តារា​ចម្រៀង​តារា​សម្ដែង​កូនកាត់​ថៃ-​អង់គ្លេស​ដែល​បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​ថៃ​យូរ​មក​ហើយ​នៅ​តែ​ទទួល​បាន​ការ​ពេញ​និយម​គាំទ្រ​ពី​សំណាក់​ប្រជាជន​ថៃ​ បើ​ទោះ​ជា​នាង​មាន​វ័យ​រាង​ជ្រេ​បន្តិច​ហើយ​ក្ដី​។ តើ​ប្រិយមិត្ត​ធ្លាប់​ចាប់​អារម្មណ៍​ទេ​ថា​ Katreeya មិន​ត្រឹម​តែ​ធ្លាប់​មក​សម្ដែង​តន្ត្រី​រាំ​ច្រៀង​នៅ​ប្រទេស​កម្ពុជា​យើង​នោះ​ទេ​ នាង​ថែម​ទាំង​បាន​មក​សម្ដែង​រឿង​លើ​ទឹក​ដី​ខ្មែរ​យើង​ថែម​ទៀត​ផង​។

Katreeya ជា​តារា​ស្រី​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​ជំនាន់​មុន​ ឬ​និយាយ​រួម​កាល​ពី​ពេល​ដែល​ស្ថានីយ​ទូរទស្សន៍​ខ្មែរ​ចាក់​បញ្ចាំង​រឿង​ភាគ​ថៃ។ រឿង​ភាគ​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ទាំង​ខ្មែរ​ និង​ថៃ​ស្គាល់​និង​គាំទ្រ​នាង​ច្រើន​គឺ​រឿង “សំណក​បេះដូង​”​ សម្ដែង​ជាមួយ​តារា​សម្ដែង​ស៊ុមឆាយ ខេមក្លាត់។​

អាន៖ ឃើញ​សើច​អីចឹង​តែ ខាត់​ទ្រីយ៉ា ថា​មក​កម្ពុជា​លើក​នេះ នាង​មាន​រឿង​អត់​សប្បាយ​ចិត្ត

Katreeya ​កាល​មក​សម្ដែង​នៅ​កម្ពុជា​ថ្មីៗ​នេះ

រឿង​មួយ​ទៀត​ដែល​ល្បីល្បាញ​មិន​ចាញ់​គ្នា​គឺ​រឿង “នាង​បាប” ​សម្ដែង​រួម​ជា​មួយ​តារា​លំដាប់​កំពូល​ប្រទេស​ថៃ យូរ៉ាក់ណាន់ ផាក់មន្ទ្រី បច្ចុប្បន្ន​នេះ​បាន​ឈប់​សម្ដែង​ហើយ​ងាក​ទៅ​លេង​នយោបាយ ​ហើយ​ក៏​ជា​សមាជិក​បក្ស​ “ផឿថៃ” របស់​នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ី​ណាវ៉ាត្រា​​ផង​ដែរ​។​

កាល​ពី​ឆ្នាំ​២០១១កន្លង​ទៅ​ Katreeya English ​បាន​រួម​សម្ដែង​ក្នុង​ភាពយន្ត​រឿង ​”កែវភ្នែក​ឋានសួគ៌​” ដែល​ជា​រឿង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មួយ​ដែរ។ ហើយ​កាល​ពី​ឆ្នាំ​២០១២​វិញ​នាង​ក៏​បាន​វិល​មក​សម្ដែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍​មួយ​ទៀត​ដែរ​មាន​ចំណង​ជើង​ថា​ “កូន​ភ្លោះ​” ដែល​ជា​រឿង​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ព្រោះ​ក្នុង​រឿង​នេះ​ Katreeya សម្ដែង​ជា​តួ​អង្គ​ស្រី​ផង ​និង​សម្ដែង​ជា​តួ​អង្គ​ប្រុស​តុបតែង​ខ្លួន​ជា​ស្រី​ផង។

បើ​ទោះ​ជា​ Katreeya មិន​សូវ​លេច​មុខ​ក្នុង​វិស័យ​សម្ដែង​គឺ​មួយ​ឆ្នាំ​នាង​សម្ដែង​តែ​រឿង​មួយ​ក្ដី​តែ​ប្រជាប្រិយភាព​នាង​នៅ​តែ​ខ្លាំង​ហើយ​ចំនួន​អ្នក​គាំទ្រ​ក៏​នៅ​តែ​មាន​ចំនួន​ច្រើន​មិន​ចាញ់​តារា​ជំនាន់​ក្រោយ​ទេ​។

អាន៖ ជីវប្រវត្តិ​៖ សង្ខេប​ព័ត៌មាន​ទាំង​អស់​ជុំវិញ​ការ​បាត់បង់​Paul Walker

ឈុត​ដែល​ Katreeya សម្ដែង​ក្នុង​រឿង “ខេមរិន្ទ អ៊ីនធិរ៉ា”

រំលឹក​ដល់​ការ​មក​សម្ដែង​នៅ​ប្រទេស​ខ្មែរ​ Katreeya មិន​ត្រឹម​តែ​មក​សម្ដែង​តន្ត្រី​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​នាង​ថែម​ទាំង​បាន​សម្ដែង​រឿង​ភាគ​លើ​ទឹក​ដី​អង្គរ​និង​ទីក្រុង​ភ្នំពេញ​យើង​ផង​ដែរ​។ ​រឿង​ភាគ​ថៃ​”ខេមរិន្ទ អ៊ីនធិរ៉ា” (เขมรินทร์อินทิรา ) ដែល​សម្ដែង​ដោយ​ខេតទ្រីយ៉ា​ជាមួយ​នឹង​ សារ៉ាន់យូ​ គឺ​ជា​រឿង​រ៉ាវ​ស្នេហា​រវាង​នារី​រាស្ត្រ​សាមញ្ញ​ជនជាតិ​ថៃ​​ជាមួយ​នឹង​ព្រះរាជបុត្រ​ខេមរិន្ទ​ជា​ម្ចាស់​ក្មួយ​របស់​ព្រះ​មហាក្សត្រ​កម្ពុជា​។

រឿង​សង្ខេប​នៃ​រឿង “ខេមរិន្ទ​អ៊ីនធិរ៉ា​”

អ៊ីនធិរ៉ា​ ឬអ៊ីត​ព្រោះ​តែ​ចង់​គេច​ពី​ការ​ចាប់​គូបាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ​​ដើម្បី​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​ថៃ​។ នៅ​ទីក្រុង​ភ្នំពេញ​នាង​បាន​ជួប​បុរស​ក្នុង​សុបិន​ដែល​នាង​លួច​ស្រលាញ់​ក្នុង​ពេល​ដែល​នាង​បាន​ជួប​លើ​ប្រាសាទ​ព្រះវិហារ​ម្ដង​ទៀត​។ប៉ុន្តែ​អ៊ីត​ត្រូវ​ជួប​នឹង​រឿង​ទុក្ខ​សោក​ម្ដង​ទៀត​នៅ​ពេល​ដឹង​ថា​បុរស​ក្នុង​ក្ដី​សុបិន​មាន​ឋានៈ​ជា​ព្រះរាជបុត្រ​ និង​ជា​ព្រះ​អនត្តា​របស់​ក្សត្រ​ខ្មែរ….។

វីដេអូ​ខ្លះ​ពី​រឿង​ “ខេមរិន្ទ​អ៊ីនធិរ៉ា​”៖

ចុះ​ប្រិយមិត្ត​ទាំង​អស់​គ្នា​វិញ​មាន​ប្រិយមិត្ត​បាន​ដឹង​ទេ​ថា​នាង​ធ្លាប់​មក​សម្ដែង​លើ​ទឹក​ដី​កម្ពុជា​យើង​​ខ្លះ​?