ខ្សែប្រយុទ្ធ Diego Costa បានសម្រេចចិត្តជាផ្លូវការហើយថានឹងលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ហើយជាមួយគ្នានេះកីឡាកររបស់ក្លិប Atletico Madrid ក៏បានពន្យល់ផងដែរពីមូលហេតុនាំឱ្យគេមិនជ្រើសប្រទេសកំណើត តែបែរជាស្រវាយកប្រទេសដែលគេកំពុងរស់នៅជំនួសវិញនោះ។
មុនសម្រេចចិត្តជ្រើសរើសក្រុមជើងឯក World Cup 2010 ដូច្នេះ កីឡាករវ័យ២៥ឆ្នាំរូបនេះធ្លាប់ពាក់អាវជម្រើសជាតិប្រេស៊ីលចូលលេងបានពីរលើក ប៉ុន្តែមិនមែនជាការប្រកួតផ្លូវការអ្វីនោះទេ គឺត្រឹមជាការប្រកួតមិត្តភាពសាកជើងតែប៉ុណ្ណោះ។
ខណៈដែលគ្រូបង្វឹក Vicente del Bosque និង Luiz Felipe Scolari រង់ចាំការសម្រេចចិត្តមួយរយៈមកហើយនោះ Costa កាលពីម្សិលម្ង៉ៃបានបំពេញសំណុំបែបបទនៅមុខមេធាវីរបស់ខ្លួនបញ្ជាក់ពីការជ្រើសយកក្រុមជម្រើសជាតិអេស្ប៉ាញ និងបានផ្ញើលិខិតជូនដំណឹងទៅកាន់សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលរួចរាល់ហើយដែរ។
Diego Costa(រូបថត៖ conmebo)
គ្រូបង្គោលក្រុមជើងឯក World Cup ៥សម័យ លោក Scolari ដែលគ្រោងក្នុងចិត្តរួចជាស្រេចថានឹងបញ្ចូលឈ្មោះ Costa ទៅក្នុងក្រុមពេលប្រេស៊ីលមានការប្រកួតបន្ទាប់ សម្ដែងការខកចិត្តយ៉ាងខ្លាំងពេលទទួលដំណឹងនេះដោយនិយាយថាមិនគួរណាអតីតសមាជិកក្លិប Braga, Celta Vigo, Albacete, Valladolid និង Rayo Vallecano រូបនេះរំលងមាតុភូមិទី១របស់ខ្លួនដែលជាជើងឯកពានរង្វាន់ពិភពលោក៥សម័យ បណ្ដាលឱ្យប្រជាជនប្រេស៊ីលរាប់លាននាក់ខកចិត្តយ៉ាងនេះសោះ។
ទោះយ៉ាងណា Costa ផ្ទាល់បានបកស្រាយថា៖ “វាជាការសម្រេចចិត្តមួយដ៏ស្មុគស្មាញមែនទែនក្នុងការជ្រើសរើសរវាងប្រទេសកំណើតនិងប្រទេសដែលបានផ្ដល់អ្វីៗគ្រប់យ៉ាងដល់ខ្ញុំ និយាយឱ្យចំគឺអេស្ប៉ាញតែម្ដង។ ប្រទេសនេះបានផ្ដល់ឱ្យខ្ញុំគ្រប់យ៉ាងនូវអ្វីដែលខ្ញុំមានក្នុងជីវិតរស់នៅ។ នៅទីនេះខ្ញុំមានអារម្មណ៍ថាមានតម្លៃខ្លាំងណាស់ចំពោះអ្វីដែលខ្ញុំបានធ្វើ”។ ទន្ទឹមនឹងនេះ Costa ក៏បានពន្យល់ទៅកាន់ប្រជាជនប្រេស៊ីលថាការសម្រេចចិត្តដូច្នេះមិនមែនមានន័យថាគេបោះបង់ប្រទេសប្រេស៊ីលចោលនោះទេ គ្រាន់តែថាគេប្រកបអាជីពនៅអេស្ប៉ាញតាំងពីដើមមក ហើយគេមានអារម្មណ៍ថាមានតម្លៃខ្ពស់នៅក្នុងប្រទេសនៃតំបន់អឺរ៉ុបមួយនេះ។ ព្រមនឹងការបង្ហើបពីគម្រោងថានឹងទៅរស់នៅប្រេស៊ីលជាមួយសាច់ញាតិវិញពេលចូលនិវត្តន៍ Costa សង្ឃឹមថាប្រជាជនប្រេស៊ីលយោគយល់និងគោរពការសម្រេចចិត្តនេះ។
សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញចេញសេចក្ដីប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា Costa នឹងបានចូលលេងឱ្យអេស្ប៉ាញក្នុងការប្រកួតក្រោយៗ ប្រសិនបើទទួលបានការកោះហៅពីគ្រូបង្វឹក Del Bosque ដែលធ្លាប់ព្រលយសម្ដីនាពេលកន្លងមកថាលោកមានខ្សែប្រយុទ្ធក្នុងចិត្តរួចហើយ ប៉ុន្តែខ្សែប្រយុទ្ធរូបនោះមិនទាន់អាចលេងឱ្យអេស្ប៉ាញបានដោយសារខ្វះក្រដាសស្នាមមួយចំនួន។
ក្រុមជើងឯក Euro ឆ្នាំ២០០៨និង២០១២ រៀបចំការប្រកួតមិត្តភាពអន្តរជាតិចំនួនពីរប្រកួតក្នុងខែវិច្ឆិកានេះ ដែលក្នុងនោះទំនងជាប៉ះ អាហ្វ្រិកខាងត្បូង និង អង់ហ្គោឡា៕
0 comments:
Post a Comment