Breaking News
Loading...
Wednesday, November 13, 2013

ស្រីតូច ចំណាន​ ក្លាយជា​សេដ្ឋិនី​ក្នុង​កណ្តាប់​ដៃ​ឧកញ៉ា


ប្រភព Postkhmer

ភ្នំពេញៈ អតីត​តារាសម្តែង​ល្បី​ឈ្មោះ នាង ស្រីតូច ចំណាន ​មាន​ឈ្មោះ​ពិត​ថា ម៉ៅ សុចំណាន​ ត្រូវ​គេ​សង្កេត​ឃើញ​ថា ប្រជាប្រិយភាព​របស់​នាង​នៅ​តែ​មាន​សម្រាប់​មហាជន​នៅ​ឡើយ។ ជាក់ស្តែង​នៅ​ក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់​ពិធីការិនី គង់ សុជាតិ និង ជា វិបុល មាន​ទស្សនិកជន​មិន​តិច​ទេ​បាន​ចោមរោម​សួរ​សុខទុក្ខ​តារា​រូប​នេះ និង​សុំ​ថតរូប​ជាមួយ​នាង​ ខណៈ​នៅពេល​នេះ​នាង​បាន​ក្លាយ​ជា​សេដ្ឋិនី​ម្នាក់​ទៅ​ហើយ​នោះ​។

នៅក្នុង ​អំឡុង​ពេល​នៃ​ការ​ប្រាស្រ័យ​ជីវិត​នៅលើ​ថ្នាល​សិល្បៈ​ អតីត​តារាសម្តែង​ដែល​របូត​រ៉ូប​លើ​ឆាក​តន្ត្រី​លេច​ដើមទ្រូង​មូល​ក្បំ​ ផ្អើល​អស់​មួយ​ស្រុក​ខ្មែរ ធ្វើឲ្យ​គេ​ចាំ​មិន​ភ្លេច​នាង ស្រីតូច ចំណាន ហាក់​មាន​ជីវភាព​មិន​ធូរធារ​ប៉ុន្មាន​ទេ តែ​នៅពេល​នេះ ចំណាន បាន​ប្រែ​មុខមាត់​ថ្មី ខណៈ​គេ​គ្រប់​គ្នា​បាន​ដឹង​ថា តារា​រូប​នេះ​បាន​ក្លាយ​ជា​សេដ្ឋិនី​ម្នាក់​ មាន​ប្រាក់​រាប់​លាន​កាន់​ក្នុង​ដៃ​បាត់​ទៅ​ហើយ។

ភាព​មាន​បាន​របស់​អតីត​ តារាស្រី​ដែល​គេ​ល្បី​ថា មាន​ដើមទ្រូង​សិចស៊ី​មូលក្បំ​ពី​ធម្មជាតិ​រូប​នោះ បាន​កើត​ឡើង​នៅ​ក្រោយ​ពេល​ដែល​នាង​បាន​ដក​ខ្លួន​ចេញ​ពី​សិល្បៈ​ក្នុង​អំឡុង​ ឆ្នាំ​២០០២-២០០៣ ក្រោយ​មក​ទើប​គេ​ដឹង​ថា នាង​បាន​សាង​ស្នេហ៍​យ៉ាង​ផ្អែមត្រជាក់​ជាមួយ​នឹង​ឧកញ៉ា​ក្មេង​ស្រុក​ខ្មែរ​ ម្នាក់​ដែល​មាន​ប្រាក់​វាល់​លាន​ដុល្លារ។ តាមរយៈ​ការ​ស្រឡាញ់ និង​ទុក​ចិត្ត​ ស្រប​ពេល​ដែល ស្រីតូច ចំណាន មាន​គំនិត​ទុក​ដាក់​ និង​រហ័សរហួន​ផង​នោះ ទើប​ធ្វើឲ្យ​បុរស​មាន​ឋានៈ​ជា​ឧកញ៉ា​ក្មេង​ម្ចាស់​ជំនួញ​ធំៗ​នៅ​ស្រុក​ ខ្មែរ​កាន់​តែ​ទន់​ចិត្ត​អាណិត​ស្រឡាញ់ ចំណាន ខ្លាំង​ឡើង និង​បាន​ចែករំលែក​របររកស៊ី​ធំៗ​ឲ្យ​នាង​គ្រប់គ្រង​ទៀត​ផង​។

រំលង​ អស់​រយៈពេល​ជាច្រើន​ឆ្នាំ នៅពេល​នេះ ស្រីតូច ចំណាន ត្រូវ​បាន​គេ​ដឹង​ថា នាង​បាន​ក្លាយ​ជា​សេដ្ឋិនី​ម្នាក់ មាន​ប្រាក់ និង​មុខ​ជំនួញ​ធំៗ​តម្លៃ​រាប់​លាន​នៅក្នុង​ដៃ។ បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​កន្លង​មក​ គេ​បាន​ដឹង​ថា ក្នុង​ចំណោម​ទ្រព្យ​ដែល​គេ​ដឹង​ ស្រីតូច ចំណាន ត្រូវ​បាន​លោក​ឧកញ៉ា​ប្រគល់​សិទ្ធិ​ឲ្យ​នាង​ក្លាយ​ជា​ម្ចាស់​សណ្ឋាគារ​ និង​កាស៊ីណូ ដ៏​ធំ​នៅ​ក្រុង​បាវិត ​ខេត្ត​ស្វាយរៀង និង​មាន​មុខ​ជំនួញ​មួយ​ចំនួន​បន្ថែម​ទៀត។ ក្រៅពី​នោះ គេ​បាន​ដឹង​ថា ស្រីតូច ចំណាន បាន​ទិញ​ផ្ទះ​វីឡា​តម្លៃ​មិន​តិច​ទេ​នៅឯ​បរទេស ដែល​គេ​ដឹង​ថា នៅ​ប្រទេស​ស៊ីវិល័យ សិង្ហបុរី ហើយ​លើស​ពី​នេះ​នាង​ជា​ម្ចាស់​អចលនទ្រព្យ​តម្លៃ​រាប់​លាន​នៅ​រាជធានី​ ភ្នំពេញ​ផង​ដែរ​។

ជាមួយ​នឹង​ជីវិត​ឧត្តុង្គឧត្តម​ខ្ពង់ខ្ពស់​នេះ ស្រីតូច ចំណាន ក៏​បាន​សង់​ភូមិគ្រឹះ​តម្លៃ​១​លាន​ដុល្លារ​នៅ​ម្តុំ​ផ្សារ​ដើមថ្កូវ​ សម្រាប់​ជា​ទី​ជម្រក​ប្រចាំ​ថ្ងៃ​ផង​ដែរ ដែល​គេ​បាន​ដឹង​ថា ភូមិ​គ្រឹះ​នោះ​ត្រូវ​បាន​រៀបចំ​ការ​សាងសង់ និង​តុបតែង​លម្អ​យ៉ាង​ផ្ចិតផ្ចង់​បំផុត​ជាមួយ​នឹង​គ្រឿងសង្ហារិម​ប្រណីតៗ​។ ភូមិ​គ្រឹះ​នោះ​ត្រូវ​បាន​អ្នក​រស់នៅ​ម្តុំ​ផ្សារ​ដើមថ្កូវ​ ប្រាប់​ឲ្យ​ដឹង​ថា បាន​សង់​ឡើង​រយៈពេល​៣​ឆ្នាំ ទម្រាំ​តែ​លេច​ចេញ​ជា​រូបរាង​ដ៏​ធំ​ស្កឹមស្កៃ​ដាច់​គេ​នៅ​ម្តុំ​នោះ​ ហើយ​ក៏​បាន​ធ្វើការ​សម្ពោធ​ជា​ផ្លូវការ​កាលពី​ចុង​ឆ្នាំ​២០១២ រួច​ហើយ​ដែរ​។

លើស​ពី​នោះ​ទៅ​ទៀត គេ​បាន​សម្តែង​ការ​សង្ស័យ​ថា តារា​រូប​នេះ​បាន​ទិញ​យន្តហោះ​ជិះ​ផ្ទាល់​ខ្លួន​ទៀត​ផង ខណៈ​កន្លង​មក​នៅពេល​នាង​ទៅ​ណា​មក​ណា នាង​តែង​ជិះ​យន្តហោះ​ឯកជន​ដាច់​ដោយ​ឡែក​សម្រាប់​តែ​ក្រុម​គ្រួសារ​នោះ​។ តែ​យ៉ាង​ណា​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ បុរស​ជំនិត​ម្នាក់​របស់​នាង​បាន​ធ្វើការ​បដិសេធ​ចំពោះ​ការ​ទិញ​យន្តហោះ​ ឯកជន​នេះ​។ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាង​លើ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់​សុំ​ការ​បកស្រាយ​របស់​សេដ្ឋិនី​មាន​ប្រភព​ពី​សិល្បៈ​ម្នាក់​ នេះ​បាន​ទេ​។

ដោយឡែក​ពាក់ព័ន្ធ​នឹង​ជីវិត​គ្រួសារ​វិញ គេ​បាន​ដឹង​ផង​ដែរ​ថា អតីត​តារាសម្តែង​លេចធ្លោ​ក្នុង​អំឡុង​ឆ្នាំ​២០០១-២០០២ រូប​នេះ ទទួល​បាន​ភាព​កក់ក្តៅ​បំផុត​ដូច​ស្ពាយ​សម្ពាយ​បុណ្យ​ពី​ជាតិ​មុន ដោយសារ​តែ​លោក​ឧកញ៉ា​សម្បូរ​ទ្រព្យ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ទាំង​ថ្នាក់​ ជាតិ និង​លើ​ឆាក​អន្តរជាតិ បាន​ផ្តល់​តម្លៃ​ឲ្យ​នាង​យ៉ាង​ខ្ពស់ និង​ស្រឡាញ់​ថ្នាក់ថ្នម​នាង​យ៉ាង​ខ្លាំង​។

ទន្ទឹម​នឹង​ស្នេហា​ផ្អែមល្ហែម​ មក​ទល់​នឹង​ពេល​នេះ គេ​បាន​ដឹង​ថា ស្រីតូច ចំណាន និង​លោកឧកញ៉ា​ក្មេង បាន​ផ្ដល់​កំណើត​កូន​ចំនួន​៤​នាក់ ក្នុង​នោះ​ស្រី​ពីរ​នាក់ និង​ប្រុស​ពីរ​នាក់​។

ទោះ​បី​ជា​បាន​ឃ្លាត​ឆ្ងាយ ​ពី​ពិភព​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្តី តែ​តារាស្រី​ដែល​មាន​ឆ្អឹង​អណ្តែត​ពី​អ្នក​សិល្បៈ​រូប​នេះ នៅ​ចាំ​មិន​ភ្លេច​ពី​ប្រភព​ដើម​របស់​ខ្លួន​ឡើយ។ ជា​រឿយៗ​នាង​តែង​ចំណាយ​ពេល​ទៅ​ចូលរួម​ការ​អញ្ជើញ​ចូលរួម​ក្នុង​សកម្មភាព​សិល្បៈ​របស់​សិល្បករ​មួយ​ចំនួន​មិន​ដែល​អាក់ខាន​ឡើយ ហើយ​នៅ​ពេល​វត្តមាន​នាង​ទៅ​ដល់​ម្តងៗ រមែង​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ម្ចាស់​កម្មវិធី និង​មហាជន​នៅក្នុង​ពិធី​នោះ​។

ជាក់ស្តែង​ដូចជា​ ការ​បង្ហាញ​វត្តមាន​របស់​នាង​នៅក្នុង​ពិធី​មង្គលការ​របស់​ពិធីការិនី​ នាង ​គង់ សុជាតិ និង​ជា វិបុល អ៊ីចឹង អ្នក​សិល្បៈ និង​មហាជន​ជាច្រើន​បាន​ស្វាគមន៍​នាង​យ៉ាង​ខ្លាំង និង​បាន​សុំ​នាង​ថត​រូប​យ៉ាង​វក់វី​ទៀត​ផង​។ ទាំង​នេះ​ ស្តែង​ឲ្យ​ឃើញ​ថា កេរ្តិ៍ឈ្មោះ​របស់​នាង​នៅ​តែ​ស្ថិត​ក្នុង​បេះដូង​របស់​មហាជន​នៅ​ឡើយ​៕

131113_28a

អតីត​តារា​សម្តែង​នាង ស្រីតូច ចំណាន​​​។ រូបថត សេត គឹមសឿន
ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved