​​ឆ្នាំ​នេះ​​គឺ​ជា​ខួប​គម្រប់​១០​ឆ្នាំ​នៃ​ខ្សែ​ភាពយន្ត​ភាគ​ល្បីល្បាញ​ទូទាំង​ពិភពលោក​របស់​​កូរ៉េ​ខាង​ត្បូង​គឺ​រឿង​ ​“ដេចាំងគីម”។ ​សម្រាប់​គ្រប់​ខួប​ ១០​ឆ្នាំ​នេះ​ តួ​ឯក​​ស្រី​រឿង​​​នេះ​គឺ​​ ​លី​​យ៉ុង​​អេ​​ (Lee Young Ae) ​​ព្រម​ទទួល​ស្គាល់​ថា​ នាង​បាន​ប្រើ​ប្រាស់​តួ​ជំនួស​ (Stuntwoman) ក្នុង​ឈុត​ធ្វើ​ម្ហូប​អាហារ​​។

​អាន៖ តារា​ចម្រៀង-សម្ដែង​ប្រុស​កូរ៉េ​​ ១៤​រូបទទួល​បាន​រហស្សនាម​​​ “​ស្រស់​ស្អាត​ជាង​បុប្ផា”​

រំលឹក​ឡើង​វិញ​ភាពយន្ត​ភាគ​បុរាណ​កូរ៉េ​រឿង​នេះ ​​ត្រូវ​បាន​យក​ទៅ​ចាក់​បញ្ចាំង​ចំនួន ​​៩០​ប្រទេស​​ ​ហើយ​បាន​​ក្លាយ​ជា​រឿង​លំដាប់​ជួរ​មុខ​កូរ៉េ​ដែល​មាន​ចំនួន​មនុស្ស​ពេញ​និយម​ទស្សនា​ច្រើន​លើស​លុប​នា​​ពេល​​នោះ។

ដើម្បី​អបអរ​ខួប​ ​១០​ឆ្នាំ​​ តារា​សម្ដែង​វ័យ ​​៤២​ឆ្នាំ​មុខ​ស្រស់​រូប​នេះ​​ បាន​​​​ផ្ដល់​បទ​សម្ភាសន៍​ថា ​នាង​មាន​កិត្តិយស​ខ្លាំង​ណាស់​ ប៉ុន្តែ​នាង​ក៏​និយាយ​ដែរ​ថា​ ​ទោះ​ជា​រងា​ខ្លាំង​​​​ក្ដី​តែ​​នាង​នៅ​តែ​សប្បាយ​​ចិត្ត​ដែរ​ ​ព្រោះ​នាង​បាន​ទៅ​ថត​នៅ​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​ មិន​តែ​ប៉ុណ្ណោះ ​ប្រជាជន​ភាគ​ច្រើន​តែង​តែ​ស្វាគមន៍​នៅ​រាល់​កន្លែង​ដែល​នាង​បាន​ទៅ​ថត​ហើយ​នេះ​ គឺ​ជា​អនុស្សាវរីយ៍​ដែល​នាង​មិន​អាច​បំភ្លេច​បាន។

​នៅ​ពេល​សួរ​ដល់​ចំណុច​ធ្វើ​ម្ហូប​ អ្នក​ម្ដាយ​កូន​ពីរ​រូប​នេះ​ទទួល​ស្គាល់​ថា​ ​នាង​បាន​ប្រើ​ប្រាស់​តួ​ជំនួស​ក្នុង​ឈុត​ឆាក​ធ្វើ​ម្ហូប​ព្រោះ​នាង​ធ្លាប់​​រង​គ្រោះ​ថ្នាក់​ដោយ​សារ​ការ​ថត​ឈុត​ឆាក​នេះ។

ដោយ​សារ​តែ​បាន​សម្ដែង​​ជា​តួ​អង្គ ​​ដេ​ចាំង​គីម​ ធ្វើ​ឲ្យ​ លីយ៉ុង​អេ​ ​មាន​ឱកាស​បាន​ជួប​ស្ត្រី​ល្បីល្បាញ​ទូ​ទាំង​ពិភពលោក​​​​ខាង​ទាម​ទារ​​លទ្ធិប្រជាធិបតេយ្យ​របស់​​ប្រទេស​មីយ៉ាន់ម៉ា​ ​គឺ​លោកស្រី​អង់​សាន​ស៊ូ​ជី​ ​នៅ​ពេល​ដែល​លោក​ស្រី​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​​ប្រទេស​កូរ៉េ។

លី​យ៉ុង​អេ​ និង​​គ្រួសារ​

​កូន​​ទាំង​ពីរ​របស់​លីយ៉ុង​អេ

​​​​ថ្មីៗ​នេះ​​ ​លី​យ៉ុង​អេ​ ទទួល​បាន​កិត្តិយស​ដោយ​ត្រូវ​ជ្រើស​តាំង​ជា​ឯក​អគ្គ​រដ្ឋ​ទូត​សន្តិភាព​ដើម្បី​អភិរក្ស​បរិស្ថាន ​​និង​កសាង​សន្តិភាព​ក្នុង​តំបន់​គ្មាន​ទាហាន​​​រវាង​ទាំង​កូរ៉េ​ខាង​ជើង ​និង​ខាង​ត្បូង។ មិន​តែ​ប៉ុណ្ណោះ​ ​នាង​ក៏​ទើប​តែ​បាន​ចូលរួម​ក្នុង​កម្មវិធី​ធ្វើ​ម្ហូប​មួយ​ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​ក្នុង​ខែ​មករា​ឆ្នាំ​មុខ​នេះ​ផង​ដែរ៕

​ប្រែ​សម្រួល ៖ សុខា នីកា
ប្រភព ៖ Kdramachoa

​​​​​​