Lionel Messi អាច​ធ្វើ​បាន​ហ៊ែតទ្រីក​ជា​ថ្មី​នៅ Champions League ពោល​គឺ​ស៊ុត​បញ្ចូល​ទី​បាន​៣គ្រាប់​ ជួយ​ឲ្យ​ Barcelona ឈ្នះ​ Ajax ៤-០ នៅ​ថ្ងៃ​បើក​ឆាក​ពូល H នៅ​កីឡដ្ឋាន Nou Camp យប់​មិញ​នេះ។ នេះជា​ហ៊ែតទ្រីក​លើក​ទី​៤​​សម្រាប់​កីឡាករ​វ័យ​២៦ឆ្នាំ​រូប​នេះ​ប្រចាំ​ពាន​រង្វាន់​នេះ​ លើស​កីឡាករ​ដទៃ​ផ្សេង​ទៀត​ក្នុង​ប្រវត្តិសាស្រ្ដ​ ហើយ​ក៏​​ជា​គ្រាប់​ទី​​៦២​ផង​ដែរ​ ដោយ​នៅ​​ចាញ់​តែ Raul ម្នាក់​ប៉ុណ្ណោះ (៧១គ្រាប់)។

ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អាហ្សង់ទីន​រូប​នេះ បាន​ស៊ុត​ហ្រ្វីឃីក​បញ្ចូល​ទី​គ្រាប់​ទី​១​នៅ​នាទី​២២ មុន​បន្ថែម​២គ្រាប់​ទៀត​នៅ​តង់​ទី​២ ក្នុង​នាទី​៥៥ និង​៧៥ ខណៈ​១គ្រាប់​ទៀត​របស់​ក្រុម​ជើង​ឯក​អេស្ប៉ាញ​មួយ​នេះ គឺ​ធ្វើ​បាន​ដោយ​ការ​តែត​របស់​ខ្សែ​ការពារ Gerard Pique នៅ​នាទី៦៩។

អាច​និយាយ​លេង​បាន​ថា ​ការ​ធ្វើ​បាន​ហ៊ែតទ្រីក​នេះ​គឺ​មាន​ការ​ជំរុញ​ពី​ Cristiano Ronaldo ដែល​ធ្វើ​បាន​ហ៊ែតទ្រីក​ដូច​គ្នា​នេះ​ដែរ​កាល​ពី​យប់​ម្សិលមិញ ពេល Real Madrid ស៊ី Galatasaray ៦-១។ យ៉ាង​ណា​ក្ដី​ នេះ​គ្រាន់​តែ​ជា​ការ​យក​មក​ប្រៀបធៀប​លេង​របស់​ក្រុម​អ្នក​គាំទ្រ​កីឡាករ​ទាំង​ពីរ​​​​ប៉ុណ្ណោះ។

នៅ​ក្នុង​ការ​ប្រកួត​យប់​មិញ​នេះ​ដែរ Neymar បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ក្នុង​ពាន​រង្វាន់​កំពូល​ទ្វីប​អឺរ៉ុប​នេះ ដោយ​អាច​លេង​បាន​៧២នាទី។ កីឡាករ​ប្រេស៊ីល ​បាន​ព្យាយាម​ទម្លុះ​របាំង​ការពារ​របស់​ក្រុម​ភ្ញៀវ​​ដែរ​ ប៉ុន្តែ​មិន​អាច​បំប៉ោង​សំណាញ់​ទី​បាន​នោះ​ទេ។

Neymar សោក​ស្ដាយ​ក្រោយ​ភ្លាត់​ឱកាស​ស៊ុត​បញ្ចូលទី

ងាក​ទៅ​មើល​គូ​ផ្សេង​ទៀត​វិញ ក្រុម​តោ​ខៀវ​ Chelsea បាន​ចាញ់​ក្រុម​ Basel របស់​ស្វីស​ ២-១ លើ​ដី​ខ្លួន​ឯង នៅ​ក្នុង​ពូល E។ Oscar បាន​ជួយ​ឲ្យ​ក្រុម​លោក Jose Mourinho នាំ​មុខ​មុន​នៅ​ចុង​តង់​ទី​១ ប៉ុន្តែ​ត្រូវ​ក្រុម​ភ្ញៀវ​វាយ​បក​វិញ​២គ្រាប់​នៅ​តង់​ទី២ ដោយ​កីឡាករ Mohamed Salah (នាទី​៧១) និង Marco Streller។ លទ្ធផល​១គូ​ទៀត​ក្នុង​ពូល​ដូច​គ្នា​នេះ គឺ Schalke បំបាក់ Steaua Bucuresti ៣-០ ដែល​ធ្វើ​ឲ្យ​ក្រុម​មក​ពី​អាល្លឺម៉ង់​ឡើង​ឈរ​លើ​គេ​ក្នុង​ពូល។

ចំណូល​ពូល F ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ពូល​មរណៈ​វិញ​នោះ ក្រុម​កាំភ្លើង​ធំ Arsenal បាន​ស៊ី​ក្រុម​ម្ចាស់​ផ្ទះ Marseille ២-១។ ២គ្រាប់​របស់​ក្រុម​លោក Arsene Wenger ធ្វើ​បាន​ដោយ​ Theo Walcott (នាទី​៦៥) និង​ Aaron Ramsey (នាទី​៨៤) ខណៈ​ Jordan Ayew ស៊ុត​១គ្រាប់​ឲ្យ​ Marseille។ ជ័យជម្នះ​នេះ​គឺ​ជា​កំណត់ត្រា​ថ្មី​របស់​​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដុង​មួយ​នេះ​ ដោយ​អាច​យក​ឈ្នះ​ការ​ប្រកួត​ក្រៅ​ដី​ដល់​ទៅ​១០ប្រកួត​ជាប់​គ្នា។

Ozil លេង​ឲ្យ Arsenal នៅ​ Champions League លើក​ដំបូង

ចំណែក​ក្រុម​មិន​ទាន់​ចាញ់​នៅ​ក្នុង​លីក​អាល្លឺម៉ង់ Borussia Dortmund បាន​ចាញ់​ក្រុម​កំពុង​ឡើង​ជើង​ខ្លាំង​ Napoli ២-១។ ក្រុម​ម្ចាស់​ផ្ទះ​ Napoli របស់​លោក Rafael Benitez បាន​នាំ​មុខ​២គ្រាប់​មុន​នៅ​នាទី​២៩ និង​៦៧ ឯ​១គ្រាប់​សង​វិញ​របស់​ក្រុម​ភ្ញៀវ​កើត​ឡើង​ដោយ​សារ​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ Juan Camilo Zuniga។

រី​ឯ​ពូល G ឯណោះ​វិញ ក្រុម Atletico Madrid របស់​អេស្ប៉ាញ បាន​បំបាក់​ក្រុម​ភ្ញៀវ​មក​ពី​រុស្សី Zenit Petersburg ៣-១ ខណៈ FC Porto យក​ឈ្នះ​ម្ចាស់​ផ្ទះ Austria Wien ១-០។ ចំណែក​១គូ​ចុង​ក្រោយ​ក្នុង​ពូល H ជាមួយ Barca និង Ajax ដែរ​នោះ គឺ AC Milan យក​ឈ្នះ Celtic ២-០។

ព័ត៌មាន​ផ្សេង​ទៀត​ទាក់ទង​នឹង Champions League សូម​ចុច​ត្រង់​នេះ

​ប្រែ​សម្រួល៖ សុខ សុវត្ថិ
ប្រភព៖ dailymail