ប្រមាណ១៥ឆ្នាំគត់ក្រោយការដួលរលំទាំងស្រុងនូវរបបវាលពិឃាដ ពោលនាឆ្នាំ១៩៩៥ទើបកីឡាជាតិខ្មែរបានវិលទៅកាន់ការប្រកួតថ្នាក់តំបន់គឺ ស៊ីហ្គេម ដែលប្រារព្ធនៅខេត្តឈៀងម៉ៃប្រទេសថៃដោយបានត្រលប់វិញជាមួយមេដាយសំរឹទ្ធ២។
ការបន្តចូលរួម២លើកបន្ទាប់ពីឆ្នាំ ១៩៩៧ នៅឥណ្ឌូណេស៊ី និង ១៩៩៩ នៅប្រ៊ុយណេ ក្រុមកម្ពុជាច្រើនបំផុតនៅតែអាចត្រឹមឈ្នះសំរឹទ្ធដ៏តិចតួច ដោយមិនអាចហក់ដល់ ប្រាក់ ឬក៏មាសនោះឡើយ។ សករាជដែល កីឡាកម្ពុជា បើកកំណត់ត្រាយកមេដាយមាសបានមកវិញ គឺឆ្នាំ២០០១ នៅម៉ាឡេស៊ី ហើយកីឡា ប៉េតង់ ក្នុងការបង្ហាញខ្លួនជាលើកដំបូងជាកីឡាដែលយកកិត្តិយសនោះបានលើវិញ្ញាសាស្ត្រី២នាក់ទល់២នាក់។
ការឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០០១នោះ ក្រុមកម្ពុជាឈ្នះមេដាយសរុប ៩មេដាយ ខណៈក្រៅពីមេដាយមាសមួយនោះ នៅមានមេដាយប្រាក់មួយ និងមេដាយសំរឹទ្ធខ្លះទៀតជាចំណែករបស់ ប៉េតង់ និយាយឲ្យចំ មេដាយស្ទើរតែទាំងអស់យកបានដោយ ប៉េតង់។
អត្ថបទពាក់ព័ន្ធសូមអាន៖ តើប៉េតង់អាចយកមេដាយស៊ីហ្គេមឆ្នាំនេះជូនកម្ពុជាបានទេ?
ក្រោយមកទៀតបើផ្ដោតលើលទ្ធភាពយកមេដាយមាសរបស់ក្រុមកម្ពុជា គឺនៅតែស្ថិតក្នុងសភាពខ្សត់ខ្សោយដោយមិនអាចយកបានមេដាយមាសលើស១ឡើយ។ លុះដល់ស៊ីហ្គេម២០១១ ទើបក្រុមកម្ពុជាអាចបង្កើនបរិមាណមេដាយមាសដល់៨ ដែលរកបានដោយ ប៉េតង់ រួមជាមួយកីឡាថ្មីពីរមុខទៀតគឺ កេមប៉ូ និង វ៉ូវីណាម។
កីឡាកេមប៉ូ កម្ពុជា កាលឈ្នះមេដាយមាសស៊ីហ្គេម ២០១១ នៅឥណ្ឌូណេស៊ី
បើនិយាយពីដើមចមវិញ ស៊ីហ្គេម ត្រូវរៀបចំដំបូងបង្អស់នៅឆ្នាំ ១៩៥៩ នៅទីក្រុងបាងកក ដែលមានឈ្មោះដើមថា Southeast Asian Peninsular Games (SEAP Games) មុនពេលប្ដូរមកជា Sea Games រហូតដល់បច្ចុប្បន្ននៅឆ្នាំ ១៩៧៧។ នៅរដូវកាលទី១ក្រុម កម្ពុជា មិនបានបញ្ជូនកីឡាករទៅចូលរួមទេ តែនៅ២ឆ្នាំបន្ទាប់ ពោល SEAP Games លើកទី២នៅប្រទេស មីយ៉ាន់ម៉ា ទើបក្រុមកម្ពុជាបានទៅចូលរួមនឹងបានឈ្នះមេដាយ មាស១ ប្រាក់៦ និងសំរឹទ្ធ៤ មកវិញ។
ឯសម័យកាលដែលគេកត់សម្គាល់ថា កីឡាខ្មែររីកចម្រើនខ្លាំងនោះគឺកាល SEAP Games លើកទី៣ឆ្នាំ១៩៦៥នៅ ម៉ាឡេស៊ី ដែលកម្ពុជាដណ្ដើមបានមេដាយ មាសរហូតដល់១៥ ប្រាក់១៩និងសំរឹទ្ធ ១៧។ ព្រឹត្តិការណ៍២លើកបន្ទាប់ កម្ពុជា មិនបានទៅចូលរួមទេ។ លុះក្រោយនោះបន្តិច ពោលនៅសម័យសាធារណរដ្ឋ ក្រុមកីឡាកម្ពុជា បានកត់ត្រាចុះនូវកំណត់ត្រាដ៏ខ្លាំងជាងគេរបស់ខ្លួន ពោលយកបានមេដាយមាស១៧ ប្រាក់១៨និងសំរឹទ្ធ១៨ក្នុងការចូលរួមប្រជែង SEAP Games នៅកូឡាឡាំពួរប្រទេសម៉ាឡេស៊ីឆ្នាំ១៩៧១។ នោះជាកំណត់ត្រាជោគជ័យបំផុតរបស់កម្ពុជា មុនពេលដែលរាល់រចនាសម្ព័ន្ធគ្រប់មុខត្រូវបានវាយបំផ្លាញដាបដល់ចំណុចស្ទើរក្រោមសូន្យក្នុងរបបអាវខ្មៅដែលចាប់ផ្ដើមនៅឆ្នាំ១៩៧៥ដល់១៩៧៩។
ងាកមកកាន់ ស៊ីហ្គេម រដូវកាលទី២៧នៅ មីយ៉ាន់ម៉ា ចុងឆ្នាំ២០១៣នេះវិញ ក្រសួងអប់រំយុវជននិងកីឡា បានដាក់ចេញផែនការបង្កើនចំនួនមេដាយមាសឲ្យដល់២ខ្ទង់ ពោលចាប់ពី១០គ្រឿងឡើង ខណៈក្រុមកីឡាករនិងប្រតិភូពាក់ព័ន្ធត្រូវបានបញ្ចេញទិន្នន័យថានឹងបញ្ជូនទៅលើស ស៊ីហ្គេម២០១១ ប្រមាណ៣៤នាក់៕
0 comments:
Post a Comment