ថ្មីៗ​នេះ​តារា​ចម្រៀង​ប៉ុប​តៃវ៉ាន់​ក្នុង​ក្រុម​ S.H.E គឺ​នាង​ Hebe Tien ​បាន​រង​ការ​ចោទ​ប្រកាន់​ថា ​ជា​មនុស្ស​និយម​ភេទ​ដូចគ្នា។ ​ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​ខាងលើ​ស្រី​ស្អាត​វ័យ​ ៣០ ឆ្នាំ រូប​នេះ ​បាន​ច្រាន​ចោល​​​រឿង​អាស្រូវ​ខាង​លើ​ដោយ​​អះអាង​ថា ​នាង​មិន​ដូច្នោះ​ទេ។

​​​​​​ស្រី​ស្អាត​រូប​នេះ​បន្ត​ថា ​នាង​មិន​ខ្វល់​នឹង​ពាក្យ​ចចាមអារ៉ាម​អី​ទាំង​អស់ ​ហើយ​នាង​នឹង​នៅ​តែ​​ទាក់ទង​ជាមួយ​មនុស្ស​គ្រប់​គ្នា​មិន​ថា ​ស្រី​ ឬ​ប្រុស​​នោះ​ទេ​ឲ្យ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នាង។ ​ទោះ​បី​ជា​លើក​ឡើង​បែប​នេះ ប៉ុន្តែ​Hebe Tien សង្កត់​ធ្ងន់​ថា ​នាង​ស្រលាញ់​មនុស្ស​ប្រុស មិន​មែន​ស្រលាញ់​ស្រី​ដូច​ការ​ចោទប្រកាន់​ទេ។

សូមអាន៖ អង្គរក្ស​​របស់​សមាជិក S.H.E វ៉ៃ​អ្នក​គាំទ្រ

បន្ថែម​ពី​នេះ​ នាង​បន្ត​ថា ​មិន​ទាន់​ចង់​គិត​គូរ​រឿង​ប្ដី​សី​អី​ទេ ​បើ​ទោះ​ជា​ខ្លួន​ជា​សមាជិក​តែ​ម្នាក់​ដែល​មិន​ទាន់​រៀបការ​ក្ដី។ ​​នាង​បញ្ជក់​ដូច្នេះ៖ “រៀបការ​គ្មាន​ន័យ​អី​ទេ​សម្រាប់​ខ្ញុំ។ ​ខ្ញុំ​មិន​គិត​ថា ​ការ​រៀបការ​ជា​ចំណុច​បញ្ចប់​នៃ​សម្ពន្ធភាព​ដ៏​រ៉ូមែនទិក​នោះ​ទេ”។ ​ទោះ​ជា​យ៉ាង​ណា ​នាង​​សារភាព​ថា នាង​​នៅ​តែ​ចង់​ក្លាយ​ខ្លួន​ជា​ម្ដាយ​គេ​នៅ​ថ្ងៃ​ណាមួយ។

​Hebe Tien ​គ្រោង​នឹង​ចេញ​លក់​អាល់ប៊ុម​ថ្មី​របស់​នាង​មាន​ចំណងជើង​ថា “Insignificance” ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ៕