ការ​ប្រកួត​ប្រជែង​ថត​​រូប​ ពី​សម្រស់​របស់​ប្រទេស​កម្ពុជា​ដ៏​ធំ​ពុំ​ធ្លាប់​មាន ​នឹង​ចាប់​ផ្ដើម​នៅ​ប្រទេស​កម្ពុជា​ ដោយ​បើក​ចំហ​ដល់​អ្នក​ថត​រូប​ជាតិ​ និង​អន្តរជាតិ​ទាំង​អស់​ចូល​រួម​ប្រកួត​ដោយ​សេរី។

កម្មវិធី​ “Imagine Cambodia 2013 photo competition”​ រៀប​ចំ​ដោយ​សណ្ឋាគារ​ Shinta Mani ​នៅ​ក្រុង​សៀមរាប​ និង​គាំទ្រ​ដោយ​កម្ម​វិធី​ពិព័រណ៍​រូប​ថត​ប្រចាំ​ឆ្នាំ​ Angkor Photo Festival​ បាន​ប្រកាស​បើក​កម្ម​វិធី​ប្រកួត​ប្រជែង​រូប​ថត​ពី​ថ្ងៃ​នេះ​ទៅ​ហើយ។

បុគ្គលិក​របស់​សណ្ឋាគារ​ Shinta Mani ​លោក​ កុយ​ កុល ​បាន​ឲ្យ​ដឹង​ថា​ គោល​បំណង​នៃ​ការ​បង្កើត​កម្ម​វិធី​នេះ​គឺ​ដើម្បី​ទាក់ទាញ​អ្នក​ថត​រូប​ទូទាំង​ពិភព​លោក​ ងាក​មក​​ផ្ដិត​យក​ទិដ្ឋភាព​ស្រស់​ស្អាត​ជា​ច្រើន​​របស់​ប្រទេស​កម្ពុជា​ ដើម្បី​ពិភព​លោក​បាន​ឃើញ​ផង។

លោក​បន្ថែម​ថា៖ “យើង​ចង់​ឲ្យ​ពិភព​លោក​បាន​ឃើញ​នូវ​ភាព​ស្រស់​ស្អាត​របស់​កម្ពុជា​តាម​រយៈ​រូប​ភាព​របស់​គេ​ ដែល​បាន​ថត​ពី​ស្រុក​យើង។ យើង​យក​តែ​រូប​ដែល​ទាក់​ទង​នឹង​សម្រស់​របស់​កម្ពុជា​ ប៉ុន្តែ​ មិន​មែន​រូប​បាតុកម្ម​ទេ។ ខ្ញុំ​គិត​ថា​ ស្រុក​យើង​មាន​ប្រាសាទ​បុរាណ​ជាច្រើន​ និង​ធម្មជាតិ​ផ្សេង​ទៀត​ ដូច្នេះ​រូប​ភាព​ស្អាត​ៗ​មិន​ខ្វះ​ទេ។ យើង​មាន​គោល​បំណង​ចង់​ទាក់​ទាញ​មនុស្ស​បាន​ទស្សនា​ពី​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​ពី​៨​ទៅ​១០​លាន​នាក់​ឯណោះ”។

លោក​បន្ត​ទៀត​ថា​ សម្រាប់​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​វិញ​ អ្នក​ណា​ក៏​អាច​ចូលរួម​បាន​​ដែរ​ ដោយ​មិន​ប្រកាន់​អាយុ​ ឬ​សញ្ជាតិ​ឡើយ។ រូប​ថត​របស់​គេ​នឹង​ធ្វើ​ការ​ជ្រើស​រើស​ដោយ​គណៈកម្មការ​ ដែល​ជា​អ្នក​ថត​រូប​អា​ជីព​ និង​មាន​ការ​ពិភាក្សា​ជាមួយ​នឹង​ Angkor Photo Festival ផង​ដែរ។

លក្ខខណ្ឌ​ចូលរួម៖
@ ការ​បញ្ជូន​រូប​ថត​មក​ប្រកួត​ប្រជែង​ អ្នក​យល់​ព្រម​ថា​ អ្នក​គឺ​ជា​ម្ចាស់​ និង​ជា​អ្នក​បង្កើត​រូប​នោះ។
@ សណ្ឋាគារ​ Shinta Mani​ និង​ Angkor Photo Festival​នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​លួច​កម្មសិទ្ធិ​ណា​មួយ​ឡើយ​ ប៉ុន្តែ​នឹង​ធ្វើ​ការ​ដក​រូប​នោះ​ចេញ​បើ​មាន​ការ​តវ៉ា​ពី​ម្ចាស់​កម្ម​ សិទ្ធិ។
@ រូប​ថត​ទាំង​អស់​ដែល​បញ្ជូន​មក​ចូល​រួម​ប្រកួត​ គួរ​តែ​មាន​រក្សា​ទុក​នៅ​ម្ចាស់​ដើម​ផង។ សណ្ឋាគារShinta Mani​ និង​ Angkor Photo Festival ​មាន​សិទ្ធិ​បង្ហោះ​រូប​ថត​ទាំង​នោះ​ជា​លក្ខណៈ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ ប្រកួត​ប្រជែង​ “Imagine Cambodia 2013 photo competition”​ តែ​ប៉ុណ្ណោះ​ ហើយ​ផ្សព្វផ្សាយ​រូប​ទាំង​នេះ​ជាមួយ​នឹង​ឈ្មោះ​នៃ​ម្ចាស់​រូប​ថត។

ពាន​រង្វាន់៖
@ រូប​ថត​ដែល​ល្បី​ជាង​គេ​ដោយ​ទទួល​បាន​ការ​ចុច ​Likes​លើ​ Facebook​ច្រើន​ នឹង​ឈ្នះ​រង្វាន់​ស្នាក់​នៅ​៣​ថ្ងៃ​ នៅ​ Shinta Mani Club, ​អាហារ​ពេល​ល្ងាច​សម្រាប់​មនុស្ស​ពីរ​នាក់​ នៅ​ភោជនីយដ្ឋាន ​AHA restaurant, ការ​ម៉ាស្សា​នៅ ​Shinta Mani Spa​, និង​ខិត្តប័ណ្ណ​បញ្ចុះ​តម្លៃ​ទិញ​កាមេរ៉ា​​ជាង​៥០០​ដុល្លារ។
@ រូប​ថត​កំពូល​ៗ​ទាំង​១០​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ចៅ​ក្រម​ នឹង​ត្រូវ​បាន​ពិព័រណ៍​នៅ​ក្នុង​ពិព័រណ៍​ប្រចាំ​ឆ្នាំ​លើក​ទី​៩​ Angkor Photo Festival។

អ្នក​ថត​រូប​ទាំង​អស់​ មិន​ថា​ខ្មែរ​ ឬ​បរទេស​ អ្នក​ថត​រូប​អាជីព​ ឬ​មិន​អាជីព​ទេ​ សុទ្ធ​តែ​អាច​ចូលរួម​ប្រកួត​ប្រជែង​បាន​ ដោយ​រូប​ថត​របស់​គេ​ត្រូវ៖
@ ​ផ្ញើ​ទៅ​កាន់​ imaginecambodia@shintamani.com។
@ បញ្ជាក់​ឈ្មោះ​Facebook​របស់​អ្នក​ឲ្យ​បាន​ច្បាស់​លាស់​ ដូច្នេះ​គេ​នឹង​Tag​រូប​ទាំង​នោះ​ទៅ​កាន់​អ្នក!
@ រូប​ថត​នឹង​ធ្វើ​ការ​បង្ហោះ​លើ​ Facebook​ ជា​ប្រចាំ​ថ្ងៃ​តែ​ម្ដង។
@ កាល​បរិច្ឆេទ​ឈប់​ទទួល​រូប​ថត​ប្រកួត​ប្រជែង​ចុង​ក្រោយ​ គឺ​នៅ​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​នេះ។

ព័ត៌មាន​លម្អិត​ សូម​ចុច​ត្រង់​នេះ