គិត​ត្រឹម​ថ្ងៃ​នេះ ប្រទេស​ចំនួន​២១​ហើយ​ដែល​មាន​ឈ្មោះ​​ទៅ​លេង​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup 2014 ពោល​គឺ​នៅ​សល់​តែ​១១ប្រទេស​ទៀត​ប៉ុណ្ណោះ។

ប្រទេស​ដែល​ជាប់​ទាំង​២១​នោះ (គិត​ទាំង​ម្ចាស់​ផ្ទះ​ប្រេស៊ីល) មាន​៩ប្រទេស​មក​ពី​តំបន់​អឺរ៉ុប, ៥ប្រទេស​មក​ពី​តំបន់​អាមេរិក​ខាង​ត្បូង, ៤ប្រទេស​មក​ពី​តំបន់​អាស៊ី និង​៣ប្រទេស​មក​ពី​តំបន់​ CONCACAF (អាមេរិក​កណ្ដាល, អាមេរិក​ខាង​ជើង និង​ការីប៊ៀន)

ចង់​ដឹង​ថា​មាន​ប្រទេស​ណា​ខ្លះ​ សូម​មើល​តារាង​ខាង​ក្រោម​នេះ (តាម​លំដាប់​ក្រុម​ជាប់​មុន​ ជាប់​ក្រោយ)

លេខរៀង ប្រទេស​ តំបន់​ប្រកួត​ជម្រុះ បង្ហាញ​ខ្លួន (គិត​ទាំង​២០១៤) បង្ហាញ​ខ្លួន​ចុង​ក្រោយ លទ្ធផល​ល្អ​បំផុត
ប្រេស៊ីល (ម្ចាស់​ផ្ទះ) អាមេរិក​ខាង​ត្បូង (មិន​បាច់​ជម្រុះ) ២០​ដង ឆ្នាំ​២០១០ ជើង​ឯក (១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤, ២០០២)
ជប៉ុន អាស៊ី​ ៥ដង ២០១០ ជុំ​១៦ក្រុម​ចុង​ក្រោយ (២០០២, ២០១០)
អូស្ត្រាលី អាស៊ី ៤ដង ២០១០​ ជុំ​១៦ក្រុម​ចុង​ក្រោយ (២០០៦)
អ៊ីរ៉ង់ អាស៊ី​ ៤ដង ២០០៦ មិន​ធ្លាប់​ឆ្លងផុត​ពូល
៥​ កូរ៉េខាងត្បូង អាស៊ី​ ៩ដង ២០១០​ លេខ​៤ (២០០២)
ហុល្លង់ អឺរ៉ុប ១០ដង​ ២០១០ លេខ​២ (១៩៧៤, ១៩៧៨, ២០១០)
អ៊ីតាលី អឺរ៉ុប ១៨ដង ២០១០ ជើង​ឯក (១៩៣៤, ១៩៣៨, ១៩៨២, ២០០៦)
៨​ សហរដ្ឋ​អាមេរិក​ CONCACAF ១០​ដង ២០១០​ លេខ​៣ (១៩៣០)
៩​ កូស្តារីកា CONCACAF ៤ដង ២០០៦​ ជុំ​១៦ក្រុម​ចុង​ក្រោយ (១៩៩០)
១០​ អាហ្សង់ទីន អាមេរិក​ខាង​ត្បូង ១៦ដង ២០១០ ជើង​ឯក (១៩៧៨, ១៩៨៦)
១១​ បែលហ្ស៊ិក អឺរ៉ុប ១២ដង ២០០២​ លេខ​៤ (១៩៨៦)
១២ ស្វីស អឺរ៉ុប ១០ដង ២០១០​ ជុំ​៨​ក្រុម​ចុង​ក្រោយ (១៩៣៤, ១៩៣៨, ១៩៥៤)
១៣​ អាល្លឺម៉ង់ អឺរ៉ុប ១៨​ដង ២០១០​ ជើង​ឯក (១៩៥៤, ១៩៧៤, ១៩៩០)
១៤​ កូឡុំប៊ី អាមេរិក​ខាង​ត្បូង ៥ដង ១៩៩៨​ ជុំ​១៦ក្រុម​ចុង​ក្រោយ (១៩៩០)
១៥​ រុស្សី អឺរ៉ុប ១០ដង (គិត​ទាំងសហភាព​សូវៀត) ២០០២​ លេខ​៤ (១៩៦៦)
១៦​ បូស្នី-ហឺហ្ស៊េហ្គោវីណា​ អឺរ៉ុប
១៧​ អង់គ្លេស អឺរ៉ុប ១៤​ដង ២០១០​ ជើង​ឯក (១៩៦៦)
១៨​ អេស្ប៉ាញ​ អឺរ៉ុប ១៤ដង ២០១០​ ជើង​ឯក (២០១០)
១៩​ ឈីលី អាមេរិក​ខាង​ត្បូង ៩ដង ២០១០​ លេខ​៣ (១៩៦២)
២០​ អេក្វាឌ័រ អាមេរិក​ខាង​ត្បូង ៣ដង ២០០៦​ ជុំ​១៦ក្រុម​ចុង​ក្រោយ (២០០៦​)
២១​ ហុងឌុយរ៉ាស់ CONCACAF ៣ដង ២០១០ មិន​ដែល​ឆ្លង​ផុត​ពូល

ចុះ​ចំណែក​កៅអី​ទំនេរ​ទាំង​១១​ផ្សេង​ទៀត​វិញ ប្រទេស​ណា​ខ្លះ​ដែល​នៅ​មាន​សិទ្ធិ​ដណ្ដើម​យក?

ប្រទេស​ជា​ច្រើន​បាន​ធ្លាក់​បាត់​អស់​ទៅ​ហើយ ប៉ុន្តែ​នៅ​មាន​ប្រទេស​២២ទៀត​ដែល​នៅ​មាន​​ដង្ហើម​ដក​ក្នុង​វគ្គ​ជម្រុះ​នេះ។ ប្រទេស​នៅ​តំបន់​អាហ្វ្រិក​​ដែល​នៅ​សល់​ចំនួន​១០ នឹង​ប្រជែង​យក​កៅអី៥ ខណៈ​ប្រទេស​អឺរ៉ុប​៨​ នឹង​ត្រូវ​​ប្រកួត​ play-off ដណ្ដើម​យក​កៅអី​​៤។ ចំណែក​កៅអី​២​​ទៀត នឹង​រក​ឃើញ​ម្ចាស់​ក្រោយ​​ការ​ប្រកួត​ play-off ឆ្លង​ទ្វីប​៤ គឺ អាស៊ី, អាមេរិក​ខាង​ត្បូង, CONCACAF និង​អូសេអានី។

ប្រទេស​អាហ្វ្រិក​ទាំង​១០​ ដែល​បាន​​ប្រកួត​ចប់​ជើង​ទី​១​ហើយ​នោះ​ ​នឹង​ត្រូវ​​​ប្រកួត​ជើង​ទី​២​ នៅ​ខែ​វិច្ឆិកា​ក្រោយ​នេះ ដើម្បី​​សម្រេច​សេចក្ដី​ថា​ក្រុម​៥​ណា​នឹង​ជាប់​ទៅ​ប្រេស៊ីល។ លទ្ធផល​ជើង​ទី​១​កន្លង​មក​ គឺ៖ កូឌីវ័រ ឈ្នះ សេណេហ្គាល់ ៣-១, អេត្យូពី ចាញ់​ នីហ្សេរីយ៉ា ១-២, ទុយណេស៊ី ស្មើ កាមេរ៉ូន ០-០, ហ្គាណា បំបាក់ អេហ្ស៊ីប ៦-១ និង ប៊ូគីណាហ្វាសូ ឈ្នះ ​អាល់ហ្សេរី ៣-២។

ចំណែក​ប្រទេស​អឺរ៉ុប​៨​ដែល​ត្រូវ​ប្រជែង​យក​កៅអី​៤​ទៀត រួម​មាន​ដូច​ជា៖ ក្រូអាត​,​ ស៊ុយអែត, រ៉ូម៉ានី, អ៊ីស្លង់, ព័រទុយហ្គាល់, ក្រិក, អ៊ុយក្រែន និង​បារាំង។ ក្រុម​ទាំង​៨​នេះ ​នឹង​ត្រូវ​ចាប់​គូ​ប្រកួត​នា​​សប្ដាហ៍​ក្រោយ ហើយ​ក្រុម​ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត play-off ​២​ជើង​ នឹង​ជាប់​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រេស៊ីល​ឆ្នាំ​ក្រោយ។

រី​ឯ​២គូ play-off ឆ្លង​ទ្វីប​ឯ​ណោះ​វិញ គឺ​ក្រុម ​ហ្សកដានី (អាស៊ី) ប៉ះ អ៊ុយរុយហ្គាយ (អាមេរិក​ខាង​ត្បូង) ខណៈ​ ម៉ិកស៊ីកូ (CONCACAF) ជួប នូវែលហ្សេឡង់ (អូសេអានី) នៅ​ថ្ងៃ​ទី​១៣ និង​២០ ខែ​វិច្ឆិកា។

ក្រោយ​រក​ឃើញ​ទាំង​៣២​ក្រុម​ហើយ​នោះ ការ​ចាប់​ឆ្នោត​ជ្រើស​រើស​ពូល​ទាំង​៨​សម្រាប់​ប្រកួត FIFA World Cup លើក​ទី​២០ ឆ្នាំ​២០១៤​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៣ នៅ​រដ្ឋ Bahia ប្រទេស​ប្រេស៊ីល។

ប្រិយមិត្ត​សាក​ទាយ​ល​មើល៍ ថា​តើ​ក្រុម​១១​ផ្សេង​ទៀត​ដែល​ឡើង​ទៅ​បង្រ្គប់​ជើង​នៅ World Cup ឆ្នាំ​ក្រោយ មាន​ប្រទេស​ណា​ខ្លះ?