ខេត្តប៉ៃលិន ៖ សមត្ថកិច្ចចរាចរណ៍ជើងគោកមកពី ស្រុកសាលាក្រៅ ក្រុង-ខេត្ត នៃស្នងការនគរបាល ខេត្តប៉ៃលិន បានចុះរៀបចំសណ្តាប់ធ្នាប់ ដោយត្រួតពិនិត្យការបើកបរក្រោម ឥទ្ធិពលជាតិស្រវឹង ការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព និងការប្រើប្រាស់ម៉ូតូ អត់មានកញ្ចក់មើលក្រោយ។
ការចុះប្រតិបត្តិការនេះ ធ្វើឡើងចាប់ពីវេលាម៉ោង ៥ និង ៣០នាទី រសៀលថ្ងៃទី២៣ មករា ២០១៤ ស្ថិតនៅចំណុចខាងលិចចំណតរថយន្តថ្មី ក្បែរសណ្ឋាគារហង្សមាស ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ទី ឡុង អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានសមត្ថកិច្ចចរាចរណ៍ជើងគោក ចំនួន ៣៧នាក់។
លោកឧត្តមសេនីយ៍ត្រី ទី ឡុង បានឲ្យដឹងថា បន្ទាប់ពីបានរៀន និងបង្រៀនមេរៀនវគ្គបណ្តុះ បណ្តាល ស្តីពីការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង និងការមិនពាក់មួកសុវត្ថិភាពរួចមក លោកក៏បានដឹកនាំសមត្ថកិច្ចចរាចរណ៍ ជើងគោក ដែលមកពីស្រុកសាលាក្រៅ ក្រុង និងខេត្តប៉ៃលិន ដើម្បីអនុវត្តមេរៀន ដែលពួកគេបានរៀនរយៈពេល ១ថ្ងៃ ពេញកន្លងមក។ គោលបំណងនេះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យក្រោយថ្ងៃ អនុវត្តមេរៀននេះតទៅ ដល់ប្រជាពលរដ្ឋណា ដែលបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព សេពគ្រឿងស្រវឹង និងបើកបរម៉ូតូអត់មានកញ្ចក់មើលក្រោយជាដើម។
លោក ទី ឡុង ក៏ឲ្យសមត្ថកិច្ចចរាចរណ៍ចែក ខិតបណ្ណដល់ប្រជាពលរដ្ឋ ដែលបើកបរម៉ូតូមិនគោរព ច្បាប់ចរាចរណ៍ម្នាក់មួយសន្លឹកផងដែរ ដើម្បីទុកអាននៅផ្ទះដោយបានដាក់ថា ការពារជីវិតអ្នក កុំបើកបរក្រោយពេលពិសារគ្រឿងស្រវឹង ហាមពិសារជាតិស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០,២៥មីលីក្រាម ក្នុង ១លីត្រខ្យល់ ឬចាប់ពី ០,៥ក្រាម ក្នុង ១លីត្រឈាម ឡើងទៅ។
ហើយការផាកពិន័យ បើពិនិត្យឃើញជាតិអាល់កុល ចំនួន ០,២៥-០,៣៩មីលីក្រាម ក្នុង ១លីត្រខ្យល់ អ្នកបើកបរម៉ូតូត្រូវផាកពិន័យ ចំនួន ៦ពាន់រៀល អ្នកបើកបរយានយន្តធុនស្រាល ត្រូវផាកពិន័យ ១២.០០០រៀល អ្នកបើកបររថយន្តធុនធំ ត្រូវផាកពិន័យ ២៥.០០០រៀល ហើយបើកម្រិតអាល់កុលច្រើនជាងនេះ អាចជាប់ពន្ធនាគារ។
លោក ទី ឡុង បញ្ជាក់ទៀតថា គ្រាន់តែឲ្យសមត្ថកិច្ចចរាចរណ៍ជើងគោកចុះស្ទាបស្ទង់នូវអ្វី ដែលបានរៀនរួចកន្លងមក ស្រាប់តែពិនិត្យឃើញបងប្អូនប្រជាពលរដ្ឋ ដែលបើកបរម៉ូតូនៅពេលយប់មិនពាក់មួកសុវត្ថិភាពរហូតដល់ទៅ ៦១ភាគរយ ឯណោះ ខណៈដែលធ្វើការត្រួតពិនិត្យ ត្រឹមតែរយៈពេល ១ម៉ោង ប៉ុណ្ណោះ។
ដូច្នេះ លោកក៏សូមអំពាវនាវម្តងហើយម្តងទៀតយ៉ាងទទូច និងក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋរស់នៅខេត្តប៉ៃលិន ក៏ដូចជានៅទូទាំងប្រទេស សូមឲ្យពាក់មួកសុវត្ថិភាព ខណៈពេលបើកបរម៉ូតូ ហើយត្រូវតែដាក់គន្លឹះខ្សែមួកផង ដើម្បីជៀសវាងករណីគ្រោះថ្នាក់ ដល់ក្បាល ទោះជាបើកបរពេលយប់ ឬថ្ងៃ ក៏ដោយត្រូវប្រើមួកជានិច្ច ហើយច្បាប់ថ្មីនឹងចេញឆាប់ៗ ខាងមុខនេះ ដោយអ្នកបើកបរ និងអ្នកជិះពីក្រោយ ក៏ត្រូវតែពាក់មួកសុវត្ថិភាពដូចគ្នា៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
ប្រភពពី៖ www.khmerload.com
0 comments:
Post a Comment