Breaking News
Loading...
Saturday, September 21, 2013

ក្រុមហ៊ុន​AZ​បានទទួល​សិទ្ធិ​វិនិយោគ​ថែទាំ​ផ្លូវជាតិ​លេខ​៤ ជាង​១០​ឆ្នាំ ប្រមូលបាន​ប្រាក់ចំណេញ​នៅលើ​គោក​​ ធ្វើ​ឲ្យ​ប្រជា​ពលរ​ដ្ឋ​មិន​សប្បាយ​ចិត្ត


​រាជធានី​ភ្នំពេញ ៖​ អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ដែល​ក្រុមហ៊ុន AZ ទទួលបាន​សិ​ទិ្ធ​វិនិយោគ​ថែទាំ​ផ្លូវជាតិ​លេខ​៤ ដែលជា​ជំនួយ​របស់​សហរដ្ឋអាមេរិក ប៉ុន្ដែ​រឿង​ពិត​គេ​សង្កេតឃើញថា ក្រុមហ៊ុន​នេះ​អត់​ដែល​ខ្វល់ខ្វាយ​អនុវត្តន៍​ឲ្យ​ស្របតាម​កិច្ចសន្យា​នោះទេ គឺ​គិតតែ​ប្រមូលប្រាក់​ដែលជា​ញើស​ឈាម​របស់​ពលរដ្ឋ​ខ្មែរ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​គឺ​សមល្មម​ដល់ពេល​រាជរដ្ឋាភិបាល​ពិនិត្យ​សើរើ​ករណីនេះ​ឡើងវិញ​ហើយ​។​


​យោងតាម​មតិ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ឲ្យ​ដឹងថា​ច្រើន​ឆ្នាំ​មកហើយ​ដែល​ក្រុមហ៊ុន​AZ​ព្យាយាម​សង់​បញ្ជរ​កាត់​ផ្លូវជាតិ​លេខ​៤ ជាច្រើន​កន្លែង​ដើម្បី​បង្ខំ​ឲ្យ​អ្នកដំណើរ​និង​រថយន្ត​ដឹកទំនិញ​បង់ប្រាក់ ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ ហើយ​បើ​និយាយ​ពី​សេវា​ថែទាំ​ជួសជុល​ផ្លូវជាតិ​លេខ​៤​វិញ​ក្រុមហ៊ុន​AZ​ធ្វើតាម​របៀប​លេងៗ​កុំឱ្យ​គេ​ថា​អត់​ធ្វើ​អ្វី​សោះ​ព្រោះ​រឿង​សំខាន់​ដែល​ក្រុមហ៊ុន​AZ​ចង់បាន​នោះ​គឺជា​ការ​ប្រឹង​ប្រមូលប្រាក់​ពី​រថយន្ដ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​តាមរបៀប​ធ្វើ​អាជីវកម្ម​លើ​ខ្នង​ប្រជារាស្ដ្រ​ខ្មែរ​ក្រីក្រ​។​


​ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា​ឧកញ៉ា​លី​យ៉ុង​ផាត់​បាន​សង់ស្ពាន​ឆ្លង​ដៃសមុទ្រ​នៅ​ខេត្ដ​កោះកុង​និង​ស្ពាន​ព្រែក​ព្នៅ​ឆ្លងកាត់​ទន្លេសាប​តាម​រូបមន្ដ​BOT​ដើម្បី​ទទួលបាន​សិទ្ធិ​ប្រមូលប្រាក់​ពី​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវ​ស្ពាន​ទាំង​នោះគេ​អាច​ចាត់ទុកថា​ជាការ​វិនិយោគ​ដ៏​ត្រឹមត្រូវ​និង​បង្ហាញ​ពី​ការរួមចំណែក​របស់​វិស័យ​ឯកជន​ជួយ​វិនិយោគ​សមិទ្ធផល​ក្នុងស្រុក​បម្រើ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​។​ក្រុមហ៊ុន​មួយចំនួនទៀត​ទទួលបាន​សិទ្ធិ​សង់​ផ្លូវ​លេខ​២០០៤​ឬ​ផ្លូវ​វេ​ង​ស្រេង​តាម​រូបមន្ដ​BOT​ពេល​សង់​រួចហើយ​ក្រុមហ៊ុន​ទាំងនោះ​ឮ​អាច​ដំណើរការ​ប្រមូលប្រាក់​ក្នុងពេល​កំណត់​មួយ​តាម​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​ហើយ​ចុងបញ្ចប់​ត្រូវប្រគល់​សមិទ្ធផល​នោះ​ឱ្យ​រដ្ឋាភិបាល​គ្រប់គ្រង​បម្រើឱ្យ​ផលប្រយោជន៍​សាធារណៈ​។​


​សម្រាប់​ក្រុមហ៊ុន​AZ​ដែល​កាលណោះ​ស្ថិតក្រោម​ការក្ដោបក្ដាប់រ​បស់​ឧកញ៉ា​អ៊ឹង​ប៊ុន​ហ៊ូ​វ​បានទទួល​សិទ្ធិ​ថែទាំ​ផ្លូវជាតិ​លេខ​៤​ក្នុង​ឆ្នាំ​២០០១​ហើយក៏​ចាប់ផ្ដើម​កែលំអ​ស្ថានភាព​ផ្លូវត្រង់​ចំណុច​ចោមចៅ​តិចតួច​ប៉ុណ្ណោះ​ក៏​បង្កើត​បញ្ជរ​សម្រាប់​ឃាត់​រថយន្ដ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​ឱ្យ​បង់ប្រាក់​យ៉ាង​ងាយស្រួល​បំផុត​ពោលគឺ​ការវិនិយោគ​របស់​ក្រុមហ៊ុន​AZ​មិន​ខុសពី​ការធ្វើ​នំ​អត់​ម្សៅ​នោះទេ​ដោយ​មិនបាន​ចំណាយ​ដើមទុន​មួយ​កាក់​មួយ​សេន​ណា​ឡើយ​ព្រោះ​ផ្លូវជាតិ​លេខ​៤​នោះ​ត្រូវបាន​ស្ដា​ឡើងវិញ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្ដរជាតិ​របស់​សហរ​ដ្ឋ​អាមេរិក​ចំណាយ​ប្រា​ក់ជាង​៣០​លាន​ដុល្លារ​រួចទៅហើយ​គឺ​ក្រុមហ៊ុន​AZ​គ្រាន់តែ​មក​សង់​បញ្ជរ​ឱ្យ​អ្នកដំណើរ​បង់ប្រាក់​តែប៉ុណ្ណោះ​។​


​សម្រាប់​ជំហាន​ចាប់ផ្ដើម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើងវិញ​រាប់​តាំងពី​ក្រោយ​កិច្ចព្រមព្រៀង​សន្ដិភាព​ក្រុងប៉ារីស​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​១៩៩១​សហរដ្ឋអាមេរិក​បាន​ចំណាយ​ប្រា​ក់ជាង​៣០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ស្ដា​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ​៤​ពី​ភ្នំពេញ​ទៅ​ខេត្ដ​ព្រះសីហនុ​ចម្ងាយ​ប្រមាណ​២៣០​គីឡូម៉ែត្រ​គឺជា​ប្រាក់​ជំនួយ​មានតម្លៃ​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់​អាមេរិក​។​បើ​គេ​ចាំ​មិន​ភ្លេច​ទេ​ផ្លូវជាតិ​លេខ​៤​ត្រូវបាន​សង់​ឡើង​ក្នុងសម័យ​សង្គមរាស្ដ្រនិយម​អំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៦០​ប៉ុន្ដែ​ត្រូវបាន​បំផ្លាញ​ដោយ​គ្រាប់មីន​និង​គ្រាប់បែក​របស់​ក្រុម​ឧទ្ទាម​ខ្មែរក្រហម​កាត់ផ្ដាច់​បណ្ដា​ញ​សេដ្ឋកិច្ច​ខ្មែរ​ហើយ​កាលណោះ​បើ​សហរដ្ឋអាមេរិក​មិន​ជួយ​ស្ដារ​ផ្លូវជាតិ​លេខ​៤​ឡើងវិញ​ទេនោះ​ច្បាស់​ណាស់​ដែលថា​កម្ពុជា​មិន​អាចមាន​មូលនិធិ​ជួសជុល​ស្ពាន​ផ្លូវ​ដោយ​ខ្លួនឯង​បានទេ​។​


​អំឡុងពេល​បើកសម្ពោធ​ផ្លូវជាតិ​លេខ​៤​ដែល​គេ​និយម​ហៅថា​ជា​ផ្លូវ​មិ​ត្ដ​ភាព​កម្ពុជា​-​អាមេរិកាំង​ដែល​ត្រូវ​ស្ដា​ឡើងវិញ​កាលពី​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩៩០​នោះ​ឯកឧត្តម​គាត​ឈន់​ជា​រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានលើកឡើង​ថា​ចំណងដៃ​ផ្លូវជាតិ​លេខ​៤​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​អាចជួយ​ឱ្យមាន​ការអភិវឌ្ឍ​និង​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ដើម្បី​ភ្ជាប់​តំបន់​មាត់សមុទ្រ​មកកាន់​រាជធានី​ភ្នំពេញ​ហើយ​វា​ជាការ​រួមចំណែក​មួយ​សំខាន់បំផុត​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​ទន់ខ្សោយ​ទើប​ងើប​ផុតពី​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​។​


​តំណាង​ស្ថានទូត​អាមេរិក​ក៏​ធ្លាប់បាន​បញ្ជាក់​ផងដែរ​ថា​ការស្ដារ​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ​៤​នេះ​បង្កើតឱ្យមាន​សក្ដានុពល​ធំធេង​ជួយ​ដល់​រាស្ដ្រ​ខ្មែរ​និង​ការដឹកជញ្ជូន​ទំនិញ​ពី​ដែនសមុទ្រ​មកកាន់​រាជធានី​ភ្នំពេញ​គឺជា​ការលើកស្ទួយ​សេដ្ឋកិច្ចជាតិ​ក៏ដូចជា​បម្រើឱ្យ​ជីវភាព​រាស្ដ្រ​ខ្មែរ​ក្រីក្រ​។​ផ្លូវជាតិ​លេខ​៤​ត្រូវបាន​ចាត់ទុកថា​ជា​សំណង់​ដ៏​រឹងមាំ​បំផុត​ធានា​ឱ្យ​ការដឹកជញ្ជូន​សព្វសារពើ​ជាពិសេស​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​ដោយ​សេរី​ព្រោះ​វា​ជា​ជំនួយ​របស់​អាមេរិក​ដូចដែល​សម្តេច​តេ​ជោ ហ៊ុនសែន​ធ្លាប់បាន​លើកឡើង​ជា​ញឹកញាប់​រួចហើយ​ថា​មាន​ផ្លូវ​មានសង្ឃឹម​ដើម្បី​ដើរទៅ​មុខ​ឆ្ពោះទៅកាន់​ភាព​រីកចម្រើន​ជឿនលឿន​។​


​ប៉ុន្ដែ​ស្ថានភាព​នេះ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​ពី​ភ្នំពេញ​ទៅ​ខេត្ដ​ព្រះសីហនុ​កំពុង​ខក​ចិ​ត្ដ​យ៉ាង​សម្បើម​ត្រង់​ថា​មាន​ផ្លូវ​ហើយ​មិនទាន់មាន​សង្ឃឹម​ទេ​ព្រោះ​ទាល់​តែមាន​ប្រាក់​បង់​ឱ្យ​ក្រុមហ៊ុន AZ នៅតាម​បញ្ជរ​ចំនួន​៣​កន្លែង​គឺ​នៅ​ចំណុចកំបូល​, ស្ទឹង​សំរោង​និង​អូរ​ចំណា​ទើប​មានសង្ឃឹម​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​។​ប្រជាពលរដ្ឋ​គួរតែមាន​សិទ្ធិ​ប្រើប្រាស់​ផ្លូវ​សាធារណៈ​ព្រោះ​ផ្លូវជាតិ​លេខ​៤​នេះ​ត្រូវបាន​ស្ដារឡើងវិញ​ដោយ​ប្រាក់​ជំនួយ​របស់​អាមេរិក​ប្រហែល​៣០​លាន​ដុល្លារ​គេ​មិន​បានឃើញ​ក្រុមហ៊ុន​AZ​នេះ​ចេញ​ប្រាក់​ទៅ​សង់​ផ្លូវ​ដូច​ក្រុមហ៊ុន​មួយចំនួនទៀត​តាម​រូបមន្ដ​BOT​នោះទេ​។​


​អ្នកដំណើរ​ជាទូទៅ​បាន​លើកឡើងថា​ពួកគេ​ត្រូវ​ឈប់​បង់ប្រាក់​ចំនួន​៣​កន្លែង​ឱ្យ​ក្រុមហ៊ុន​AZ ដែល​មួយកន្លែង​ត្រូវ​បង់​ចំនួន​២៨០០​រៀល​គឺ​បង់​ទាំង​ទៅ​ទាំង​មក​សម្រាប់​រថយន្ដ​គ្រួសារ​ហើយ​រថយន្ដ​ដឹកជញ្ជូន​ខ្នាត​ធំ​គិត​ផ្សេង​ពីនេះ​ហើយ​បើតាម​ការលើកឡើង​រប​ស់​អ្នកតំណាងរាស្ត្រ​ក្នុងពេល​កន្លងមក​បាន​បញ្ជាក់ថា​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​AZ​មាន​ចាប់ពី​១០​ទៅ​១៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការបង្ខំ​ឱ្យ​រថយន្ដ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​បង់ប្រាក់​ពោលគឺ​ប្រាក់​ចូល​ហោប៉ៅ​ក្រុមហ៊ុន​AZ ច្រើនសន្ធឹក​សន្ធាប់​ប៉ុន្ដែ​កញ្ចប់​ថវិកា​យកទៅ​ជួសជុល​ថែទាំ​ផ្លូវ​នោះ​មាន​តិចតួច​បំផុត​៕

ghhgh

 


ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved