ការ​ទិញ​រថយន្ត​ថ្មី​ប្រើប្រាស់​ កាន់​តែ​ទទួល​បាន​ការ​ពេញ​និយម​ និង​មាន​ចំនួន​ច្រើន​ឡើង​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ ដោយសារ​ការវិវឌ្ឍន៍​នៃ​សង្គម​ និង​កម្រិត​ជីវភាព​របស់​ពលរដ្ឋ​មាន​ភាព​ប្រសើរ​ឡើង។ យ៉ាង​ណា​មិញ នៅ​លើ​ទីផ្សារ​កម្ពុជា​មាន​រថយន្ត​ច្រើន​ប្រភេទ​ណាស់ ដែល​គេ​នាំ​ចូល​ពី​បណ្ដា​ប្រទេស​នានា ដែល​មួយ​ចំនួន​មាន​ការ​ក្លែង​បន្លំ និង​គ្មាន​ប្រភព​ច្បាស់លាស់។ ការ​ជ្រើសរើស​រថយន្ត​មិន​បាន​ត្រឹម​ត្រូវ​និង​ខ្វះ​ការ​ពិចារណា អាច​នាំ​ឲ្យ​ខាត​បង់​លុយ​កាក់ និង​ពេល​វេលា​ជា​ពិសេស​អាច​នាំ​គ្រោះថ្នាក់​ជា​យថាហេតុ​ផ្សេងៗ បើ​សិន​មាន​ការ​សម្រេច​ចិត្ត​ខុស។

ហេតុ​នេះ ដើម្បី​ផ្តល់​ជា​គន្លឹះ​ខ្លះ​ៗ សម្រាប់​ប្រិយមិត្ត​ជ្រើសរើស​រថយន្ត​ថ្មី​ប្រើប្រាស់​បាន​ត្រឹម​ត្រូវ មិន​ភ័យ​ខ្លាច​ការ​ខាត​បង់​ថវិកា​ និង​ផ្តល់​សុវត្ថិភាព​ខ្ពស់យើងខ្ញុំបាន​សាកសួរ​លោក សុន ពិនិត្យ ប្រធាន​គ្រប់គ្រង​ផ្នែក​ជួសជុល​រថយន្ត​របស់​ក្រុមហ៊ុន​ហ៊ុងហ៊ាប ជាក្រុមហ៊ុន​ទទួល​សិទ្ធិ​នាំចូល​រថយន្ត​ម៉ាក​មែសឺដេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក សុន ពិនិត្យ បាន​ប្រាប់​ថា អតិថិជន​ត្រូវ​ប្រុងប្រយ័ត្ន​និង​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​នៅ​ពេល​ត្រូវ​ការ​ចង់​ទិញ​រថយន្ត​ថ្មី​ណាមួយ​យក​មក​ប្រើប្រាស់​មិន​ឲ្យ​ខុស​បំណង។ រថយន្ត​មួយ​ចំនួន​គេ​ផលិត​ឡើង​តម្រូវ​តាម​ស្ថានភាព​ភូមិសាស្ត្រ និង​អាកាស​ធាតុ​នៃ​ប្រទេស​ដែល​គេ​នាំ​ចូល​មក​លក់ ហើយ​ការ​ប្រើប្រាស់​ខុស​អាច​នាំ​ឲ្យ​រថយន្ត​ទាំង​នោះ​ឆាប់​ខូច, គ្មាន​សុវត្ថិភាព​ក្នុង​ការ​បើកបរ ពិសេស​ឆាប់​ធ្លាក់​តម្លៃ​បើ​ប្រៀបធៀប​រថយន្ត​ដែល​គេ​នាំ​ចូល និង​ផលិត​តម្រូវ​ប្រើប្រាស់​ទីផ្សារ​ប្រទេស​កម្ពុជា។

លោក​បញ្ជាក់​ថា គ្រប់​ការ​ផលិត​នៃ​ប្រភេទ​រថយន្ត​ទាំង​អស់​ក្នុង​ពិភពលោក សុទ្ធ​តែ​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​តាម​លក្ខខណ្ឌ និង​ស្ថានភាព​នៃ​ទីផ្សារ​រថយន្ត​របស់​ប្រទេស​នីមួយៗ។ ដូច្នេះ​ហើយ អតិថិជន​គួរ​ប្រើប្រាស់​រថយន្ត​ទាំង​ឡាយ​ណា ដែល​ត្រូវ​ទៅ​នឹង​ទីផ្សារ​នៃ​ប្រទេស​របស់​ខ្លួន ដើម្បី​ចៀសវាង​នូវ​ភាព​ស្មុគស្មាញ, ការ​ខាត​បង់​ពេលវេលា​និង​ប្រាក់កាស និង​ធានា​បាន​សុវត្ថិភាព​និង​ទំនុក​ចិត្ត​ក្នុង​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង។

លោក​បន្ត​ទៀត​ថា រថយន្ត​ថ្មី​ខ្លះ​ត្រូវ​គេ​ដាក់​លក់​ដោយ​គ្មាន​ការ​ធានា​ផ្ទាល់​ពី​រោងចក្រ និង​គ្មាន​ការ​ត្រួត​ពិនិត្យ​តាម​ដាន​ជា​ទៀងទាត់​ពី​រោងចក្រ​ផលិត ហើយ​នៅ​ពេល​អតិថិជន​ទិញ​យក​ទៅ​ប្រើប្រាស់ និង​ជួប​បញ្ហា​បច្ចេកទេស​ផ្សេងៗ គឺមិន​មាន​អ្នក​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​ថែទាំ​និង​ជួសជុល​ជូន​នោះ​ឡើយ។

លោក​បន្ត​ក្រើន​រំលឹក​ទៀត​ថា រថយន្ត​ថ្មី​ខ្លះ​ក៏​អាច​ជា​ប្រភេទ​រថយន្ត​មួយ​ទឹក​ដែល​ត្រូវ​គេ​ប្រើប្រាស់​រួច​ ឬ​ត្រូវ​គេ​ប្តូរ​គ្រឿង​បន្លាស់​ច្រើន​ដង ហើយ​ដាក់​គ្រឿង​បន្លាស់​ក្លែងក្លាយ​ជំនួស ដើម្បី​រក្សា​ស្ថានភាព​រថយន្ត​ឲ្យ​នៅ​ដូច​ថ្មី ហើយ​ដាក់​លក់​ក្នុង​តម្លៃ​ដូច​ជា​រថយន្ត​ថ្មី ឬ​មាន​តម្លៃ​ថោក​ជាង​រថយន្ត​ថ្មី​បន្តិចបន្តួច។

អ្វី​ដែល​លោក​បារម្ភ​និង​ចង់​ពញ្ញាក់​ស្មារតី​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ទិញ​រថយន្ត​ប្រើប្រាស់​គឺ រថយន្ត​មួយ​ចំនួន​ដែល​អាច​គេ​លួច​ពី​ប្រទេស​ផ្សេង រួច​ធ្វើ​ការ​នាំ​ចូល​មក​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ដែល​នេះ​មិន​ត្រឹម​តែ​បង្ក​គ្រោះថ្នាក់​និង​ខាត​បង់​លុយ​កាក់ ប៉ុន្តែ​ថែម​ទាំង​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ផង​ដែរ។


អត្ថបទ៖ ប៊ុណ្ណារ៉ា