Breaking News
Loading...
Saturday, November 30, 2013

ទស្សនាវីដេអូឃ្លីប ដ៏ចម្លែកបំផុត បង្ហាញពីនាទីចុងក្រោយ មុនពេលនារីរងគ្រោះ ស្លាប់យ៉ាងអាថ៌កំបាំង!


ករណីស្លាប់ ដ៏សែនអាថ៌កំបាំងមួយ របស់នារីវ័យក្មេងម្នាក់ នៅតែមិនទាន់ ត្រូវបាន រកឃើញការពិត បាននៅឡើយ អំពីមូលហេតុ ដែលបណ្តាលឲ្យ នារីរងគ្រោះ ស្លាប់បាត់បង់ជីវិត។

នារីរងគ្រោះ មានឈ្មោះថា អេលីហ្សា ឡេម វ័យ ២១ឆ្នាំ ជានិស្សិតម្នាក់ មកពីទីក្រុង វេនខូវើ ប្រទេសកាណាដា។ នាងបានស្លាប់ បាត់បង់ជីវិត និង ត្រូវបានគេប្រទះឃើញ សាកសព នៅក្នុងធុងផ្ទុកទឹក នៅឯលើដំបូល របស់សណ្ឋាគារ Cecil ស្ថិតនៅក្នុង ទីក្រុងឡុស អាន់ចឺឡេស សហរដ្ឋអាមេរិក កាលពីខែកុម្ភៈ ឆ្នាំ ២០១៣។ នៅពេលនោះ ប៉ូលីស បានកំណត់ការស្លាប់នេះថា ជាគ្រោះថ្នាក់ដោយសារការលង់ទឹក និង មិនមានដានណាមួយ ត្រូវបានរកឃើញថា ករណីនេះ មានជាប់ពាក់ព័ន្ធ ជាមួយនឹង ការប្រើប្រាស់ថ្នាំញៀន ឬ ផឹកគ្រឿងស្រវឹង នោះឡើយ។

យ៉ាងណាមិញ សំរាប់ភស្តុតាងដំបូងបំផុត ដែលអាចប្រមូលរកបាននោះ គឺជាវីដេអូឃ្លីប ថតដោយ កាមេរ៉ាសុវត្ថិភាព បំពាក់នៅខាងក្នុង ប្រអប់ជណ្តើរយន្ត ដែលនារីរងគ្រោះ អេលីហ្សា ឡេម បានប្រើប្រាស់ នៅមុនពេលដែលរូបនាង បានស្លាប់នោះ ដែលវីដេអូឃ្លីបនេះដែរ បានបង្ហាញពីភាពមិនប្រក្រតី របស់ប្រព័ន្ធដំណើរការ របស់ជណ្តើរយន្ត មានភាពចម្លែក ខុសពីធម្មតា ដោយទ្វារជណ្តើរយន្ត មិនព្រមធ្វើការបិទឡើយ និង រហូតទាល់តែនារីរងគ្រោះ ចេញទៅបាត់ ទើបមានដំណើរការជាធម្មតាវិញ។

បើយោងទៅតាម ប្រភពព័ត៌មានបរទេស បានឲ្យដឹងបន្ថែមទៀតថា នៅពេលដំបូង អេលីហ្សា នាងបានចូលទៅក្នុងប្រអប់ជណ្តើរយន្ត និង ចុចទៅលើ រាល់ប៊ូតុងទាំងអស់ ដើម្បីឲ្យជណ្តើរយន្តដំណើរការ ប៉ុន្តែទ្វារ មិនព្រមបិទទាល់តែសោះ។ បន្ទាប់មក នាងក៏បានងាកមើល ជុំវិញខ្លួន និង ថែមទាំងធ្វើសកម្មភាពប្លែកៗ ខុសពីធម្មតា និងមានលក្ខណៈដូចជា កំពុងតែលាក់ខ្លួន ពីនរណាម្នាក់ផងដែរ ហើយពេលនោះ នាងដូចជានិយាយ ទៅកាន់នរណាម្នាក់ ទៀតផង។

ប្រភពព័ត៌មាន បានបន្តឲ្យដឹងទៀតថា តាមការសន្មត់ គឺក្រោយពីនាង ចេញពីជណ្តើរយន្តហើយនោះ នាងបានឡើងទៅកាន់ ដំបូលសណ្ឋាគារ រួចតោងឡើងលើធុងផ្ទុកទឹក ហើយក៏បានធ្លាក់ចូលលង់ស្លាប់ នៅក្នុងនោះ តែម្តង។ សាកសពរបស់នាង ត្រូវបានរកឃើញ ២សប្តាហ៍ ក្រោយពីការស្លាប់របស់នាង ដោយសារតែមានភ្ញៀវដែលមកស្នាក់នៅ ក្នុងសណ្ឋាគារខាងលើ មានការមិនពេញចិត្ត និង បានប្រាប់ដល់ខាងសណ្ឋាគារ ពីបញ្ហាដែល ទឹកប្រើប្រាស់ មានរសជាតិ និង ពណ៌ យ៉ាងចម្លែកខុសពីធម្មតា រួចមក៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះករណីដ៏អាថ៌កំបាំងនេះ? សូមទស្សនាវីដេអូឃ្លីប ខាងក្រោមនេះទាំងអស់គ្នា៖


ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved