ថ្វីបើ​ អ្នក​នាង ខាត់​ សុឃីម និង​ ​លោក អ៊ិន សុបញ្ញា ហៅ ផាណូ បាន​​រៀបអាពាហ៍​ពិពាហ៍​ត្រឹមត្រូវ​តាម​ប្រពៃណី និង​រហូត​មាន​កូន​​ហើយ​យ៉ាងណា​​ក្ដី ប៉ុន្ដែ​គ្រួសារ​​មួយ​នេះ​ នៅ​តែ​រុំរឹត​ដោយ​ព័ត៌មាន​​រង្គោះរង្គើល​ពីទំនាក់ទំនងគ្រួសារ។

ដំណឹង​មិន​ល្អ​ទាំងនោះ ហាក់​ជា​ស្រមោល​អន្ទោតាម​ប្រាណ ដែល​ធ្វើ​ឲ្យ​គូស្វាមី ភរិយា​ ទាំង​​ពីរ មាន​ការ​ធុញទ្រាន់ និង​ បាន​ចាត់​ទុកថា ពួកគេ​កំពុង​ច្រណែន និង​ចង់​បំបែក​បំបាក់​​ទំនាក់ទំនង​មួយ​នេះ ខណៈ​​អ្នក​នាង និង​ស្វាមី រួមទាំង​កូនៗ កំពុង​រស់​នៅ​មាន​សុភមង្គល។

សូមចុចអាន៖ ខាត់ សុឃីម ទៅ​ច្រៀង​តាម​រោង​ការ​ទាំង​ប្រថុយ

មុន​នេះ​បន្តិច សាមី​ខ្លួន​ផ្ទាល់ គឺ​តារា​សម្ដែង​ពហុ​ជំនាញ​ អ្នក​នាង ខាត់ សុឃីម បាន​ចេញ​មុខ​ទម្លាយ​ពី​បច្ចុប្បន្ន​ភាព ​នៃចំណង​ស្នេហ៍​របស់​ពូក​គេ និង​បកស្រាយ​ចំពោះ​ពាក្យ ​មិន​ចុះ​សម្រុង​គ្នា​នេះ​ថា មិន​ដូច​អ្វី​ដែល​បាន​លើក​ឡើង​នោះ​ទេ។ អ្នក​ទាំង​ពី​ស្រលាញ់​គ្នា​ណាស់ បន្ទាប់​ពី​ការ​ស្វែង​យល់​ចិត្ត​គ្នា​អស់​រយៈ​ពេល​យូរ​គ្រាន់​បើ​ដែរ ទោះ​បី​ជា​រង​ពាក្យ​រង្គោះរង្គើ និង​បន្ត​លង​បន្លាច​នៅ​ឡើយ​ក្ដី។

“តាំង​ពី​ពូក​យើង​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​មក​ម្ល៉េះ​មាន​ព័ត៌មាន​មិន​ល្អ​រហូត ហើយ​ក្រោយ​ពេល​រៀប​ការ​មាន​កូន​ក៏​នៅ​តែ​មាន​ព័ត៌មាន​មិន​ល្អ​និយាយ​ពី​ម្នាក់​ទៅ​ម្នាក់​ដែរ”។ អ្នក​នាង​ចង់​យក​ពេល​វេលា​នេះ ​ប្រាប់​ទៅ​មហាជន​ថា នេះ​ជា​ការ​ញុះញង់​ធ្វើ​ឲ្យ​គ្រួសារ​របស់​នាង​មាន​ការ​រង្គោះរង្គើ ដែល​អាច​កើត​ចេញ​ពី​ការ​ច្រណែន និង​មិន​ចង់​ឃើញ​សុភមង្គល​របស់​ពូក​គេ​ប៉ុណ្ណោះ។ ស្វាមី​ស្រលាញ់​អ្នក​នាង ពេល​ខ្លះ​ស្ទើរ​តែ​មិន​ឲ្យ​ធ្វើ​អ្វី​ផង សូម្បី​ដើរ​កាត់​សក់​តាម​រោងការ​ជាដើម។

“អ្នក​ខ្លះ​ទៅ​គេ​និយាយ​ដូច​ដឹង​ថា ប្ដី​ខ្ញុំ​ស្អប់​កូន​ប្រុស​ខ្ញុំ​អា​ច្បង​ណាស់ (អា​ស្កាយ) សូម្បី​តែ​មើល​មុខ​ក៏​អត់​ដែរ” ។ អ្នក​នាង​អះអាង​ថា ការ​លើក​ឡើង​បែប​នេះ​ក៏​ផ្ទុយ​ពី​ការ​ពិត​ទាំង​ស្រុង ហើយ​លោក ផាណូ ជា​ប្ដី​វិញ​មិន​មែន​ជា​មនុស្ស​ដូច្នេះ​ទេ ហើយ​មិន​ដែល​ចាត់​ទុក​កូន​ប្រុស​ម្នាក់​នេះ​ជា​អ្នក​ដទៃ​ឡើយ ដោយ​ជួយ​ណែនាំ​បង្ហាត់បង្រៀន​ជា​រៀងរាល់​ថ្ងៃ ឬ​ធ្វើ​សកម្មភាព​ល្អៗ​ជា​ច្រើន។ និយាយ​ដល់​ចំណុច​នេះ​ អ្នក​នាង ខាត់ សុឃីម បាន​ប្រែ​ពី​សំឡេង​លះ​ច្បាស់​ជំនួស​ដោយ​សំឡេង​អួល​ដើម​ក បញ្ជាក់​ពី​អារម្មណ៍​រំភើប​របស់​ខ្លួន​ចំពោះ​ប្ដី។

សូមចុចអាន៖ ខាត់ សុឃីម សម្រាល​បាន​កូន​ស្រី​

“ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​អ្វី​ ដែល​មាន​នា​ពេល​នេះ និង​មិន​នឹក​ស្មាន​ថា បាន​ជួប​បុរស​ល្អ​ដូច​ជា​ស្វាមី គឺ​ជា​សំណាង​ធំ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ​ហើយ”។ ដោយ​ឡែក​នៅ​លើ​បណ្ដាញ​សង្គម​វិញ គេ​សង្កេត​ឃើញ​មាន​រូប​ថត​ជា​ច្រើន​នៃ​គ្រួសារ​អ្នក​ទាំង​ពីរ​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល និង​សប្បាយ​រីករាយ​បាន​បង្ហោះ​ជា​បន្តបន្ទាប់ ដែល​មិន​សម​ទំនង​ជា​គ្រួសារ​មាន​ភាព​រកាំរកូស​នោះ​ទេ។

អ្នក​នាង ខាត់ សុឃីម និង​លោក អ៊ិន សុបញ្ញា បាន​រៀប​អាពាហ៍ពិពាហ៍​តាម​ច្បាប់ និង​ប្រពៃណី​កាល​ពី​ចុង​ឆ្នាំ​២០១២​កន្លង​ទៅ​ក្រោម​ការ​ចូលរួម​យ៉ាង​កុះករ​ពី​ញាតិមិត្ត និង​អ្នក​រួម​អាជីព ហើយ​ក៏​មាន​ការ​ចូលរួម​ផ្ដិត​យក​រូប​ភាព ឬ​ចុះ​ផ្សាយ​យ៉ាង​ច្រើន។ ខាត់ សុឃីម បន្ថែម​ទៀត​ថា ប្ដី​ប្រពន្ធ​អ្នក​ទាំង​ពីរ​មាន​សុភមង្គល​ណាស់។ ហើយ​នេះ​ក៏​ប្រហែល​ជា​ការ​បញ្ជាក់​ចុង​ក្រោយ​ចំពោះ​ការ​លើក​ឡើង​ពាក់ព័ន្ធ​ទៅ​នឹង​រឿងរ៉ាវ​រង្គោះរង្គើ​ក្នុង​គ្រួសារ​របស់​នាង​ដែរ៕

អត្ថបទ៖ សំ ជំនាញ