Breaking News
Loading...
Friday, December 20, 2013

ទេព សម្ផស្ស ស្រើបស្រាល​ជាមួយ​ហ្វីលីពីន​ទាំង​ក្នុង​អាងទឹក និង​លើ​គ្រែ



ភ្នំពេញ : ទន្ទឹម​នឹង​ទឹកភ្នែក​ហូរ​ស្រក់​គ្មាន​ស្រាកស្រាន្ត​ក្នុង​កាយវិការ សម្តែង​ខ្សែវីដេអូ​ភាគ​រឿង «ជីវិត​នាង​រក្សា​» នៅ​កញ្ចក់​ទូរទស្សន៍ MyTV នោះ តួអង្គឯក​នាង​រក្សា កញ្ញា ទេព សម្ផស្ស បាន​ធ្វើឲ្យ​ទស្សនិកជន​ភ្ញាក់​យ៉ាង​ស្រឡាំងកាំង ជាមួយ​ការ​សម្តែង​ស្រើបស្រាល​ស្ទើរ​អាក្រាតកាយ ជាមួយ​តួប្រុស​ជនជាតិ​ហ្វីលីពីន ដែល​កាយវិការ​នោះ​ហាក់​ផ្ទុយ​ស្រឡះ​ពី​ចរិត​ដែល​នាង​សម្តែង​ក្នុង​រឿង «ជីវិត​នាង​រក្សា» នោះ។ ប៉ុន្តែ​កញ្ញា ទេព សម្ផស្ស អះអាង​ថា នោះ​ជា​ការ​សម្តែង​វីដេអូ​ចម្រៀង​ឲ្យ​បរទេស បើ​ឲ្យ​ខ្មែរ​ក៏​នាង​មិន​ហ៊ាន​ថត​ដល់​ម្ល៉ឹង​ដែរ​។

ខ្សែវីដេអូ​ភាគ​រឿង ជីវិត​នាង​រក្សា បាន​ស្ទួយ​ប្រជាប្រិយភាព​កញ្ញា ទេព សម្ផស្ស ឲ្យ​មាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ទស្សនា​។ តួអង្គ​នាង​រក្សា សម្តែង​ដោយ​កញ្ញា ទេព សម្ផស្ស ជា​កូនកំព្រា​ដែល​ប្រឹង​តស៊ូ​ក្នុង​ជីវិត និង​ឆ្លងកាត់​នូវ​ឧបសគ្គ​ជាច្រើន ដូចជា រង​នូវ​ការ​មាក់ងាយ ស្ទើរ​ពេញ​សាច់រឿង​ទាំង​មូល​ធ្វើឲ្យ​នាង​បង្ហូរ​ទឹកភ្នែក​ស្ទើរ​ហួតរីង ពី​ខ្លួន​។

131219_20a

តារា​សម្ដែង​ទើប​នឹង​រះ​ថ្មី​កញ្ញា ទេព សម្ផស្ស ដែល​ល្បី​តាមរយៈ​ខ្សែ​ភាពយន្ត​ភាគ​រឿង «ជីវិត​នាង​រក្សា»។ រូបថត សហ​ការី

នាង​បាន​អះអាង​ថា៖ «រឿង​នេះ​ខ្ញុំ​សម្តែង​ចូល​តួ​បាន​ល្អ​ណាស់ ពិសេស​ឈុតឆាក​កម្សត់ៗ បង្ហូរ​ទឹកភ្នែក នោះ​ក៏​ព្រោះ​តែ​សាច់រឿង​ទាំងមូល វា​ត្រូវ​នឹង​ខ្សែជីវិត​ពិត​របស់​ខ្ញុំ​នៅ​ខាង​ក្រៅ​»។

នាង​ពោល​ពាក្យ ទាំង​អួលអាក់​ថា៖ «ខ្ញុំ​ជា​កូនកំព្រា​ឪពុក​តាំងពី​ខ្ញុំ​នៅ​តូច ខ្ញុំ​រកស៊ី​ចិញ្ចឹម​ម្តាយ និង​ប្អូន ដើរ​ស៊ីឈ្នួល​លាងចាន រត់តុ ប៉ុន្តែ​ពេល​ខ្ញុំ​ក្លាយ​ខ្លួន​ជា​សិល្បៈ​ហើយ រក​លុយ​បាន​ច្រើន​គួរសម និង​មុន​ពេល​កុងត្រា​ថត​រឿង ជីវិត​នាង​រក្សា នេះ មិន​បាន​ប៉ុន្មាន​ម្តាយ​ខ្ញុំ​ក៏​ស្លាប់​ចោល​ខ្ញុំ។ លុះ​មិន​បាន​ប៉ុន្មាន​ជីតា​ខ្ញុំ​ក៏​ស្លាប់​ចោល​ខ្ញុំ​ទៀត ហេតុនេះ​អារម្មណ៍​ខ្ញុំ​ដិត​ជាប់​នូវ​ភាព​កម្សត់​នោះ​កាន់​តែ​ខ្លាំង​ទើប ខ្ញុំ​សម្តែង​បាន​ល្អ»។

ប៉ុន្តែ កញ្ញា ទេព សម្ផស្ស អះអាង​ថា៖ «ភាព​កម្សត់ នៅក្នុង​សាច់រឿង​ជីវិត​នាង​រក្សា​នេះ នៅ​មិន​ដល់​ជីវិត​នាង​ខ្ញុំ​ខាង​ក្រៅ​ទេ នៅ​ក្រោម​ខ្លាំង​ណាស់»។

គ្រា​ដែល កំពុង​តែ​ធ្វើឲ្យ​មហាជន ដែល​បាន​ទស្សនា​ខ្សែភាព​ភាគ​រឿង ជីវិត​នាង​រក្សា និង​ម្នាក់ៗ​ពោល​ពាក្យ​ស្រឡាញ់​អាណិត​នាង​មិន​ដាច់​ពី​មាត់​នោះ តារា​ទឹកភ្នែក​រូប​នេះ​បែរ​ជា​លេច​វត្តមាន​យ៉ាង​សិចស៊ី​ក្នុង​វីដេអូ ចម្រៀង​ហ្វីលីពីន ជា​ភាសា​អង់គ្លេស​ចំណងជើង​ថា He Ain’t Gotta Know ក្នុង​សម្លៀកបំពាក់​សិចស៊ី និង​កាយវិការ​ស្រើបស្រាល ដែល​ផ្ទុយ​ពី​ចរិត​សម្តែង​ក្នុង​រឿង​ជីវិត​នាង​រក្សា​នោះ​ទាំង​ស្រុង​។

អ្នក ដែល​បាន​ទស្សនា​វីដេអូ​ចម្រៀង​នោះ​មួយ​ចំនួន​ក៏​បាន​ប្រៀបធៀប​ពី​កម្រិត នៃ​ភាព​សិចស៊ី​រវាង​នាង ទេព សម្ផស្ស ថា ខ្លាំងក្លា​ជាង​តារាចម្រៀង ឆៃលី ដាឡែន គ្រា​ដែល​ចេញ​ទៅ​សម្តែង​នៅ​អាមេរិក​ទៅ​ទៀត។

បកស្រាយ​ពី​ការ សម្តែង និង​សម្លៀកបំពាក់​ក្នុង​ចម្រៀង​បរទេស​នេះ តារា​ទើប​រះ​ថ្មី​វ័យ​២៣​ឆ្នាំ​សារភាព​ថា៖ «ការពិត​មុន​ដំបូង​ខ្ញុំ​ក៏​មិន​ហ៊ាន​សម្តែង​បែប​នេះ​ដែរ ដោយ​ខ្ញុំ​គិត​ថា ខ្ញុំ​ជា​កូន​ខ្មែរ ក៏​ខ្លាច​ប៉ះពាល់​ដែរ ប៉ុន្តែ​ដោយសារ​មិត្តភក្តិ​ខ្លះ​ថា នេះ​ជា​បទ​បរទេស មិនមែន​ជា​បទ​ខ្មែរ មិន​អី​ទេ ទើប​ខ្ញុំ​សម្តែង​»។

នាង​លើក​ទស្សនៈ ផ្ទាល់​ថា៖ «វា​មិន​ជា​ជ្រុល​ហួសហេតុ​ទេ ក្នុង​ការ​សម្តែង​របស់​ខ្ញុំ​ពេល​នោះ ត្រឹម​តែ​ស្លៀកពាក់​ប៊ីគីនី និង​បញ្ចេញ​កាយវិការ​ចាប់ផ្តើម​លើ​គ្រែ​បន្តិច​នោះ នោះ​ជា​កាយវិការ​សិល្បៈ វា​មិនមែន​ជា​ការពិត​ទេ ប៉ុន្តែ​នោះ​ក៏​មិនមែន​ជា​ចរិត​របស់​ខ្ញុំ​ខាង​ក្រៅ​ដែរ»​។

នាង បាន​បញ្ជាក់​ថា៖ «ការ​សម្តែង​ក្នុង​បទចម្រៀង​នោះ ខ្ញុំ​សម្តែង​ជា​នារី​មាន​ប្តី ប៉ុន្តែ​ក្រោយ​មក​បាន​លួចលាក់​មាន​ស្នេហា​ជាមួយ​ជនជាតិ​ហ្វីលីពីន»។

យ៉ាងណា នាង ទេព សម្ផស្ស ក៏​បាន​ត្រៀម​ខ្លួន​ហើយ​ស្រេច​ចំពោះ​ពាក្យ​រិះគន់​ដែរ ដោយ​នាង​និយាយ​ថា៖ «មិនមែន​ខ្ញុំ​មិន​ដឹង​មុន​ទេ គឺ​ខ្ញុំ​ដឹង​ហើយ​ថា មិន​អាច​ចៀស​រួច​ទេ​ចំពោះ​ពាក្យ​រិះគន់​ចំពោះ​ខ្ញុំ​ថា ខ្ញុំ​ជា​ខ្មែរ​ភ្លេច​ប្រពៃណី​នោះ ប៉ុន្តែ​ដូច​ខ្ញុំ​ប្រាប់​មុន​នេះ​ថា វា​មិនមែន​ជា​ការ​ពិត​ទេ វា​ជា​ការ​សម្តែង​»។

ក្រៅពី​បញ្ជាក់​ថា នេះ​ជា​លើក​ទី​មួយ ដែល​នាង​សម្តែង​ជាមួយ​តួ​ជនជាតិ​បរទេស ហើយ​ក៏​ជា​ទី​មួយ​ដែល​នាង​ហ៊ាន​ថត​សិចស៊ី​ស្រើបស្រាល​ឡើង​គ្រែ​ជាមួយ តួប្រុស​នោះ កញ្ញា ទេព សម្ផស្ស ក៏​បាន​ប្រកាស​ផង​ដែរ​ថា៖ «ខ្ញុំ​នឹង​មិន​រាថយ​ទេ​ចំពោះ​ការ​សម្តែង​បែប​នេះ បើ​មាន​ការ​គាំទ្រ​ច្រើន ខ្ញុំ​នឹង​សម្តែង​បន្ត​ទៀត​នូវ​ឈុតឆាក​ស្រដៀងៗ​គ្នា​នេះ ប៉ុន្តែ​បើ​រង​នូវ​ការ​រិះគន់​ច្រើន​នោះ​ខ្ញុំ​ក៏​មិន​ហ៊ាន​ដែរ ព្រោះ​ខ្លាច​ដូច​តារា​មុនៗ ឮ​ថា​អ្នក​ខ្លះ​ខ្សត់​ការងារ​ព្រោះ​តែ​សម្តែង​សិចស៊ី​បែប​នេះ​ក៏​មាន​ដែរ​»។

ចង់​ដឹង​ថា កញ្ញា ទេព សម្ផស្ស សិចស៊ី​កម្រិត​ណា លោក​អ្នក​អាច​ចូល​ទៅ​ទស្សនា​វីដេអូ​ចម្រៀង​នេះ​តាមរយៈ វេបសាយ www.youtube.com/watch?v=pHfxZxoiNjg៕

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved