​ឥណ្ឌូណេស៊ី និង​ថៃ នឹង​ឡើង​ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ្ញាសា​បាល់ទាត់​​បុរស ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​២៧ នៅ​ប្រទេស​មីយ៉ាន់ម៉ា នា​​ថ្ងៃ​សៅរ៍​ ទី​២១ ខែ​ធ្នូ​ស្អែក​នេះ ក្រោយ​បំបាក់​គូ​ប្រកួត​រៀង​ខ្លួន​​ក្នុង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​ម្សិលមិញ។

កីឡាករ​ឥណ្ឌូណេស៊ី (ក្រហម) ប្រជែង​យក​បាល់​ជាមួយ​ម៉ាឡេស៊ី

​ឥណ្ឌូណេស៊ី​ដែល​ឈ្នះ​កម្ពុជា ១-០ ទាំង​ចម្រូងចម្រាស់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល បាន​យក​ឈ្នះ​ម្ចាស់​មេដាយ​មាស​​ចាស់​ម៉ាឡេស៊ី ៤-៣ ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ក្រោយ​ស្មើ​គ្នា​ ១-១ ក្នុង​ម៉ោង​ធម្មតា និង​ម៉ោង​បន្ថែម​១៥នាទី​ពីរ​ដង។ ១គ្រាប់​របស់​ឥណ្ឌូណេស៊ី ធ្វើ​បាន​ដោយ Bayu Gatra រី​ឯ​មួយ​គ្រាប់​របស់​ម៉ាឡេស៊ី​ធ្វើ​បាន​ដោយ Thamil Arasu។ ចំណែក​គ្រាប់​បាល់​ប៉េណាល់ទី​៤គ្រាប់​របស់​ឥណ្ឌូណេស៊ី​ធ្វើ​បាន​ដោយ​ Alfin Ismail, M. Diego, Yandi Sofyan និង Ferinando Pahabol ខណៈ​៣គ្រាប់​របស់​ម៉ាឡេស៊ី​​ធ្វើ​បាន​ដោយ Mohd Nazmi Faiz, Mohd Fadhli Shas និង Rozaimi Abdul Rahman។

លទ្ធផល​នេះ​ គឺ​ជា​ការ​សងសឹក​យ៉ាង​ល្អ​បំផុត​មួយ​សម្រាប់​ឥណ្ឌូណេស៊ី ត្បិត​អី​ក្រុម​នេះ​ធ្លាប់​ចាញ់​គូ​ប្រជែង​អ្នក​ជិត​ខាង​​ម៉ាឡេស៊ី​ដោយ​បាល់​ប៉េណាល់ទី​ក្នុង​លទ្ធផល​ដូច​គ្នា​នេះ​ក្នុង​​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​ដី​ខ្លួន​ឯង​កាល​ពី​ស៊ីហ្គេម​២ឆ្នាំ​មុន។

ងាក​ទៅ​មើល​ជំនួប​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មួយ​គូ​ទៀត​វិញ គឺ​ក្រុម​ថៃ​ដែល​​ស្មើ​កម្ពុជា ០-០ ក្នុង​វគ្គ​ជម្រុះ​តាម​ពូល បាន​យក​ឈ្នះ​សិង្ហបុរី ១-០។ ១​គ្រាប់​ដែល​ជួយ​ឲ្យ​ថៃ​ឡើង​ដណ្ដើម​មេដាយ​មាស​ជាមួយ​ឥណ្ឌូណេស៊ី​នេះ ធ្វើ​បាន​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​ Praweenwat Boonyong នៅ​នាទី​២៣ ក្រោយ​ Madhu Mohana បង្ក​កំហុស​លើ Charyl Chappuis។

កីឡាករ​ក្រុម​ U-23 ថៃ អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​រវាង​ឥណ្ឌូណេស៊ី និង​ថៃ នឹង​ធ្វើ​ឡើង​នៅ​ម៉ោង​៨នាទី​យប់​ថ្ងៃ​សៅរ៍​ស្អែក​នេះ នៅ​កីឡដ្ឋាន Zayar Thiri Stadium ក្នុង​ទីក្រុង​ថ្មី​របស់​មីយ៉ាន់ម៉ា Nay Pyi Taw។ ចំណែក​ម៉ាឡេស៊ី និង​សិង្ហបុរី នឹង​ត្រូវ​ប្រកួត​ដណ្ដើម​មេដាយ​សំរឹទ្ធ​វេលា​ម៉ោង​៤:៣០ល្ងាច​ក្នុង​កីឡដ្ឋាន​ដដែល​នោះ។

តើ​ប្រិយមិត្ត​គិត​ថា​ ថៃ ឬ​ ឥណ្ឌណេស៊ី ​នឹង​ដណ្ដើម​បាន​មេដាយ​មាស​បាល់ទាត់​បុរស​នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ?