បាញ់គំរាម១គ្រាប់ប្លន់យកស្បោងលុយនិងទូរស័ព្ទគេចខ្លួនបានជាង១០ថ្ងៃ ប៉ូលិសតាមក្របួចជាប់
ភ្នំពេញ ៖ មុខសញ្ញាជនសង្ស័យម្នាក់ដែលបាញ់គំរាមប្លន់យកទូរស័ព្ទដៃនិងស្បោងលុយពីនារីម្នាក់បានសម្រេចហើយគេចខ្លួនបានជាង១០ថ្ងៃ ក៏ត្រូវបាន សមត្ថកិច្ចនគរបាលខណ្ឌដូនពេញស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបានម្នាក់នេះឈ្មោះសោម រស្មីអរុណ ហៅទុន ភេទប្រុសអាយុ២៤ឆ្នាំស្នាក់នៅផ្ទះលេខ213Eo ផ្លូវលេខ19សង្កាត់ជ័យជំនះ ខណ្ឌពេញ ត្រូវដកហូតម៉ូតូមួយគ្រឿងម៉ាក125ស៊េរី២០១៤គ្មានស្លាកលេខ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះដែលត្រូវក្រុមចោរតាមបាញ់គំរាមប្លន់យក ស្បោងលុយនិងទូរស័ព្ទដៃនោះឈ្មោះមុំ ឃែ ភេទស្រីអាយុ២០ឆ្នាំស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញបានបាត់បង់ទូរស័ព្ទដៃម៉ាកIphone5ចំនួន២គ្រឿង និងលុយ៤០០ដុល្លារ និងលុយម៉ាឡេស៊ីចំនួន៣០០រ៉ីងហ្គីត។
គួរបញ្ជាក់ថា ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង២១និង៣០ នាទីយប់ថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០១៣ នេះនៅចំណុចខាងមុខផ្ទះលេខ100Eo ផ្លូវលេខ136ភូមិ4 ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុនារីរងគ្រោះរួមជាមួយមិត្តភ័ក្ដិ២នាក់ទៀតជិះម៉ូតូ២គ្រឿងបាននាំគ្នាត្រឡប់មកពីដើរលេងនៅកោះពេជ្រវិញ ពេលនោះមិត្តភក្ដិក៏ទៅយកសម្លៀកបំពាក់ពេលដែលមកដល់ចំណុចកើតហេតុមិត្តភក្ដិម្នាក់បានឡើងទៅផ្ទះលេខ100Eoដើម្បីយកសំលៀកបំពាក់ នៅសល់តែជនរងគ្រោះនិងមិត្តភ័ក្ដិ ម្នាក់ទៀតនាំគ្នាអង្គុយជជែកគ្នាលេងនៅលើម៉ូតូ។ ខណៈនោះស្រាប់តែមានជនល្មើសម្នាក់ ស្លៀកពាក់ស៊ីវិលបានជិះម៉ូតូម៉ាកនិចពណ៌សលាយឈាមជ្រូកប្រដាប់ដោយកាំភ្លើងខ្លីមួយដើមបានជិះមកឈប់ក្បែរ ហើយដកកាំភ្លើងភ្ជង់និងបាញ់គំរាមមួយគ្រាប់បញ្ជាជនរងគ្រោះប្រមូលទូរស័ព្ទនិងស្បោងលុយឲ្យគេ ហើយជនល្មើសរូប នោះក៏បើកម៉ូតូគេចបាត់ដោយសុវត្ថិភាព។ បន្ទាប់ពីគេចខ្លួនមកដល់រាត្រីថ្ងៃទី១៩ ខែតុលាឆ្នាំ ២០១៣នេះជនសង្ស័យក៏ត្រូវឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
រស្មី
0 comments:
Post a Comment