Breaking News
Loading...
Thursday, November 14, 2013

សិស្ស​​​​មួយ​ក្រុម​គេច​​ពី​សាលា​​ចូល​ទៅ​​ជិះ​ស្គី​ ចោរ​លួច​ម៉ូតូ​បាត់​


ខេត្តព្រៃវែង ៖ សិស្សមួយក្រុមមានគ្នា៥ ទៅ៦នាក់ ដែលគេចពីសាលារៀន ហើយនាំគ្នាមកជិះស្គីលេង កាលពីថ្ងៃទី១២ វិច្ឆិកា តាំងពីម៉ោង៧ និង៣០នាទី រហូតដល់ម៉ោង៩ និង៣០នាទីព្រឹក បានត្រូវចោរលួចកាច់សោ.ក យកម៉ូតូបាត់អស់មួយគ្រឿង ។ ហេតុការណ៍នេះបានកើតឡើង នៅមុខកន្លែងលេងស្គីអ៊ីប៊ែរ ស្ថិតក្នុងភូមិ២ ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ។

ប្រភពព័ត៌មានឱ្យដឹងថា សិស្សដែលបាត់ម៉ូតូនេះឈ្មោះ ឈុន ឧត្តម ជាសិស្សវិទ្យាល័យតាគោក ថ្នាក់ទី១០ ស្ថិតក្នុងឃុំល្វា ស្រុកព្រះស្តេច ។ មិត្តភក្តិដែលសុំមិនបញ្ចេញឈ្មោះនិយាយថា ជារឿយៗពួកគេមានគ្នា៥ទៅ៦នាក់ តែងនាំគ្នាមកជិះស្គីលេងនៅទីនេះ ដោយទុកម៉ូតូនៅមុខផ្ទះស្គី ហើយក៏ចូលទៅជិះស្គី លេង១ម៉ោង ថ្លៃពី៤ ទៅ៥ពាន់រៀល ។ ចំណែកលើកនេះ ចូលលេងអស់រយៈពេលប្រហែល២ម៉ោង លុះចេញមកវិញ ស្រាប់តែបាត់ម៉ូតូ១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១១ គ្មានស្លាក  លេខ ។ ក្រោយពីដឹងថាបាត់ ម្ចាស់ម៉ូតូបានស្រែកឆោឡោ ឡើងឱ្យម្ចាស់ផ្ទះជួយរកតែរកមិនឃើញ ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយតាមរក ក៏នៅតែមិនឃើញទៀត ។

គួរកត់សម្គាល់ថា នៅក្នុងតំបន់អ្នកលឿង បើតាមប្រជាពលរដ្ឋនិយាយថា មិនថានៅមុខផ្សារ-មុខផ្ទះ ឬមន្ទីរពេទ្យទេ ឱ្យតែប្រហែស គឺបាត់ស្រមោលហើយ ព្រោះចោរធ្លាប់កាច់សោ.កម៉ូតូ យកទៅផុយៗ អស់ជិត១០គ្រឿងមក ហើយ ដូច្នេះសូមប្រុងប្រយ័ត្ន ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved