Breaking News
Loading...
Monday, January 13, 2014

បុរសទំនើង បើករថយន្ត បុកគេហើយ ចុះមកសម្លុត ទារលុយថ្លៃ បែកកញ្ចក់ទៀត


ភ្នំពេញ ៖ បុរសទំនើងម្នាក់ ទំនងជាអ្នករត់ រថយន្តឈ្នួល ពីភ្នំពេញ ទៅតាមខេត្ត បានបញ្ចេញឫកពារ ក្រអើតក្រទោម និងប្រើអំណាច របស់ខ្លួន មកសម្លុត បុរសម្នាក់ទៀត ក្រោយពេលដែល បុរសទំនើងរូបនេះ បានបើករថយន្ត ទៅបុកដៃ ជនរងគ្រោះ បណ្តាលឲ្យបែក កញ្ចក់រថយន្ត ខាងស្តាំរបស់ខ្លួន ដោយសម្លុត ជនរងគ្រោះឲ្យ សងតម្លៃ៣៥ដុល្លារ ។

សាក្សីដែលបានឃើញ ហេតុការណ៍ ដ៏គួរឲ្យហួសចិត្តនេះ បាននិយាយថា ករណីបុរសទំនើង ប្រើអំណាច របស់ខ្លួននេះ ទៅសម្លុតទារលុយ ទាំងខុសនេះ បានកើតឡើង នៅវេលាម៉ោង ប្រមាណ ៩៖០០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅខាងជើង ស្ពានជ្រោយចង្វារ ប្រហែល ៥០០ម៉ែត្រ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ តាមបណ្តោយ ផ្លូវជាតិលេខ៥  ។

សាក្សីបានបន្តទៀតថា នៅវេលាម៉ោងកើតហេតុខាងលើ បុរសម្នាក់ និងភរិយា ព្រមទាំង កូនតូចៗ ៣នាក់ បានចេញពីហូបបាយ ពេលព្រឹក នៅក្នុងហាង មួយកន្លែង នៅក្បែរនោះ ដោយធ្វើដំណើរ មកបើកទ្វាររថយន្ត របស់ខ្លួន ម៉ាកហាយឡែនឌឺ ពណ៌ស ពាក់ស្លាកលេខ 2Q-6901 ដែលចតនៅតាមចិញ្ចើមផ្លូវ ខាងស្តាំដៃ។

សាក្សីបានបន្តទៀតថា ខណៈជនរងគ្រោះ កំពុងរៀបបើកទ្វាររថយន្តទៅហើយនោះ ស្រាប់តែបុរសទំនើងរូបនេះ បើករថយន្ត ម៉ាកកាម៉ារី ឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-7756 យ៉ាងលឿន តាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងទិសដៅ ពីត្បូងទៅជើង ហើយបានប្រជែង រថយន្តមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរនៅពីខាងមុខ ក៏ជ្រុលទៅ បុកជនរងគ្រោះចំដៃម្ខាង បណ្តាលឲ្យ កញ្ចក់រថយន្តខាងស្តាំរបស់បុរសទំនើង រូបនេះដាច់ធ្លាក់មកក្រោម (មិនធ្លាក់ដល់ដីទេ )។

ពេលនោះ បុរសទំនើងរូបនេះ គួរតែឈប់រថយន្ត មកសុំទោសជនរងគ្រោះ ហើយសងចំពោះការបើកបុកដៃ ម្ខាងបណ្តាលឲ្យ រងរបួស តែបែរជាចុះមកសម្លុត និងទារលុយ ថ្លៃដាច់ធ្លាក់កញ្ចក់របស់ខ្លួន ចំនួន៣៥ដុល្លារទៅវិញ ធ្វើឲ្យប្រជាពលរដ្ឋ និងជនរងគ្រោះមានឫកពារស្លូតបូត មានការ ហួសចិត្តគ្រប់ៗគ្នា។

សាក្សីបានបន្តទៀតថា ដោយមិនចង់នាំរឿងវែងឆ្ងាយ បើទោះបី ដឹងថា ខ្លួនឯងមិនខុសនោះ ជនរងគ្រោះជាម្ចាស់ រថយន្ត ហាយឡែនឌឺ បានសុំសងត្រឹម១០ដុល្លារ ដើម្បីបញ្ចប់រឿង តែបុរសទំនើងរូបនេះ មិនព្រមដោយ នៅតែទាមទារ៣៥ដុល្លារដដែល ។

ដោយឃើញទើសភ្នែក យ៉ាងដូច្នេះ សាក្សី និងប្រជាពលរដ្ឋ បានជួយ សម្របសម្រួល ឲ្យសងត្រឹម១៥ដុល្លារ តែបុរសទំនើង រូបនេះនៅតែមិនព្រម ហើយថែមទាំង ចុចទូរស័ព្ទ ទៅស្វែករកអន្តរាគមន៍ ពីបងប្អូនទៀតផង ។

មួយសន្ទុះក្រោយមក មានមន្រ្តីនគរបាលម្នាក់ មិនដឹងធ្វើការនៅ អង្គភាពណា ចុះមកសម្របសម្រួល ដោយឲ្យបុរសទំនើងរូបនោះ យកលុយ១៥ដុល្លារ ហើយបញ្ចប់រឿង តែម្តងទៅ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្មាននរណាម្នាក់ ស្គាល់បុរសទំនើងរូបនេះទេ ប៉ុន្តែគេសង្ស័យថា ជាអ្នកបើករត រថយន្តឈ្នួល ហើយនៅលើរថយន្តខាងមុខ មានពាក់ស្លាក់ អ.ហ ទៀតផង ដូច្នេះហើយ បានជាធ្វើឫកពារ មកសម្លុតគេឯងយ៉ាងដូច្នេះ ។

ក្រោយទទួលលុយ ១៥ដុល្លារ ទាំងមិនអស់ចិត្តនោះ បុរសទំនើងរូបនេះ ត្រូវបានបាន ប្រជាពលរដ្ឋ នាំគ្នារិះគន់ម្នាក់ៗ មួយម៉ាត់ៗ ខណៈដែលការដាច់ធ្លាក់កញ្ចក់រថយន្តនេះ បើតាមជាងជួសជុល រថយន្ត ដែលឈរមើលហេតុការណ៍ផងនោះ បាននិយាយថា ធ្វើអស់ត្រឹម១ម៉ឺនរៀលទេ ពីព្រោះមិនមែនបែកកញ្ចក់ឡើយ គ្រាន់តែរបូតកាវ ប៉ុណ្ណោះ។

ប្រជាពលរដ្ឋនៅទីនោះ បាននិយាយថា បើមានតែមនុស្ស ប្រភេទនេះ ១ពាន់នាក់ទៀត សង្គមខ្មែរ និងច្របូកច្របល់ ជាក់ជាមិនខានឡើយ៕

បុរសទំនើង (រូបពាក់អាវខ្មៅ និងពាក់មួក) កំពុងចុចទូរស័ព្ទ ស្វែងរកអន្តរាគមន៍ពីបងប្អូន និងជនរងគ្រោះរូបខាងឆ្វេង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved