អ្នក​ប្រហែល​ជា​កំពុង​តែ​ពិបាក​ចិត្ត​រឿង​ដុះ​ក្បាល​ពោះ​ទាំង​វ័យ​ក្មេង​ ចង់​ស្លៀក​សំលៀក​បំពាក់​រឹប​រាង​នឹង​គេ​ក៏​មិន​ហ៊ាន​ស្លៀក​ ជា​ហេតុ​ធ្វើ​ឲ្យ​បាត់​បង​ភាព​ទាក់​ទាញ​អស់​មួយ​កម្រិត។ តើ​មាន​វិធី​ណា​ដើម្បី​សម្រក​ក្បាល​ពោះ​ឲ្យ​រាប​ស្មើ​ស្អាត?

លោក​ ហ៊ី ឌីណារិន្ទ ប្រធាន​ក្លឹប​ហាត់​ប្រាណ​គីង​កុង បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​​ដុះ​ក្បាល​ពោះ​ខូច​រាង​រៅ​​ឆាប់​រហ័ស​បែប​នេះ​ ​ដោយ​សារ​តែ​​​មិត្ត​នារី​​ៗ​មើល​រំលង​ការ​ធ្វើ​លំហាត់​ប្រាណ​ប្រចាំ​ថ្ងៃ។  ​លោក​បាន​​បន្ត​​ទៀត​ថា​ ​អ្នក​ខ្លះ​គិត​តែ​ពី​ញុំា​ហើយ​គេង​ ការ​ញុំា​មិន​តប​ចំណី មិន​បាន​បញ្ចេញ​សកម្មភាព​​កីឡា​ ឬ​ហាត់​ប្រាណ​ដើម្បី​បណ្ដេញ​ជាតិ​ខ្លាញ់​ចេញ​ពី​ក្នុង​ខ្លួន សុទ្ធ​តែ​ជា​មូលហេតុ​​នាំ​ឱ្យ​ដុះ​ក្បាល​ពោះ។ ​

ដោយ​ឡែក​ មិន​មែន​ដុះ​តែ​ក្បាល​ពោះ​ទេ សូម្បី​តែ​នៅ​ខ្នង ដៃ​ ​ជើង​ និង​ជា​ពិសេស​នៅ​ត្រគាក​ក៏​​ប្រែ​ប្រួល​ធំ​ជាង​មុន​ដែរ។ ប្រធាន​ក្លឹប​ រូប​នេះ​បាន​លើក​ឡើង​ថា ៖ “​ពោះ​និង​ត្រគាក​គឺ​ឆាប់​ដុះ​ខ្លាញ់​លឿន​ជាង​គេ​។ ចំពោះ​នារី​ដែល​ចង់​សម្រក​ខ្លាញ់​ទាំង​នោះ​ត្រូវ​ជ្រើស​រើស​យក​ការ​ធ្វើ​លំហាត់​ប្រាណ​ និង​ការ​តម​ចំណី​អាហារ​ដែល​ជា​កត្តា​ចំា​បាច់​”។


​មិត្ត​ៗ​សុភាព​នារី​អាច​អនុវត្ត​ក្បាច់​ចលនា​សម្រក​ក្បាល​ពោះ​ដូច​ជា​ទី​មួយ ដេក​ឲ្យ​រាប​ស្មើ​ បញ្ឈរ​ជង្គង់ ហើយ​ងើប​ខ្លួន​ចុះ​ឡើង។ ក្បាច់​ទី​២ ដេក​ឲ្យ​រាប​ស្មើ​ហើយ បោះ​ជើង​ឡើង​លើ​ចុះ​ក្រោម។ សម្រាប់​ចលនា​សម្រក​ខ្លាញ់​​​ត្រគាក​វិញ​ អ្នក​ត្រូវ​លុត​ជង្គង់​ ហើយ​ឱន​ខ្លួន​ចុះ​ក្រោម ច្រតដៃ​ទាំង​ពីរ បន្ទាប់​មក​ធ្វើ​ចលនា​បោះ​ជើង​ទៅ​ក្រោយ​ឡើង​លើ​ចុះ​ក្រោម។

ក្រៅ​ពី​នេះ​ អ្នក​អាច​ជ្រើស​រើស​ការ​ធ្វើ​លំហាត់​ប្រាណ​ដោយ​អនុវត្ត​ចលនា​ងាយ​ៗ​ ដូច​ជា​ រត់ ធាក់​កង់ ដើរ​ លោត​អន្ទាក់​ជា​ដើម។ ប្រធាន​ក្លឹប​រូប​នេះ​ ក៏​បាន​បន្ត​ទៀត​ថា កាល​ហាត់​ប្រាណ​ជា​មធ្យម​រយៈ​ពេល​ ៣០នាទី​នៅ​ពេល​ព្រឹក​គឺ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​បញ្ឆេះ​​ ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​បាន​ល្អ។ “​ពេល​ព្រឹក​គួរ​ហាត់​មុន​ពេល​ញុំា​អាហារ​ពេល​ព្រឹក ព្រោះ​អាច​បំផ្លាញ​ជាតិ​ពុល​ដែល​បន្សល់​ពី​អាហារ​កាល​ពី​យប់​​​ក្នុង​ខ្លួន”។ លោក​​​បាន​បន្ថែម​ដូច្នេះ។ ​

សម្រាប់​អាហារ​ដែល​មាន​គុណ​ប្រយោជន៍​សម្រាប់​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​រួម​មាន​ ផ្លែ​ឈើ បន្លែ សាច់​ត្រី​ សាច់​មាន់។ លោក​ ឌី​ណា​រិន្ទ​ បញ្ជាក់​បន្ថែម​ទៀត​ថា​​ ៖ “​យ៉ាង​ណា​មិញ បើ​ចង់​ស្រក​ខ្លាញ់​នោះ​គួរ​ កាត់​បន្ថយ​ការ​ញុំា​អាហារ​ណា​ដែល​សំបូរ​ដោយ​ជាតិ​កាបូអ៊ីដ្រាត ​(carbohydrate) ហើយ​យក​ល្អ​កាត់​បន្ថយ​ការ​ញុំា​បាយ​ពេល​ល្ងាច​”៕​ ​

ចង់​ដឹង ម៉េច​ក៏​ប្រុស​ស្រី​កើត​ស្រែង​កន្លែង​សំងាត់?