ខេត្តប៉ៃលិន ៖ ជាងសិប្បកម្មម្នាក់បានរងរបួស បែកក្បាលផ្នែកខាងក្រោយ ត្រូវគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ តែស្ថិតក្នុងសភាពធ្ងន់ធ្ងរត្រូវគេបញ្ជូនបន្ត ទៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារបុរសរងគ្រោះ យកក្រមាបង់រុំ.ក រួចធ្វើការឈូសឈើធ្វើតុទូ និងគ្រែ ក្នុងរោងសិប្បកម្មឲ្យថៅកែម្នាក់ លុះពេលជាយក្រមាធ្លាក់ទៅប៉ះនឹង កង់ម៉ូទ័រម៉ាស៊ីនឈូសឈើ បណ្តាលឲ្យទាញក្រមាបោកក្បាល ទៅនឹងកង់ម៉ូទ័រយ៉ាងពេញទំហឹង រងរបួសធ្ងន់តែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី២២ មករា ២០១៤ ស្ថិតនៅក្នុងរោងសិប្បកម្មមួយ ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ បុរសរងគ្រោះឈ្មោះ ឈិត ឆៃ អាយុ ២១ឆ្នាំ ជាជាងឈូសឈើធ្វើតុទូ រងរបួសធ្ងន់ធ្ងរមានសង្ឃឹមរស់តិចតួច។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងពីសភាពជនរងគ្រោះយ៉ាងណានៅឡើយ ព្រោះអ្នកយកព័ត៌មានមិនអាច ទាក់ទងសួរនាំក្រុមគ្រួសារជនរងគ្រោះបាន ដោយសារតែបិទទូរស័ព្ទ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
ប្រភពពី៖ www.khmerload.com
0 comments:
Post a Comment