សារ​ដែល​ក្រុមហ៊ុន​ផ្ញើ​ជូន​បណ្ដា​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ព្រឹក​ថ្ងៃ​ទី ៤ ធ្នូ ២០១៣ នេះ​ថា ខ្លួន​នឹង​បញ្ឈប់​សេវាកម្ម​​Call Bonus​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​តែ​ម្ដង។ សារ​រន្ធត់​សម្រាប់​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់​ជា​ពិសេស​ស្រទាប់​មិត្តយុវវ័យ ដែល​តែងតែ​ជ្រើសរើស​ប្រព័ន្ធ​នេះ​ជា​មធ្យោបាយ​ក្នុង​ការ​ទាក់ទង ដោយ​ចំណាយ​តិច​ទាំង​ការ​និយាយ ផ្ញើ​សារ ឬ​លេង​អ៊ីនធឺណិត។

យ៉ាង​ណា​មិញ​ការ​សម្រេច​ចិត្ត​បែប​នេះ ក្នុង​សារ​អេឡិចត្រូនិក​ដដែល​ ដែល​ក្រុមហ៊ុន (Smart) ជម្រាប​ជូន​អតិថិជន​របស់​ខ្លួន​តាំង​ពី​ព្រហាម​បាន​សរសេរ​ទៀត​ថា យោង​ទៅ​តាម​ប្រកាស​លេខ ២៣២ របស់​ក្រសួង​ពីរ​ជា​អ្នក​កំណត់។

ការ​កំណត់របស់​Smart តាំង​ពី​ទទួល​បាន​ប្រកាស ២៣២ កាល​ពី​ខែ មេសា ២០១៣

ប្រកាស ២៣២​របស់​អន្តរ​ក្រសួង​ រវាង​ក្រសួង​ប្រៃសណីយ៍​ទូរគមនាគមន៍​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​បាន​សំដៅ​ទៅ​លើ​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​ណា​ជាក់​លាក់​ទេ ប៉ុន្តែ​ជា​ការ​សម្រេច​ជា​រួម​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូរសព្ធ​ចល័ត​ទាំង​អស់ បញ្ចប់​ការ​យក​តម្លៃ និង​ការ​ឃោសនា​ពាណិជ្ជកម្ម​ទាប​ហួស​កំណត់។ ដូច្នេះ​ការ​ផ្ដល់​សេវា​កម្ម​និយាយ​ដោយ​មិន​គិត​ថ្លៃ ( Call Bonus) ​លែង​មាន​ត​ទៅ​ទៀត​ហើយ។

គួរ​បញ្ជាក់​ថា ​ប្រកាស ២៣២ មិន​មែន​ជា​សេចក្ដី​ប្រកាស​ថ្មី​រវាង​ក្រសួង​ទទួល​បន្ទុក​ពីរ​មាន ក្រសួង​ប្រៃសណីយ៍​ទូរគមនាគមន៍​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប៉ុន្តែ​ជា​ការ​កំណត់​តាំង​ពី​ចុង​ខែ មេសា ឆ្នាំ ២០១៣​នេះ​មក​ម៉្លេះ។