សាក​​សព​លោក​ យុង​ សំ​ អ្នក​បើក​បរ​យន្តហោះ​ជន​​ជាតិ​ខ្មែរ​ ដែល​បាន​ស្លាប់​ ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ ក្នុង​ប្រទេស​ឡាវ​ នឹង​ត្រូវ​ដឹក​ជញ្ជូន​តាម​​ជើង​យន្តហោះ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​វេលា​ម៉ោង​ ១ រសៀល​​ថ្ងៃ​​ទី​ ១៩ ខែ​​តុលា​ ឆ្នាំ​២០១៣។​នេះ​បើ​យោង​តាម​​ប្រសាសន៍ របស់​ លោក​ ហ៊ឹម​ សារុន នាយ​ខុទ្ទកាល័យ​ រដ្ឋលេខាធិការដ្ឋាន​ អាកាសចរណ៍​ស៊ីវិល។

​អគ្គបញ្ជាការដ្ឋានកង​​ទ័ពជើង​​អាកាស​​ នៅ​ក្បែរ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​​ នឹង​ធ្វើ​ពិធី​គោរព​វិញ្ញាណ លោក​ យុង​ សំ​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ​ នៅ​រសៀល​នេះ​។លោក យុង សំ​ ​អាយុ​ជាង​៥០​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​នៅ​ម៉ោង​ជាង​៣​រសៀល​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ។

​​​រដ្ឋាភិបាល​ឡាវ បាន​ប្រកាស​​ថា ​អ្នក​​ដំណើរ​៤៩​នាក់​ ​បាន​ស្លាប់ ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​មួយគ្រឿង នៅ​ដង​ទន្លេមេគង្គ ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ ​ខណៈ​យន្តហោះ​នេះ​ ​កំពុង​ហោះ​ហើយ​ ​រៀប​ចុះ​ចត​ជួប​មេឃ​ចុះ​អាប់​យ៉ាង​ខ្លាំង​ កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​១៦​ខែ​តុលា​ ។​យន្តហោះ​នេះ​ជា​របស់​​ក្រុមហ៊ុន​ឡាវ Airline ​​ប្រភេទ​ថ្មី (ATR ៧២-៦០០) ​​ទើបតែ​ហោះហើរ​បាន​តែ​ជាង​៦​ខែ​ប៉ុណ្ណោះ​។

អត្ថបទ៖មៃ សុខលីម