Breaking News
Loading...
Wednesday, November 27, 2013

ឡង់គ្រីស័រ បុកម៉ូតូ បាក់ជើងនិស្សិតម្នាក់ ខណៈដែល គ្រោះថ្នាក់ចរាចរ មិនថមថយ


ភ្នំពេញ៖ និស្សិតស្រីវ័យ២២ឆ្នាំម្នាក់ រៀនឆ្នាំទី៣ នៃវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈហៅកាត់ថា NTTI នៅម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែវិចិ្ឆកានេះ ត្រូវបានគេជួយសង្រ្គោះ ដោយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ក្រោយពីត្រូវរថយន្តឡង់គ្រីស័រ បុកពេញទំហឹង នៅ ក្បែរសាលាខណ្ឌសែនសុខ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី  ។

មន្ត្រីនគរបាលខណ្ឌសែនសុខ បាននិយាយថា និស្សិតស្រីវ័យ២២ឆ្នាំ ឈ្មោះអ៊ុច សុខា ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបាន ក្រុមប្រជាពលរដ្ឋជួយសង្រ្គោះភ្លាមៗ ខណៈដែលជនរងគ្រោះបាក់ជើងឆ្វេង ។

មន្ត្រីដដែលបានបន្តរថា អ្នកបើកបរឈ្មោះប៉ុក ចាន់ធី អាយុ ៤៧ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបាន នគរបាលហៅទៅធ្វើកំណត់ហេតុ នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ។

ប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បានប្រាប់ថា ខណៈដែលនារីរងគ្រោះ កំពុងបើកម៉ូតូគុប ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ៩៩៨៥ ភព១ តាម បណ្តោយផ្លូវ ភ្នំពេញហាណូយ ១០១៩ ពីជើងមកត្បូង ស្រាប់តែត្រូវរថយន្តឡង់គ្រីស័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២D៣១៧២ បើកពី កើតទៅលិច តាមបណ្តោយផ្លូវ១៩៨៩ បុកពេញទំហឹង បណ្តាលឲ្យនារីរងគ្រោះបាក់ជើងដើរមិនបាន ។

ករណីគ្រោះថ្នាក់ចរាចរ កាលពីព្រឹកមុិញ នៅក្បែរសាលាខណ្ឌសែនសុខ ត្រូវបានប្រជាពលរដ្ឋនិយាយថា សមត្ថកិច្ចមិនអើពើរឿងនេះ ពោលគឺ ក្រោយកើតហេតុជាងកន្លះម៉ោង ទើបសមត្ថកិច្ចមកដល់ ។ ជាមួយគ្នានោះ រថយន្តសង្រ្គោះទាំងរដ្ឋនិងឯកជន ត្រូវបានគេ រិះគន់ផងដែរ បន្ទាប់ពីមិន បានបំពេញសេវាកម្មសង្រ្គោះ ឲ្យទាន់ពេលវេលា ៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved