់ទាំងនោះ ចេះ​បែងចែក​ផលប្រយោជន៍ ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។​

មាន​ច្រកព្រំដែន​សំខាន់ៗ​ចំនួន​៣ ដែល​ក្រុម​ឈ្មួញ បាន​នាំចេញ​ឈើ​ទៅ​លក់ នៅ​ស្រុក​យួន​ដោយ​រលូន​ល្អ គឺ​ទី​១ ច្រក​ច័ន្ទ​មូល ទី​២​ច្រក​បឹង​ជ្រោង និង​ទី​៣ គឺ​ច្រក​ដូង​៧​ដើម ហើយ​បើទោះបីជា រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​បទបញ្ជា​តឹងរ៉ឹង ហាមឃាត់​មិន​ឲ្យ មានការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ក៏​គេ​សង្កេតឃើញ​ក្រុម​ឈ្មួញ​មានអំណាច មួយចំនួន​នៅតែ អាចធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញ​តាម​ច្រក​ទាំង​៣​នេះ យ៉ាង​រលូន​ល្អ​។ សូម្បីតែ​លោក ចាន់ សារឹម ជា​មេបញ្ជាការ​នគរបាល វរៈ​ការពារ​ព្រំដែន​លេខ​៦១៧ ដែលមាន​ភារកិច្ច​គ្រប់​គ្រង​តំបន់​នោះ ក៏​កំពុង​សកម្ម​បំផុត​ក្នុងការ​ចាត់ចែង មន្ត្រីក្រោមឱវាទ ឲ្យ​ចុះ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​បើ​គ្មាន​ការ​សែនព្រេន​លោក ចាន់ សារឹម ទេនោះ មិនអាច​ដឹកជញ្ជូន​ឈើ ខុសច្បាប់​ចេញទៅ​ស្រុក​យួន​បានទេ​។​

ជាពិសេស​ឈ្មោះ ជួប ភិ​រុណ ហៅ​លាភ ដែលមាន​តួនាទី​ជា អនុប្រធាន​វរៈ​ការពា​រ ព្រំដែន​លេខ​៦១៧ ទទួលបន្ទុក​ផ្នែក​សេនាធិការ បាន​ប្រើ​ស្បែក​របស់ខ្លួន ទៅ​រក​​ស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង អនាធិបតេយ្យ​បំផុត ភាគច្រើន​ឈ្មោះ ជួប ភិ​រុណ ហៅ​លាភ បាន​ប្រើប្រាស់​រថយន្ត ទំនើបៗ​ដឹកជញ្ជូន​ឈើ មកពី​ខេត្តស្ទឹង​ត្រែង និង​ចាំ​ប្រមូល​ទិញ​ឈើ​គ្រញូង ពី​ចំណុច​ស្ពាន​ជ្រីវ ព្រំប្រទល់​ខេត្តក្រចេះ និង​ខេត្តកំពង់ចាម យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង ដ៏​ធំ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ដារ ឃុំ​ដារ ទល់មុខ​វិទ្យាល័យ​ដារ នៃ​ស្រុក​មេមត់ ខេត្តកំពង់ចាម​។ នៅពេល​ប្រមូល​ឈើ បាន​គ្រប់​ចំនួន​ហើយ លោក​ជួប ភិ​រុណ ហៅ​លាភ បានរៀបចំ​ថ្លឹង​ឈើ​គ្រញូង ដើម្បី​ដឹក​តាម​រថយន្ត​នីសា​ន់ ណា​វ៉ា​រ៉ា និង​រថយន្ត​ឡង់​គ្រី​ស័​រ ជាច្រើន​គ្រឿង ចូលទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រកព្រំដែន​ទាំង​៣ ដូច​បាន​រៀបរាប់​ពី​ខាងលើនេះ ព្រោះ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ប្រចាំការ​តាម​ដងផ្លូវ តាម​ច្រកព្រំដែន​សុទ្ធសឹង ជា​កូនជឹង​របស់​ឈ្មោះ ជួប ភីរុណ ហៅ​លាភ ។​

គេ​ចង់ឃើញ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម លោក អ៊ុក រ៉ាប៊ុន ចេញ​បេសកកម្ម​ទៅកាន់ ភូមិភាគ​ឦសាន ដើម្បី​ត្រួត​ពិនិត្យមើល ពី​ទំហំ​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ នៅតាម​តំបន់ ព្រៃ​អភិរក្ស ឬ​នៅតាម​តំបន់​ឧទ្យាន​ជាតិ ជាពិសេស​នៅក្នុង ស្រុក​សេសា​ន​ខេត្ត ស្ទឹងត្រែង មានការ​កាប់បំផ្លាញ ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ជ្រក​ក្រោមរូបភាព ស្តារ​​បាត​អាង​ទំនប់​វា​រី​អគ្គិសនី ហើយ​ឈើ​ប្រណីត​រាប់រយ រាប់ពាន់​ម៉ែត្រគូប ត្រូវបាន​ក្រុម​ឈ្មួញ​ដ៏​មានអំណាច ដឹកជញ្ជូន​ចេញពី​ទីនោះ ឆ្លងកាត់​ទី​រួម​ខេត្តស្ទឹង​ត្រែង និង​ខេត្តក្រចេះ បន្តទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ​បំផុត​។ វិនាសកម្ម​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​ច្បាស់​ណាស់​ដែលថា​លោក​រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន គឺជា​អ្នកទទួល ខុសត្រូវ​ធំជាងគេ សម្រាប់​ការធ្វេសប្រហែស និង​ភាព​អសកម្ម​ដែល​មន្ត្រី​ថ្នាក់ក្រោម គិតតែ​រាប់​ក្បាល​ឡាន ដឹកឈើ​យកលុយ​៕

Wat-031013

 

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved