Breaking News
Loading...
Wednesday, October 2, 2013

ព្រះ​បរម​រូប​សម្តេច​ព្រះ នរោត្តម សីហនុ ត្រូវបាន​ដង្ហែ ទៅ​តម្កល់ នៅ​ស្តូប ជិត​វិមានឯករាជ្យ​

ភ្នំពេញ: ព្រះ​បរម​រូប​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ត្រូវបាន​គេ​ដង្ហែ យក​ទៅ​តម្កល់​នៅ​ស្តូប លើ​សួនច្បារ ខាងកើត​វិមានឯករាជ្យ​ហើយ នា​ព្រឹក​ថ្ងៃទី​២​តុលា​នេះ​។ ព្រះ​បរម​រូប សម្តេចព្រះ នរោត្តម សីហនុ ធ្វើ​អំពី​ស្ពាន់ មាន​កម្ពស់ ៤,៥ ម៉ែត្រ ទ្រង់​ឈរលើ​ព្រះ​ផ្នែន​មាន​កម្ពស់ ២,៧ ម៉ែត្រ សាងសង់ នៅលើ​ខឿន​រាង​ចតុកោណកែង មាន​បណ្តោយ ៥៤ ម៉ែត្រ ទទឹង ២៧ ម៉ែត្រ​។

​ស្តូប​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ ស្ថិត​នៅ​សួនច្បារ ខាងកើត​វិមានឯករាជ្យ ត្រូវ​បាន​បញ្ចុះ​បឋមសិលា​សាងសង់ កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកជំទាវ​។

​ស្តូប​នោះ រចនា​តាម​ទម្រង់​បុស្បុក មាន​កម្ពស់​សរុប ២៧ ម៉ែត្រ គិត​ពី​បាត​ខាងក្រោម​ដល់​កំពូល​។ ស្តូប​តម្កល់​ព្រះ​បរម​រូប​ព្រះមហាក្សត្រ នឹង​ត្រូវ​បើក​សម្ពោធ នា​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៣ ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ សម្តេចម៉ែ សម្តេច​ហ៊ុន​សែន លោកជំទាវ រួមទាំង​មន្ត្រី​រាជរដ្ឋាភិបាល​ជា​ច្រើន​នាក់​ផ្សេង​ទៀត​។​

​ព្រះមហាវីរក្សត្រ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ  ព្រះ​បរម​រតន​កោដ្ឋ បាន​យាង​ចូល​ព្រះ​ទិវង្គត កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា ដោយ​ព្រះរោគ​គា​ពាធ​។
​សម្តេច​ហ៊ុន​សែន បានប្រកាស​សាងសង់​ព្រះ​បរម​រូប​ព្រះអង្គ ដើម្បី​ទុកជា​និម្មិត្តរូប ការដឹង​ព្រះ​គុណ និង​ការចងចាំ ព្រះអង្គ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ជា​រៀងរហូត​។​    ​

​ជាមួយគ្នា​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ដែល​ទើប​ឡើងកាន់​តំណែង​សាជាថ្មី ក៏​បាន​ចេញ​សារាចរ ណែនាំ​មួយ ស្តីពី ការ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ១ ឆ្នាំ នា​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៣​។​

​ក្នុង​សារាចរ ចុះ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៣ រាជរដ្ឋាភិបាល បាន​ប្រកាស​ពី​ការ​កំណត់​យក​ថ្ងៃ​ទី​១៥​តុលា ជា​រៀងរាល់ឆ្នាំ ជា​ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ​។

​ដើម្បី​ឲ្យ​ការប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ គម្រប់​ខួប ១ ឆ្នាំ ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​ឧត្តុង្គឧត្តម សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​ណែនាំ​ដល់​គ្រប់​ក្រសួង ស្ថាប័ន និង​គ្រឹះស្ថាន​សាធារណៈ និង​ឯកជន ត្រូវ​រៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​គម្រប់​ខួប ១ ឆ្នាំ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៣ ឲ្យបាន​ឧត្តុង្គឧត្តម ហើយ​ស្ថាប័នរដ្ឋ ត្រូវ​ចាត់តាំង​ប្រតិភូ ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា នៅ​ស្តូប​ព្រះ​បរម​រូប ព្រះអង្គ នៅ​ជិត​វិមានឯករាជ្យ​។ គ្រប់​ស្ថាន​អគ្គ​រាជទូត និង​ស្ថាន​កុងស៊ុល កម្ពុជា ប្រចាំ​នៅ​បរទេស ក៏​ត្រូវ​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ផង​ដែរ​។

​ដោយឡែក រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ ពី​ថ្នាក់​ខេត្ត​រាជធានី ដល់​ថ្នាក់​ឃុំ​សង្កាត់ ព្រមទាំង​វត្ត​អារាម រហូត​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ត្រូវ​រៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ គម្រប់​ខួប ១ ឆ្នាំ ថ្វាយ​ព្រះករុណា​ព្រះមហាវីរក្សត្រ​ផងដែរ​។

​រីឯ​ក្រសួង​ព័ត៌មាន ក៏​ត្រូវ​ចាត់តាំង​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​តាម​វិទ្យុ ទូរទស្សន៍​ជាតិ ឯកជន អំពី​ព្រះរាជ​ជីវ​ប្រវត្តិ ព្រះរាជ​សកម្មភាព និង​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ចំពោះ​ប្រទេសជាតិ និង​ចំពោះ​ប្រជារាស្ត្រ ឲ្យបាន​ទូលំទូលាយ​៕​

 

 

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved