លោក Igor Stimac ត្រូវ​សហព័ន្ធ​​បណ្ដេញ​ចេញ​ពី​តំណែង​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រូអាតហើយ​​ ក្រោយ​ចាញ់​ស្កុតឡែន ២-០ ក្នុង​ជំនួប​ចុង​ក្រោយ​នៃ​ការ​ជម្រុះ​ World Cup តំបន់​អឺរ៉ុប។ លទ្ធផល​នេះ​មិន​បាន​ប៉ះពាល់​ដល់​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ពូល A សម្រាប់​កៅអី​ប្រកួត play-off នោះ​ទេ ប៉ុន្តែ​ជា​លទ្ធផល​ដែល​ក្រុម​នេះ​មិន​អាច​ទទួល​យក​បាន។

ក្រោយ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អង្គារ​​នោះ លោក Stimac បាន​និយាយ​ថា​លោក​នឹង​ដាក់​ពាក្យ​លា​លែង​ ប៉ុន្តែ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ក្រូអាត លោក Davor Suker បាន​បញ្ជាក់​ថា​លោក​មិន​បាន​ឃើញ​លិខិត​លាយលក្ខណ៍​អក្សរ​ ឬ​ការ​លា​លែង​ផ្ទាល់​មាត់​​ពី​លោក Stimac នោះ​ទេ ដូច្នេះ​សហព័ន្ធ​បាន​សម្រេច​បណ្ដេញ​ចេញ​​តែ​ម្ដង។

លោក Stimac ឈរ​បញ្ជា​កូន​ក្រុម​កន្លង​មក

ក្រោយ​ការ​ដក​តំណែង​នេះ លោក Niko Kovac គ្រូ​បង្វឹក​ក្រុម​ U-21 ក្រូអាត នឹង​ធ្វើ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្រុម​ឈុត​ធំ​នេះ​បណ្ដោះអាសន្ន ជា​ពិសេស​គឺ​សម្រាប់​ការ​ប្រកួត play-off នា​ពេល​ខាង​មុខ។ ប្រសិន​បើ​ក្រូអាត​អាច​ជាប់​ទៅ​ World Cup ឆ្នាំ​ក្រោយ នោះ​ Kovac អាច​ផ្ដល់​កិច្ច​សន្យា​រយៈ​ពេល​វែង​ដល់​គ្រូ​បង្វឹក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ទីទ័ល​Stimac ជា​បន្ត​។

លោក Stimac បាន​ចូល​ដឹក​នាំ​ក្រូអាត​ជំនួស​លោក Slaven Bilic កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១២។ លោក​បាន​ដឹក​នាំ​ក្រុម​អតីត​យូហ្គោស្លាវី​មួយ​នេះ ឲ្យ​ឈរ​កំពូល​តារាង​ជាមួយ​បែលហ្សិក​ក្រោយ​ប្រកួត​ជម្រុះ​៥​ប្រកួត​ដំបូង ប៉ុន្តែ​បាន​ចាញ់​ដល់​ទៅ​៣ប្រកួត និង​ស្មើ​១ នា​ប្រកួត​បន្ទាប់​ រហូត​របូត​កៅអី​កំពូល​តារាង​ មក​ត្រឹម​លេខ​២​វិញ។ ក្រុម​៧​ផ្សេង​ទៀត​ដែល​ជាប់ play-off ដូច​ក្រូអាត​ដែរ រួម​មាន បារាំង ព័រទុយហ្គាល់ ស៊ុយអែត ក្រិក អ៊ុយក្រែន រ៉ូម៉ានី និង​អ៊ីស្លង់។

ចាំ​មើល​ថា​តើ​គ្រូ​បង្វឹក​​បណ្ដោះអាសន្ន​ថ្មី អាច​ជួយ​ឲ្យ​ក្រូអាត​ឡើង​ World Cup ជា​លើក​ទី​៤​បាន​ដែរ​ឬ​ទេ?

អត្ថបទ​ទាក់ទង៖ ប្រទេស​ជាប់​ទៅ​ World Cup រក​ឃើញ​២១​ហើយ នៅ​សល់​តែ​១១ទៀត​ប៉ុណ្ណោះ

ចុច​អាន​ការ​ជម្រុះ​តំបន់​អឺរ៉ុប៖ អង់គ្លេស រុស្សី បូស្នី អេស្ប៉ាញ ជាប់​ទៅ​ World Cup ខណៈ​ក្រុម​ជាប់ Play-off ក៏​រក​ឃើញ​ដែរ

អត្ថបទ​ផ្សេង​ទៀត​ទាក់ទង​នឹង FIFA World Cup សូម​ចុច​អាន​ត្រង់​នេះ