ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ិកស៊ីកូ បាន​ក្លាយ​ជា​ប្រទេស​ទី​៣១​ ដែល​មាន​ឈ្មោះ​ទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ​ FIFA World Cup នៅ​​ប្រទេស​ប្រេស៊ីល ​ឆ្នាំ​ក្រោយ។

Oribe Peralta (លេខ១៩) អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី​ឲ្យ​ម៉ិកស៊ីកូ

ក្រុម​មក​ពី​តំបន់​ CONCACAF មួយ​នេះ បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ នូវែលហ្សេឡង់ ៤-២ នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​២ វគ្គ​ play-off ឆ្លង​ទ្វីប​​អម្បាញ់មិញ​នេះ ដែល​ធ្វើ​ឲ្យ​គ្រាប់​បាល់​សរុប​ទាំង​ពីរ​ជើង កើន​ដល់​ ៩-៣ (​ជើង​ទី​១ ម៉ិកស៊ីកូ ឈ្នះ ៥-១)។

គ្រាប់​បាល់​ទាំង​៤​របស់​ម៉ិកស៊ីកូ​​ក្នុង​ជើង​ទី​២​នេះ ធ្វើ​បាន​ដោយ​កីឡាករ​វ័យ​២៩ឆ្នាំ Oribe Peralta ៣គ្រាប់​ម្នាក់​ឯង (នាទី​១៤, ២៩, ៣៣) និង​១គ្រាប់​ទៀត​ធ្វើ​បាន​ដោយ​ Carlos Alberto Pena នៅ​៤នាទី​មុន​ចប់​ការ​ប្រកួត។ ចំណែក​២គ្រាប់​របស់​នូវែលហ្សេឡង់​វិញ ធ្វើ​បាន​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​របស់ Chris James នៅ​នាទី​៨០ និង​ដោយ​ Rory Fallon នៅ​៤នាទី​បន្ទាប់។

Oribe Peralta ធ្វើ​បាន​ហ៊ែតទ្រីក​ឲ្យ​ម៉ិកស៊ីកូ

ជ័យជម្នះ​ដ៏​ផុយៗ​ទាំង​២​ជើង​នេះ នឹង​ធ្វើ​ឲ្យ​ម៉ិកស៊ីកូ ក្លាយ​ជា​​ក្រុម​ទី​៣១​ដែល​ត្រូវ​ប្រជែង​នៅ World Cup 2014 ខណៈ​កៅអី​នៅ​សល់​តែ​១ទៀត​ប៉ុណ្ណោះ។ កៅអី​មួយ​ចុង​ក្រោយ​នោះ គឺ​ជា​ការ​ប្រជែង​គ្នា​យក​រវាង​ក្រុម​លេខ​៥​តំបន់​អាមេរិក​ខាង​ត្បូង អ៊ុយរុយហ្គាយ និង​ក្រុម​លេខ៥ តំបន់​អាស៊ី ហ្សកដានី វេលា​ម៉ោង​៦ព្រឹក​ស្អែក​នេះ។ យ៉ាង​ណា​ក្ដី អ៊ុយរុយហ្គាយ​ មាន​សង្ឃឹម​ខ្ពស់​ណាស់ ត្បិត​បាន​ស៊ី​​ក្នុង​ជើង​ទៅ​១​នៅ​ក្រៅ​ដី​ដល់​ទៅ ៥-០ ទៅ​ហើយ​នោះ។​

ម៉ិកស៊ីកូក្លាយ​ជា​ប្រទេស​ទី​៣១​ដែល​ជាប់​ទៅ​ World Cup៖

តំបន់ ប្រទេស​ដែល​ជាប់​ទៅ World Cup
អាស៊ី ជប៉ុន, កូរ៉េខាងត្បូង, អ៊ីរ៉ង់, អូស្ត្រាលី
អឺរ៉ុប បែលហ្សិក, បូស្នី-ហឺហ្ស៊េហ្គោវីណា, អង់គ្លេស, អាល្លឺម៉ង់, អ៊ីតាលី, ហុល្លង់, ព័រទុយហ្គាល់, រុស្សី, ស្វីស, អេស្ប៉ាញ, ក្រូអាត, បារាំង, ក្រិក​
អាហ្វ្រិក កាមេរ៉ូន, ហ្គាណា, កូឌីវ័រ, ​អាល់ហ្សេរី, នីហ្សេរីយ៉ា
អាមេរិក​កណ្ដាល, ខាង​ជើង, ការីប៊ីន (CONCACAF) កូស្ដារីកា, ហុងឌុយរ៉ាស់, សហរដ្ឋ​អាមេរិ, ម៉ិកស៊ីកូ
អាមេរិក​ខាង​ត្បូង អាហ្សង់ទីន, ប្រេស៊ីល (ម្ចាស់​ផ្ទះ), កូឡុំប៊ី, អេក្វាឌ័រ, ឈីលី

អត្ថបទ​ទាក់ទង៖ Ronaldo ហ៊ែតទ្រីក​នាំ​​ព័រទុយហ្គាល់​ទៅ World Cup ខណៈ​បារាំង ក្រូអាត ក្រិក ក៏​ទៅ​តាម​ដែរ