កញ្ញា គង់ ចាន់ស្រីមុំ បាន​សរសេរ​នៅ​ Wall នៃ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ចំណង​ស្នេហ៍​រវាង​កញ្ញា និង​បុរស​សង្ហារ​ លោក គឹម សីហា បាន​ឈាន​មក​ដល់​ផ្លូវ​បំបែក​ហើយ កាល​ពី​ពេល​ថ្មី​នេះ។

កាល​ពី​យប់​មិញ​នេះ ស្រីមុំ បាន​សរសេរ​នៅ ​Wall របស់​នាង​ដែល​មាន​ន័យ​ថា ” ផុត​ម៉ោង​១២​យប់​នេះ ខ្ញុំ​នៅ​ម្នាក់​ឯង​ហើយ” ។ គេ​មិន​ទាន់​បាន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​ចំណង​ស្នេហ៍​ច្រើន​ឆ្នាំ​យ៉ាង​នេះ​ទៅ​ហើយ​នោះ ឈាន​ដល់​ចំណុច​ដាច់​ដោច​ដូច្នេះ​ទេ ថែម​ទាំង​បាន​សាង​អនុស្សាវរីយ​ជាមួយ​គ្នា​ស្ទើរ​រាប់​មិន​អស់​ទៀត​ផង។


មុន​នេះ​បន្តិច បណ្ដាញ​សារព័ត៌មាន​នានា ក៏​បាន​ចុះ​ផ្សាយ​ពី​ភាព​រង្គោះរង្គើ​នៃ​គូ​ស្នេហ៍​មួយ​គូ​នេះ​ខ្លះ​ដែរ ខណៈ​មាន​ការ​លើក​ឡើង​ថា ស្រីមុំ ជា​អ្នក​សុំ​បែក​មុន ដោយ​បាន​ដើរហើរ​ជា​មួយ​បុរស​ផ្សេង​ជា​ញឹកញាប់​ទៀត​ផង។ ប៉ុន្តែ​ព័ត៌មាន​នេះ​ក៏​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ដោយ​កាល​នោះ​មាន​ការ​បក​ស្រាយ​ពី​ភាគី​លោក គឹម សីហា ដោយ​អះអាង​ថា គ្មាន​រឿង​ដូច្នោះ​ទេ និង​ស្នើ​សុំ​ឲ្យ​ឆ្លង​កាត់​ពូក​គេ​សិន​មុន​នឹង​ធ្វើ​ការ​ចុះ​ផ្សាយ។

ប៉ុន្តែ​លើក​នេះ ស្រី​ស្អាត​ខាង​លើ​បាន​ឆ្លើយ​តប​យ៉ាង​ច្រើន​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដាច់ដោច​របស់​អ្នក​ទាំង​ពីរ ដោយ​បង្ហាញ​ពី​ជំហរ​ផ្ទាល់​ខ្លួន​ចំពោះ​រឿង​នេះ។ ស្រីមុំ បាន​បញ្ជាក់​ថា” Comment ទាំង​អស់​ជា​ការ​ពិត មិន​មែន​លេង​សើច​ទេ”។ អ្នក​ទាំង​ពីរ​បាន​ឈាន​ដល់​ផ្លូវ​បំបែក​ប្រាកដ​មែន ហើយ​នាង​សប្បាយ​ចិត្ត​ក្នុង​ការ​រស់​នៅ​តែ​ម្នាក់​ឯង។

​អាន៖ គេសង្ស័យ គង់ ចាន់ស្រីមុំ ទាស់​គ្នា​ជាមួយ​សង្សារ

ក្រឡេក​មក​មើល​អ្នក​គាំទ្រ​វិញ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​ចំពោះ​នាង គង់ ចាន់ស្រីមុំ និង​គូ​ស្នេហ៍ ហើយ​ស្នើ​ឲ្យ​មាន​ការ​និយាយ​គ្នា​ឡើង​វិញ ដើម្បី​ដោះ​ស្រាយ​បញ្ហា​កើត​ឡើង។ ប៉ុន្តែ ភាគី​ខាង​ស្រី​បាន​បង្ហាញ​ជំហរ​ថា មិន​អាច​ដោះស្រាយ​បាន​នោះទេ។

​អាន៖​ គង់ ចាន់ស្រីមុំ បញ្ចេញ​រូបភាព​ផ្អែមល្ហែម​ជាមួយ​គូ​ស្នេហ៍​ពី​សិង្ហបុរី

កិច្ចសន្ទនា​រវាង​ស្រីមុំ និង​Fans។ រូបថត៖ Facebook គង់ចាន់ស្រីមុំ

ចំណង​ស្នេហ៍​រវាង​កញ្ញា គង់ ចាន់ស្រីមុំ និង​បុរស​សង្ហា គឹម សីហា បាន​កើត​ឡើង​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ។ ក្រៅ​ពី​ការ​សាង​អនុស្សាវរីយ៍​ជាមួយ​គ្នា​ស្ទើរ​រាប់​មិន​អស់​ទៅ​ហើយ​នោះ គូ​ស្នេហ៍​ចាក់​ទឹក​មិន​លិច​មួយ​គូ​នេះ​ក៏​បាន​បណ្ដាក់​ទុន​រក​ស៊ី​ជាមួយ​គ្នា​ទៀត​ផង៕

​អត្ថបទ៖​ សំ ជំនាញ