ការ​ស៊ុត​បញ្ចូល​ទី​​២គ្រាប់​របស់​ Cristiano Ronaldo បាន​ជួយ​ឲ្យ Real Madrid ទទួល​បាន​៣ពិន្ទុ​ពេញ ​​ដើម្បី​បន្ត​ដេញ​ប្រកៀក​ក្រុម​គូ​ប្រជែង Barcelona និង Atletico Madrid។ ៣ពិន្ទុ​បន្ថែម​នេះ ជួយ​ឲ្យ​ក្រុម​ស្ដេច​ស​កើន​ដល់​១៦ពិន្ទុ​ក្នុង​៦ប្រកួត តិច​ជាង​ Barca និង Atletico តែ​២ពិន្ទុ​ប៉ុណ្ណោះ។

Ronaldo អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី

យ៉ាង​ណា​ក្ដី នៅ​ក្នុង​ជំនួប​ទល់​នឹង​ក្រុម​បាត​តារាង Elche នេះ ក្រុម​របស់​លោក Carlo Ancelotti ធ្វើ​មិន​សូវ​បាន​ល្អ​នោះ​ទេ ខណៈ​គ្រាប់​ទី​២​ក្នុង​ជ័យជម្នះ​ ២-១ នោះ គឺ​កើត​ចេញ​ពី​ការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​ដ៏​ចម្រូងចម្រាស ដោយ​សារ​កីឡាករ​ក្រុម Elche បាន​តវ៉ា​នឹង​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល។

ជាក់ស្ដែង​លោក Ancelotti ក៏​បាន​ទទួល​ស្គាល់​ថា​ក្រុម​លោក​លេង​មិន​ល្អ​នោះ​ដែរ។ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖ “ខ្ញុំ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ លទ្ធផល​នេះ​គឺ​មិន​គ្រប់គ្រាន់​ឡើយ ហើយ​យើង​ត្រូវ​លេង​ឲ្យ​ល្អ​ជាង​នេះ។ ប្រសិន​បើ​យើង​នៅ​តែ​លេង​ដូច​យប់​នេះទៀត យើង​នឹង​មិន​ឈ្នះ​ការ​ប្រកួត derby នោះ​ទេ (លេង​ជាមួយ​ក្រុម​រួម​ទីក្រុង​ម៉ាឌ្រីត Atletico Madrid)”។

Ronaldo បាន​ស៊ុត​បាល់​ហ្រ្វីឃីក​បញ្ចូល​ទី​ឲ្យ Real Madrid នាំ​មុខ​មុន​នៅ​៦នាទី​ដើម​តង់​ទី​២ ប៉ុន្តែ Richmond Boakye បាន​តែត​បញ្ចូល​ទី​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​តាម​ស្មើ​វិញ​នៅ​នាទី​ ៩០+១។ ខណៈ​ដែល​សំឡេង​កញ្ចែ​មិន​ទាន់​បន្លឺ​ឡើង​ក្រោយ​​ការ​ថែម​៣នាទី​ហួស​បន្តិច​ទៅ​ហើយ​នោះ Real មាន​ឱកាស​ទាត់​បាល់​ចេញ​ពី​ជ្រុង​ ចំពេល​​​ Pepe ត្រូវ​ខ្សែ​ការពារ Elche ធ្វើ​ឲ្យ​ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់។ អាជ្ញាកណ្ដាល​​​បាន​ចង្អុល​ចំណុល​ប៉េណាល់ទី​ដែល​ធ្វើ​ឲ្យ​ក្រុម​កីឡាករ​របស់ Elche ​តវ៉ា​ការ​សម្រេច​ចិត្ត​នោះ​រហូត​ទទួល​កាត​លឿង​៣នាក់​ ដែល​ជា​កាត​លឿង​ទី​១១សម្រាប់​ការ​ប្រកួត​នោះ (Elche ៩នាក់ Real ២នាក់)។ យ៉ាង​ណា​ក្ដី Ronaldo បាន​ស៊ុត​បញ្ចូល​ទី​បាល់​ពិន័យ​១១ម៉ែត្រ​នោះ​នៅ​នាទី ៩០+៦ ដើម្បី​ទទួល​បាន​៣ពិន្ទុ​​ទាំង​​ត្រដាបត្រដួស។

ក្រុម​កីឡាករ​ក្រុម Elche តវ៉ា​អាជ្ញាកណ្ដាល រហូត​ទទួល​កាត​លឿង

តារាង​ពិន្ទុ​ La Liga ក្រោយ​ការ​ប្រកួត​យប់​មិញ

អត្ថបទ​ទាក់ទង៖ Ronaldo ហ៊ែតទ្រីក​លើក​ទី​២១​នៅ Real ខណៈ Rooney ស៊ុត​គ្រាប់​ទី​២០០​នៅ Man Utd

វីដេអូ​ស៊ុត​បញ្ចូល​ទី​៖