Breaking News
Loading...
Friday, November 29, 2013

កូនតុងទីន ១០០ នាក់ ព័ទ្ធតូបលក់ ឥវ៉ាន់ មេតុងទីន ខ្លាចប្រមូលលុយរត់


ភ្នំពេញៈ មេតុងទីនម្នាក់ ត្រូវបានកូនតុងទីន ប្រមាណជា១០០នាក់ បាននាំគ្នាទៅព័ទ្ធតូបលក់ដូរជាប់ ដោយសង្ស័យថា មេតុងទីន រត់ចោល បន្ទាប់ពី មិនឃើញទៅប្រមូលលុយ១ថ្ងៃ ប៉ុន្តែមេតុងទីនរូបនោះនិយាយថា គាត់មិនរត់ទេ ការមិនទៅប្រមូលលុយនោះ គឺដោយសារតែជាប់រវល់ ទៅដាក់ពាក្យ បណ្តឹង ទៅលើកូនតុងទីនដេញរួចហើយ មិនព្រមបង់លុយឲ្យនោះ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅក្នុងផ្សារស៊ិនជូរីផ្លាហ្សា ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មាន ពីកូនតុងទីន បានឲ្យដឹងថា តុងទីននេះ ១ក្បាល លេងគ្នាចំនួន ៣៥៣នាក់ ដែលក្បាល ២ម៉ឺនរៀល ហើយមុននឹង ទៅព័ទ្ធតូប លក់ដូរនោះ គឺដោយសារមិនឃើញមេតុងទីន ទៅប្រមូលលុយមួយថ្ងៃ ទើបមានការសង្ស័យថា មេតុងទីនរត់ចោល ទើបនាំគ្នាមកព័ទ្ធតូបលក់ដូរ តែម្តងទៅ ។ ប្រភពបានបន្តទៀតថា មេតុងទីនរូបនោះ មានឈ្មោះ មុត កុសល់ ភេទប្រុស អាយុ ៤៦ឆ្នាំ មានមុខរបរ លក់ដូរនៅកន្លែងកើតហេតុ រស់នៅក្នុងភូមិបុរី១០០ខ្នង ខណ្ឌសែនសុខ ។

បើយោងតាមមេតុងទីនវិញ បានឲ្យដឹងថា គាត់មិនរត់ចោលផ្ទះទៅណានោះទេ ទោះបីជាយ៉ាងណា គាត់នឹងសងឲ្យទាល់តែរួច តិចតាមតិច ច្រើន តាមច្រើន ពីព្រោះគាត់មានផ្ទះ១ខ្នងដែរ អាចលក់ទៅសងគេបានច្រើនដែរ ចំពោះការមិនទៅ ប្រមូលលុយ តុងទីន១ថ្ងៃនោះ គឺដោយសារតែជាប់ រវល់ទៅដាក់ពាក្យបណ្តឹង ប្តឹងកូនតុងទីន ដែលបានដេញយកលុយរួចហើយ មិនព្រម បង់លុយឲ្យគាត់ ហើយកូនតុងទីនដែលមិនទាន់បង់ ដេញ យក គេចេះតែមកសួរនាំ ម្យ៉ាងវិញទៀត រូបគាត់ប្រមូលលុយពីគេមិនបាន គឺវាកាន់តែកង្វល់បន្ថែមទៀត ទើបសម្រេចចិត្តទៅដាក់ពាក្យបណ្តឹង ឲ្យអាជ្ញាធរមូលដ្ឋាន ជួយរកដំណោះស្រាយ និងឈានទៅខកខាន ប្រមូលលុយ១ថ្ងៃទៅ ទើបធ្វើឲ្យកូនតុងទីនទាំង១០០នាក់ ដែលនៅរស់មិន ទាន់ដេញសង្ស័យ ក៏នាំគ្នាមកព័ទ្ធតូបលក់ដូររបស់គាត់ទៅ ។

គាត់បានបន្តថា គាត់មិនបោកគេទេ ទោះបីជាមានអ្វី ក៏លក់សងគេរួចដែរ ដូច្នេះសូម កូនតុងទីនទាំងអស់កុំភ័យថា គាត់មិនរត់ចោល នោះទេ។ ទោះបីជាយ៉ាងណា កូនតុងទីនគ្រាន់តែដកទៅវិញ ជាបណ្តោះអាសន្ន រង់ចាំអាជ្ញាធរ មូលដ្ឋានជួយរកដំណោះស្រាយ ។

គួរបញ្ជាក់ដែរថា កន្លងមកតុងទីន ត្រូវបានមេ ឬកូនបោកគ្នាជាបន្តបន្ទាប់ ធ្វើឲ្យអាជ្ញាធរឈឺក្បាលវិលមុខ ដោយសារតែល្បែងតុងទីននេះ ដូច្នេះ ប្រជាពលរដ្ឋគួរតែប្រយ័ត្ន មុននឹងលេងតុងទីននេះ។

យ៉ាងណាក៏ដោយ ខាងមន្រ្តីរបស់គណៈកម្មការផ្សារ បានទៅសម្របសម្រួល ឲ្យដាក់ពាក្យបណ្តឹង ទោសាលាសង្កាត់ និង ប៉ុស្តិ៍រដ្ឋបាលវិញ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved