UEFA Champions League នឹង​វិល​ត្រលប់​មក​បម្រើ​ខ្សែ​ចក្ខុ​ប្រិយមិត្ត​បាល់ទាត់​វិញ​ហើយ។ ក្រុម​ចំនួន​១៦ ត្រូវ​ជា​៨​គូ​ មក​ពី​ពូល​៤​ផ្សេង​គ្នា នឹង​ត្រូវ​ប្រជែង​គ្នា​ក្នុង​សប្ដាហ៍​ដំបូង​នៃ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​នៅ​យប់​នេះ។ តែ​មុន​នឹង​មើល​​គូ​ប្រកួត​យប់​នេះយើងខ្ញុំសូម​និយាយ​​​ត្រួសៗ​ទាក់ទង​នឹង​ពាន​រង្វាន់​ធំ​បំផុត​​របស់​ទ្វីប​អឺរ៉ុប​មួយ​នេះ​បន្តិច​សិន។

ក្លិប​មក​ពី​ប្រទេស​ទាំង​ឡាយ​នៅ​អឺរ៉ុប បាន​ជួប​ត​ទល់​គ្នា​ដណ្ដើម​ពាន​រង្វាន់​ប្រចាំ​ទ្វីប​នេះ​ អស់​រយៈ​ពេល​៥៨ឆ្នាំ​មក​ហើយ ដែល​ក្នុង​នោះ​២១​លើក​ចុង​ក្រោយ បាន​ប្រើ​ឈ្មោះ​ថា​ជា​ពាន UEFA Champions League។

Bayern Munich លើក​ពាន​រដូវ​កាល​មុន

នៅ​យប់​នេះ​វា​នឹង​ឈាន​ចូល​សប្ដាហ៍​នៃ​រដូវ​កាល​ថ្មី ដែល​ក្រុម​មក​ពី​អាល្លឺម៉ង់ និង​អេស្ប៉ាញ រំពឹង​ថា​អាច​អុកឡុក​ពាន​រង្វាន់​នេះ​ដូច​កាល​ពី​រដូវ​កាល​មុន​ទៀត ខណៈ​ក្រុម​មក​ពី​អង់គ្លេស​ក៏​កំពុង​ត្រៀម​ស្រង់​ដើម​ឡើង​វិញ​ផង​ដែរ ក្រោយ​បាក់​មុខ​​រដូវ​កាល​មុន។

ក្រុម​ការពារ​ជើង​ឯក Bayern Munich កំពុង​ចិញ្ចឹម​ចិត្ត​ចង់​ក្លាយ​ជា​ក្រុម​ទី​១​ដែល​អាច​ការពារ​ពាន​នេះ​បាន (គិត​ត្រឹម​ឆ្នាំ​១៩៩២មក) រី​ឯ Real Madrid ក៏​កំពុង​​លេប​ទឹក​មាត់​ចង់​ភ្លក់​រសជាតិ​ពាន​​នេះ​ជា​លើក​​ទី​១០​ផង​ដែរ ក្រោយ​ខក​ខាន​​តាំង​ពី​ឆ្នាំ ២០០២​មក។

​កាល​បរិច្ឆេទ​ប្រកួត

៦​សប្ដាហ៍​នៃ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ នឹង​ចាប់​ផ្ដើម​ពីចាប់​ពី​យប់​​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​នេះ ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ២០១៣ ដោយ​ក្រុម​កំពូល​ទាំង​២​ក្នុង​ពូល​ទាំង​៨ នឹង​ត្រូវ​ឡើង​ទៅ​វគ្គ​១៦ក្រុម​ចុង​ក្រោយ ដែល​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​២៥ ខែ​កុម្ភៈ ២០១៤។ សម្រាប់​វគ្គ​៨ក្រុម​ចុង​ក្រោយ​នឹង​ត្រូវ​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ទី​៨ ខែ​មេសា ខណៈ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ គឺ​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​២៩ ខែ​ដដែល។ ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​កីឡាដ្ឋាន Estadio da Luz នៅ​ទីក្រុង​ Lisbon ប្រទេស​ព័រទុយហ្គាល់ នា​ថ្ងៃ​ទី​២៤ ខែ​ឧសភា ២០១៤។

​សមាសភាព​ក្រុម

ក្រុម​ចំនួន​២១​កាល​ពី​រដូវ​កាល​មុន បាន​ត្រលប់​មក​វិញ​នៅ​រដូវ​កាល​ថ្មី​នេះ ដែល​ក្នុង​នោះ​​ក្រុម​ចំនួន​៧ ជា​ក្រុម​ដែល​ឡើង​ដល់​​​​វគ្គ​៨ក្រុម​ចុង​ក្រោយ​ ពោល​គឺ​មាន​តែ Malaga តែ​មួយ​គត់​ដែល​ឡើង​ដល់​វគ្គ​៨​ក្រុម​រដូវ​កាល​មុន តែ​បាត់​មុខ​រដូវ​កាល​នេះ។ ក្រុម​បង្ហាញ​ខ្លួន​លើក​ដំបូង​បំផុត​​គឺ​មាន​តែ​​មួយ​គត់​ក្នុង​ចំណោម​ក្រុម​ទាំង​៣២ នោះ​គឺ​ក្រុម Austria Vienna ខណៈ​ក្លិប​១០ផ្សេង​ទៀត​សុទ្ធ​តែ​ធ្លាប់​មាន​មុខ​ក្នុង​ការ​ប្រកួត​ឆ្នាំ​កន្លង​ទៅ​ ទោះ​មិន​បាន​លេង​រដូវ​កាល​មុន​ក៏​ដោយ។

ក្រុម​ទាំង​៣២​នៃ Champions League រដូវ​កាល​នេះ (រូបភាព footballandfutbol)

​គ្រូ​បង្វឹក

គ្រូ​បង្វឹក​ក្នុង​ក្លិប​ធំ​មួយ​ចំនួន​ត្រូវ​បាន​ផ្លាស់​ប្ដូរ​​​សម្រាប់​រដូវ​កាល​នេះ ​បូក​រួម​ទាំង​ក្រុម​យក្ស​៣​ដែល​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​រដូវ​កាល​មុន​ផង​ដែរ។

Pep Guardiola នឹង​ត្រូវ​ដឹក​នាំ​ក្រុម​ជើង​ឯក​ចាស់ Bayern Munich ជំនួស​លោក Jupp Heynckes ខណៈ Jose Mourinho ​វិល​រក​ទ្រនំ​ចាស់​​ Chelsea វិញ ក្រោយ​ចាកចេញ​ពី Real Madrid។ Carlo Ancelotti ជា​អ្នក​ស្នង​ Mourinho នៅ Real Madrid ខណៈ​កៅអី​របស់​លោក​នៅ​ Paris Saint Germain នឹង​ត្រូវ​អង្គុយ​ជំនួស​​ដោយ​ Laurent Blanc។

មិន​ខុស​ពី Bayern, Chelsea, Real និង PSG នោះ​ទេ ក្រុម Barcelona ក៏​មាន​មុខ​គ្រូ​ថ្មី​នោះ​ដែរ គឺ​ Gerardo Martino ដែល​ចូល​ជំនួស Tito Vilanova។ ងាក​ទៅ​មើល​បិសាច​ក្រហម Manchester United វិញ នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់ David Moyes ក្រោយ​លោក​ Sir Alex Ferguson ចូល​និវត្តន៍។

​ក្រុម​សង្ឃឹម​លើក​ពាន

ប្រសិន​បើ​ឲ្យ​ទាយ​ថា​ក្រុម​ណា​នឹង​លើក​ពាន ចម្លើយ​គឺ​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ ថា​ជា​ក្រុម​មក​ពី​អាល្លឺម៉ង់ ឬ អេស្ប៉ាញ ខណៈ​ក្រុម​មក​ពី​អង់គ្លេស​អាច​ចូល​ជម្រើស​​ដែរ​តែ​ទំនង​មិន​សូវ​ច្រើន ក្រោយ​បង្ហាញ​លទ្ធផល​មិន​ល្អ​រដូវ​កាល​មុន។ ក្រៅ​ពី​ក្រុម​ប្រទេស​ទាំង​៣នេះ​ ក្រុម Juventus របស់​លោក Antonio Conte មក​ពី​អ៊ីតាលី និង​ក្រុម PSG មក​ពី​បារាំង​ ក៏​មិន​អាច​មើល​រំលង​បាន​​ដែរ។

​ពូល​ទាំង​៨​

ក្នុង​ចំណោម​ក្រុម​ទាំង​៣២ គឺ​មាន​មក​ពី​១៨ប្រទេស​ផ្សេង​គ្នា ដែល​ក្នុង​នោះ អង់គ្លេស អេស្ប៉ាញ និង​អាល្លឺម៉ង់ មាន​ច្រើន​ក្រុម​ជាង​គេ ពោល​គឺ​ចំនួន​៤ក្រុម​រៀង​ខ្លួន។ ពូល​ទាំង​៨ មាន​ដូច​ខាង​ក្រោម៖

ងាក​មើល​មើល​ការ​ប្រកួត​យប់​នេះ​វិញ។ ក្រុម​ជើង​ឯក​ចាស់ Bayern Munich នឹង​ត្រូវ​បើក​​ទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុម​មក​ពី​រុស្សី CSKA Moscow ក្នុង​ពូល D។ ចំណែក​ពូល B ឯណោះ​វិញ ក្រុម​ម្ចាស់​ជើង​ឯក​ច្រើន​ជំនាន់​ជាង​គេ (៩ដង) Real Madrid នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប Galatasaray នៅ​ទួរគី ខណៈ​ PSG ធ្វើ​ដំណើរ​ទៅ​ក្រិក​ដើម្បី​សួរ​សុខ​ទុក្ខ Olympiakos ក្នុង​ពូល C។ ប៉ុន្តែ​មួយ​គូ​ទៀត​ដែល​យើងខ្ញុំសូម​លើក​មក​ព្យាករណ៍ គឺ​ជំនួប​​រវាង​ ​Manchester United និង Leverkusen ដោយ​សារ​តែ​គូ​នេះ ប្រិយមិត្ត​​កម្ពុជា​អាច​មើល​​ការ​ផ្សាយ​បន្ត​ផ្ទាល់​បាន​ ​តាម​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស

អ្នក​ចាត់ការ Man Utd លោក David Moyes (ស្ដាំ) និងខ្សែ​ការពារ Ferdinand ​និយាយ​​មុន​ប្រកួត​យប់​នេះ

ក្រុម​ជើង​ឯក​អង់គ្លេស​ ជួប​បញ្ហា​របួស​កីឡាករ​សំខាន់​២​រូប គឺ​ខ្សែ​ប្រយុទ្ធ Danny Welbeck (របួស​ជង្គង់) និង​ខ្សែ​ការពារ Phil Jones (របួស​ក​ជើង)។ កីឡាករ​សញ្ជាតិ​អង់គ្លេស​ទាំង​ពីរ មិន​អាច​ចូល​ហ្វឹកហាត់​បាន​ទេ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ Wayne Rooney នឹង​បន្ត​លេង​ដោយ​ពាក់​ប្រដាប់​​ការពារ​ក្បាល ខណៈ Shinji Kagawa ទំនង​ជា​ជាប់​ជម្រើស​ David Moyes វិញ។

ងាក​ទៅ​មើល Leverkusen វិញ មិន​មាន​បញ្ហា​របួស​ជា​ដុំ​កំភួន​នោះ​ទេ ប៉ុន្តែ​ក្រុម​អាល្លឺម៉ង់​មួយ​នេះ មិន​ទាន់​ប្រាកដ​ពី​វត្តមាន​ខ្សែ​បម្រើ Lars Bender ដែល​ជួប​បញ្ហា​ត្រគាក​នៅ​ឡើយ​ទេ។

ប្រវត្តិ​ជួប​គ្នា​៤ដង​ចុង​ក្រោយ​នៃ​ក្រុម​ទាំង​ពីរ​នៅ Champions League គឺ​ Man Utd ​ មិន​ដែល​ចាញ់​នោះ​ទេ ដោយ​ឈ្នះ​២ដង និង​ស្មើ​២ដង (លទ្ធផល​ដូច​តារាង​ខាង​ក្រោម)។

​គូ​ទាំង​៨ ដែល​ត្រូវ​ប្រកួត​ម៉ោង ១:៤៥នាទី​រំលង​អាធ្រាត្រ​យប់​នេះ (ពូល A, B, C, D)៖

ព្យាករណ៍​​របស់យើងខ្ញុំ៖ Man Utd ឈ្នះ Leverkusen ២-១ ។ ចុះ​ចំណែក​ប្រិយ​មិត្ត​វិញ​ទាយ​លទ្ធផល​យ៉ាង​ណា​ដែរ? ក្រៅ​ពី​គូ​នេះ ប្រិយមិត្ត​ក៏​អាច​បញ្ចេញ​យោបល់​ទាក់ទង​នឹង​គូ​៧​ផ្សេង​ទៀត​​បាន​ផង​ដែរ ក្នុង​ប្រអប់ Comment ខាង​ក្រោម៕

​ដោយ៖ សុខ សុវត្ថិ
ប្រភព៖ fifa, soccerway, bbc