វីរបុរស​បាល់ទាត់​ប្រេស៊ីល Ronaldinho មិន​អាច​ជួយ​ក្រុម​ជើង​ឯក​អាមេរិក​ខាង​ត្បូង​ Atletico Mineiro របស់​ខ្លួន​ ឡើង​ជួប​ក្រុម​ជើង​ឯក​អឺរ៉ុប​ Bayern Munich នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ FIFA Club World Cup បាន​នោះ​ទេ ក្រោយ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ម៉ារ៉ុក Raja Casablanca ៣-១ ទាំង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កាល​ពី​យប់​មិញ​នេះ។

Ronaldinho នៅ​តែ​ជា​តួឯក​​ទោះ​មាន​អាយុ​៣៣ឆ្នាំ

ជ័យជម្នះ​របស់​ក្រុម​ជើង​ឯក​ម៉ារ៉ុក​លើ​ក្រុម​ជើង​ឯក​ប្រេស៊ីល​ដែល​មិន​នឹក​ស្មាន​ដល់​នេះ បាន​ធ្វើ​ឲ្យ Raja Casablanca ក្លាយ​ជា​ក្រុម​មក​ពី​អាហ្រ្វិក​ទី​២​ដែល​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ពាន​រង្វាន់​ដ៏​ធំ​នេះ។

នៅ​តង់​ទី​១​ក្រុម​ទាំង​ពីរ​មិន​អាច​បំបែក​ពង​មាន់​បាន​នោះឡើយ​ ពោល​គឺ​ត្រូវ​ចាំ​ដល់​នាទី​ទី​៥១ ទើប​ក្រុម​ម្ចាស់ផ្ទះ​បើក​ការ​នាំ​មុខ​ ដោយ​ការ​ស៊ុត​បាល់​​ចម្ងាយ​១៩ម៉ែត្រ​របស់​កីឡាករ​ Iajour។

នៅ​ក្នុង​នាទី​៦៣ Ronaldinho បាន​ស៊ុត​បាល់​ហ្រ្វីឃីក​យ៉ាង​ល្អ​ឲ្យ​ក្រុម Atletico Mineiro តាម​ស្មើ​វិញ។ យ៉ាង​ណា​ក្ដី រយៈ​ពេល​៦នាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ Casablanca បាន​បន្ថែម​២គ្រាប់​ទៀត​ ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​ដោយ​ប្រធាន​ក្រុម Moutouali នៅ​នាទី​៨៤ និង​ដោយ​ការ​ស៊ុត​ចុង​ម៉ោង​ដោយ​កីឡាករ Vivien Madibe។

ក្រោយ​ចប់​ការ​ប្រកួត​ ក្រុម​កីឡាករ​របស់​ក្រុម Casablanca បាន​នាំ​គ្នា​អបអរ​យ៉ាង​ខ្លាំង​នៅ​ទល់​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន ​ជា​ធម្មតា​ដូច​ក្រុម​ឈ្នះ​ផ្សេង​ទៀត​ដែរ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​ពួក​គេ​បាន​នាំ​គ្នា​ចោមរោម Ronaldinho។ ពួក​គេ​​បាន​នាំ​គ្នា​ឱប​កីឡាករ​ល្បី​រូប​នេះ ហើយ​ថែម​ទាំង​ដោះ​យក​ស្បែក​ជើង​ទុក​ជា​អនុស្សាវរីយ៍​ក្នុង​ឱកាស​ជួប​កីឡាករ​សំណព្វ​របស់​ពួក​គេ​ដ៏​កម្រ​នេះ​ផង​ដែរ។

កីឡាករ​ក្រុម Raja Casablanca អបអរ​ក្រោយ​ចប់​ការ​ប្រកួត

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម Raja Casablanca មិន​មែន​ជា​ក្រុម​តំណាង​ទ្វីប​អាហ្រ្វិក​​ក្នុង​ពាន​នេះ​​ទេ គឺ​គ្រាន់​តែ​ជា​ក្រុម​ដែល​ទទួល​កៅអី​ក្នុង​នាម​ជា​ក្រុម​របស់​ម្ចាស់​ផ្ទះ​ប៉ុណ្ណោះ។ ​ចំណែក​ក្រុម​ជើង​ឯក​អាហ្រ្វិក Al-Ahly របស់​អេហ្សីប​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ៦​ប៉ុណ្ណោះ​ ក្រោយ​ចាញ់​ជើង​ឯក​អាស៊ី Guangzhou Evergrande ២-០ នៅ​ជុំ​ដំបូង​ និង​ចាញ់​ក្រុម​ជើង​ឯក​អាមេរិក​ខាង​ជើង Monterrey ៥-១ ក្នុង​វគ្គ​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៥ កាល​ពី​យប់​មិញ។

Raja Casablanca នឹង​ត្រូវ​ជួប​ត​ទល់​នឹង​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ​ រី​ឯ​ Atletico Mineiro ត្រូវ​ជួប​ក្រុម​ចិន Guangzhou Evergrande ដើម្បី​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ នៅ​ថ្ងៃ​ដូច​គ្នា​នោះ។

Ronaldinho អបអរ​ក្រោយ​ស៊ុត​ហ្រ្វីឃីក​តាម​ស្មើ

ក្រុម​កីឡាករ​ Raja Casablanca ចោមរោម​ដោះ​ស្បែក​ជើង Ronaldinho

កីឡាករ​២នាក់​របស់ Raja Casablanca បាន​ស្បែក​ជើង​របស់​ Ronaldinho ម្នាក់​ម្ខាង

តើ Raja Casablanca អាច​​បង្ក​ភាព​ភ្ញាក់ផ្អើល​​​ពេល​ប៉ះ Bayern Munich នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ដែរ​ឬ​ទេ?

វីដេអូ​ហាយឡាយ​នៃ​ការ​ប្រកួត៖

អត្ថបទ​ទាក់ទង៖