Breaking News
Loading...
Saturday, September 21, 2013

ស្លាប់​៣​នាក់​ក្នុង​១​ថ្ងៃ​ដោយសារ​លង់ទឹក​៣​លើក​នៅ​បន្ទាយមានជ័យ​


​ខេត្តបន្ទាយមានជ័យ​៖ ឥទ្ធិពល​នៃ​ទឹកជំនន់​កំពុង​បំផ្លិចបំផ្លាញ​សមិទ្ធផល​សាធារណៈ​នានា ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ រហូត​ជីវិត​មនុស្ស​ថែម​ទៀតផង ជាក់ស្តែង​ថ្មីៗ​នេះ​មាន​មនុស្ស​ស្លាប់​ចំនួន​៣​នាក់​ក្នុង​១​ថ្ងៃ​ដោយឡែក​ពីគ្នា​ដោយសារ​លង់ទឹក​នៅ​ខេត្តបន្ទាយមានជ័យ​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​សៅរ៍ ម្សិលមិញ​នេះ​។​


​យោងតាម​របាយការណ៍​របស់​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៣ នេះ​ថា នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣ នេះ​មាន​មនុស្ស​ស្លាប់​រហូតដល់​ទៅ​៣​នាក់​ក្នុង​រយៈពេល​តែ​១​ថ្ងៃ​។​


​ប្រភព​នេះ​បន្តថា ករណី​ទី​១-​នៅវេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ភូមិ​ចុង​គោក ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ មាន​បុរស​ចំណាស់​ម្នាក់​ឈ្មោះ សួ សាន អាយុ​៥៥​ឆ្នាំ​ត្រូវគេ ប្រទះឃើញ​សាកសព​ស្លាប់​ដោយសារ​លង់ទឹក​នៅ​វាលស្រែ​ខាងជើង​ភូមិ​ចម្ងាយ ១៥០​ម៉ែត្រ​។​តាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​ស្រុក​ម​ង្គ​ឡ​បូរី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ចំណាស់​បាន​ដើរទៅ​ដោះ​មង​នៅ​ចំណុចកើតហេតុ​បន្ទាប់ មក​ក៏មាន​ក្មេងប្រុស​ម្នាក់​បាន​ជិះទូក​ទៅ​មើល​មង​តាម​ក្រោយ​ពេលទៅដល់​កន្លែង​ដាក់មង​ស្រាប់តែ​ឃើញ​មួក និង​ទ្រុង​ដាក់​ត្រី​អណ្តែត​មិនឃើញ មនុស្ស​មានការ​សង្ស័យ​ក៏​ចែវ​ទូក​ទៅ​មើល​ស្រាប់តែ​ឃើញ​សព​បុរស​ចំណាស់ ស្លាប់​ដោយសា​ច់មង​រុំ​ជើង​រួច​ក៏​ចែវ​ទូក​មក​ប្រាប់​សាច់ញាតិ​ទៅ​មើល និង​យក​សព​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​។​


​ករណី​ទី​២-​នៅវេលា​ម៉ោង​២​និង​៤០​នាទី​ថ្ងៃទី​១៧ កញ្ញា ដដែល​មាន​បុរស​ម្នាក់​ឈ្មោះ ហយ ហឿន អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​សូ​ភី ឃុំ​សូ​ភី ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​បាន​ស្លាប់​ដោយសារ​លង់ទឹក​ស្រះ​នៅ​ខាងក្រោយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សូ​ភី​ចម្ងាយ​៥០​ម៉ែត្រ​។​តាម​ការ​ឲ្យ​ដឹង​ពី លោកនាយ​ប៉ុ​ស្ត៏​នគរបាល​រដ្ឋបាល​សូ​ភី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ កញ្ញា​នេះ​ផងដែរ​ថា ជនរងគ្រោះ​ជាម​នុស្ស​កើត​ជំងឺ​ស្កន្ទជាន់​។​នៅ​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ចុះទៅ​ក្នុង​ទឹកស្រះ​ដើម្បី​បេះ​ព្រលឹត​យកមក​ស្ល​ហូប ចៃដន្យ​ជំងឺ​ស្កន្ទ​រើ​ឡើងវិញ​គ្មាន​នរណា​ដឹង​ក៏​លង់ទឹក​ស្លាប់​តែម្តង សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​


​ករណី ទី​៣-​នៅ​ភូមិ​តា​វង ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក នៅ វេលា​ម៉ោង​៧​យប់​នា​ថ្ងៃ​ដដែល​នោះដែរ​មាន​គេ​បាន​ប្រទះឃើញ​សព​បុរស​ចំណាស់ ម្នាក់​បាន​លង់ទឹក​ប្រឡាយ​ស្លាប់​ចម្ងាយ​ពី​ភូមិ​៥០០​ម៉ែត្រ​។​បុរស​ចំណាស់​នោះ​ឈ្មោះ ស៊ុត ញ៉ា​ញ់ អាយុ​៦០​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ស្រវឹងស្រា​ហើយ​ចុះ ដើរទៅ​ងូតទឹក​ប្រឡាយ​តែម្នាក់ឯង​ក៏​លង់ទឹក​ស្លាប់​តែម្តង សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​ផងដែរ​៕ ​

vk-2109a1

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved