Breaking News
Loading...
Wednesday, November 6, 2013

រថយន្តឆ្លាមបុក គោយន្តដឹកអុស ពីក្រោយ ជុងស្លាប់ខ្មែរ និងបរទេស ២នាក់ របួសធ្ងន់២នាក់


កំពង់ធំ៖ រថយន្តឆ្លាមរត់ឈ្នួលមួយគ្រឿង ដឹកគ្រួសារជនបរទេស ពីភ្នំពេញឆ្ពោះទៅទីក្រុងសៀមរាប បានជ្រុល ទៅបុកគោយន្តដឹកអុសពីក្រោយ បណ្តាលឲ្យជុងស្លាប់អ្នកបើកបរ និងជនបរទេសជាប្តី ខណៈស្រ្តីបរទេសជាភរិ យារងរបួសធ្ងន់ រីឯកូនតូចសំណាងល្អមិនមានរងរបួសនោះឡើយ។

លោកឧត្តសេនីយ៍ ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម នៅពេលក្រោយពេលកើតហេតុភ្លាមៗថា ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៧ និង៤៥នាទីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងឃុំត្រពាំងឬស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ ហង្ស ថុល បានដកស្រង់សម្តីសាក្សីឃើញហេតុការណ៍មកបញ្ជាក់ថា មុនពេលកើតហេតុ ដ៏រន្ធត់នេះ គេបានឃើញរថយន្តឆ្លាមរត់ឈ្នួល ដែលដឹកគ្រួសារជនបរទេសមួយគ្រួសារ មានគ្នា៣នាក់ ប្តី-ប្រពន្ធ និងកូនតូច ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅក្រុងសៀមរាប។ តែជាអកុសលដល់ចំណុចកើតហេតុ ជា កន្លែងងងឹតនោះ រថយន្តឆ្លាមបានបើកទៅបុកគោយន្តដឹកអុសពីក្រោយពេញទំហឹង បណ្តាលឲ្យអុសលើគោយន្ត ជុងអ្នកបើកបររថយន្តឆ្លាម និងជនបរទេសជាប្តីរួមដំណើរលើរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

រីឯស្ត្រីបរទេសជាភរិយា ត្រូវអុសជុងជាប់នឹងឆ្អឹងជំនីរងរបួសជាទម្ងន់ ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍កាត់អុសបញ្ជូន ស្រ្តីរងគ្រោះទាំងអុសជាប់ឆ្អឹងជំនីបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ។ ដោយឡែលកូនតូចរបស់ជនបរទេសមិនបាន រងរបួសនោះទេ។ បើតាមលោកឧត្តមសេនីយ៍ ហង្ស ថុល បុរសអ្នកបើកបរគោយន្តដឹកអុស ក៏រងរបួសផងដែរ។

បុរសអ្នកបើកបររថយន្តឈ្នួល ដែលត្រូវអុសជុងស្លាប់ភ្លាមៗនោះ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ទេ។ ដោយឡែគ្រួសារជនបរទេសរងគ្រោះ ក៏គេនៅមិនទាន់ស្គាល់អត្តសញ្ញាណផងដែរ។

បើតាមសមត្ថកិច្ច បានសន្និដ្ឋានជាជំហ៊ានដំបូងថា ជនបរទេសជាប្តី ទំនងជាជនជាតិហ្វីលីពិន រីឯភរិយាវិញ ទំនង ជាជនជាតិរុស្ស៊ី៕









0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved