Breaking News
Loading...
Tuesday, September 24, 2013

ទឹក​ទន្លេ​​​​នៅ​ក្រចេះ​ ​កំពង់ចាម​ និងខេត្ត​ស្ទឹងត្រែង​​​ឈាន​ដល់​កម្រិត​​​​ប្រកាស​អាសន្ន


​អាជ្ញាធរ​​​​ខេត្ត​ក្រចេះ និងខេត្ត​​​​កំពង់ចាម បាន​ចេញ​​​​សេចក្ដី​ប្រកាស​​​​អាសន្ន​ហើយ កាល​ពី​​​​ថ្ងៃ​ទី​២១ កញ្ញា។ ដោយសារ​កម្រិត​​​​ទឹក​ឡើង​ដល់ ២០.៣០​ម៉ែត្រ​ នៅខេត្ត​ក្រចេះ និង​ឈាន​ដល់​​​​កម្រិត​ប្រកាស​​​​អាសន្ន​ដូច​គ្នា នៅ​ថ្ងៃ​ទី​២៣ កញ្ញា នេះ ដោយ​កម្រិត​ទឹក​ឡើង​ដល់ ១៥.៣០​ម៉ែត្រ នៅខេត្ត​កំពង់ចាម ។

រូបភាព RFA

រូបភាព RFA

តាមរយះ​សេចក្ដី​​​​រាយការណ៍​​​​របស់វិទ្យុ​​​​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៣ ខែ កញ្ញានេះ​ អភិបាល​​​​ខេត្ត​ក្រចេះ បាន​ប្រាប់​ថា ខាង​អាជ្ញាធរ​ខេត្ត​​​​បាន​ចេញ​​​​សេចក្ដី​ប្រកាស​​​​អាសន្ន​ហើយ កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា ដោយសារ​កម្រិត​​​​ទឹក​ឡើង​ដល់ ២០.៣០​ម៉ែត្រ។ ចំណែក​ឯ​អភិបាល​ខេត្ត​កំពង់ចាម ក៏​បាន​បញ្ជាក់​ថា កម្រិត​ទឹក​នៅ​ខេត្ត​កំពង់ចាម ក៏​បាន​ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​ដូច​គ្នា នៅ​ថ្ងៃ​ទី​២៣ កញ្ញា នេះ ដោយ​កម្រិត​ទឹក​ឡើង​ដល់ ១៥.៣០​ម៉ែត្រ។

អភិបាល​ខេត្ត​ទាំង​ពីរ​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ និង​​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត មាន​ការ​ប្រុង​ប្រយ័ត្ន​ ដោយ​យក​ចិត្ត​ទុក​ដាក់​រៀបចំ​ទ្រព្យ​សម្បត្តិ និង​សត្វ​ពាហនៈ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​កុំ​ឲ្យ​ខូចខាត​ដោយសារ​ទឹក​ជំនន់។

១. ទឹក​ឡើងដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ខេត្ត​ក្រចេះ

អភិបាល​ខេត្ត​ក្រចេះ លោក សរ ចំរុង បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា ថា ក្រោយ​ពេល​ដែល​ឃើញ​ការ​កើន​ឡើង​នៃ​ល្បឿន​ទឹក​បែប​នេះ ខាង​អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​ជូន​ដំណឹង​ទៅ​ដល់​​​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​គ្រប់​ជាន់​ថ្នាក់​នៅ​តាម​ មូលដ្ឋាន​ឱ្យ​ត្រៀម​លក្ខណៈ​ជា​មុន​ក្នុង​ការ​ការពារ​សុវត្ថិភាព​របស់​ ប្រជាពលរដ្ឋ​​ពី​គ្រោះ​មហន្តរាយ​​នេះ។ លោក​បន្ថែម​ទៀត​ថា ចំពោះ​ខេត្ត​ក្រចេះ មាន​ស្រុក​មួយ​ចំនួន​​ទទួល​រង​ការ​គំរាម​កំហែង​ពី​សំណាក់​ទឹក​ទន្លេ​មេគង្គ ពិសេស​ស្រុក​នៅ​ជាប់​ដង​ទន្លេ ដូចជា​ស្រុក​ឆ្លូង ស្រុក​ព្រែកប្រសប់ ស្រុក​សំបូរ និង​ក្រុង​ក្រចេះ។ លោក​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​បាន​​ត្រៀម​លក្ខណៈ​ជា​មុន​ខ្លះ ហើយ​សម្រាប់​​បញ្ជៀស​បញ្ហា​ដែល​នឹង​អាច​កើត​ឡើង។

២. ទឹក​ឡើងដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ខេត្ត​កំពង់ចាម

ចំពោះ​ខេត្ត​កំពង់ចាម វិញ ដែល​ជា​ខេត្ត​នៅ​ជាប់​ដង​ទន្លេ​មេគង្គ​ដែរ​នោះ ត្រូវ​បាន​អភិបាល​ខេត្ត​ លោក លន់ លឹមថៃ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​២២ កញ្ញា ថា អាជ្ញាធរ​ខេត្ត​និង​ស្រុក​ក៏​បាន​ត្រៀម​លក្ខណៈ​​មួយ​ចំនួន​ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​និង​ការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា ទីទួល​សុវត្ថិភាព​នៅ​ទូទាំង​ខេត្ត​កំពង់ចាម មាន​ចំនួន​ ៦៦៣​កន្លែង ដែល​ផ្ទុក​ចំនួន​ប្រជាពលរដ្ឋ​បាន​​ប្រមាណ​ជា​ជាង ៥​ម៉ឺន​នាក់។ ក្នុង​ចំណោម​ស្រុក​ទាំង ១៦ នៃ​ខេត្ត​​កំពង់ចាម គឺ​មាន​ ស្រុក​ចំនួន ៧ ដែល​នៅ​ជាប់​ដង​ទន្លេ​មេគង្គ និង​មាន​ស្រុក​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ទទួល​ការ​គំរាម​កំហែង​ពី​ទឹក​ទន្លេសាប។

បើ​ទោះ​បី​ការ​ហក់​ឡើង​ខ្ពស់​នៃ​ទឹក​ទន្លេ​មេគង្គ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មិន​ទាន់​​បង្ក​ឱ្យ​មាន​ចំនួន​មនុស្ស​​ស្លាប់ និង​ការ​ខូចខាត​ធ្ងន់ធ្ងរ​​ក៏ដោយ ក៏​អភិបាល​ខេត្ត​ទាំង​ពីរ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​​​ពិសេស​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​កូន​ក្មេង ដែល​ជា​ជន​ងាយ​រង​គ្រោះ និង​ត្រៀម​លក្ខណៈ​បន្ថែម​ទៀត​ ដើម្បី​បញ្ចៀស​​ការ​ខាត​បង់​ផ្សេងៗ​ជាយថាហេតុ។ ម្យ៉ាង​ទៀត អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​គ្រប់​កម្រិត បន្ត​តាម​ដាន​​នូវ​សុវត្ថិភាព​ និង​ត្រូវ​រាយការណ៍​ពី​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​មក​ថ្នាក់​លើ​ជា​ប្រចាំ ជុំវិញ​បញ្ហា​នៃ​ការ​កើន​ឡើង​នៃ​ទឹក​ទន្លេ​មេគង្គ​នេះ។

៣. ទឹក​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន​នៅ​ខេត្ត​ស្ទឹងត្រែង

ចំណែក​នៅ​ឯ​ខេត្ត​ស្ទឹងត្រែង ទឹក​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក បាន​ស្រក​ចុះ​វិញ​ហើយ ប៉ុន្តែ​ទឹក​ជំនន់​នៅ​តំបន់​ទន្លេ​មេគង្គ​លើ​ក្នុង​ខេត្ត​នេះ នៅ​តែ​បន្ត​ជន់​លិច​បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​នៅ​ឡើយ។ ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​នៅ​ខេត្ត​នានា​នៃ​ភាគ​ឦសាន​ប្រទេស​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ធ្វើ​ឲ្យ​ជំនន់​ទឹក​ទន្លេ​មេគង្គ​លើ​ក្នុង​ខេត្ត​ស្ទឹងត្រែង ឋិត​ក្នុង​កម្រិត​លើស​ពី​កម្រិត​ប្រកាស​ភាព​អាសន្ន។ មន្ត្រី​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ឲ្យ​ដឹង​ថា ស្រុក​ចំនួន ៤ នៅ​ក្នុង​ខេត្ត​នេះ បាន​រង​ផល​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់។

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved