កំពូល​អ្នក​ប្រយុទ្ធ​​ក្បាច់​គុន​បុរាណ​ខ្មែរ ឃីម ឌីម៉ា​បាន​ផ្តួល​ជើង​ឯក​វូស៊ូ​ពិភព​លោក​ពីរ​សម័យ​ Rene Catalan ​ឲ្យ​លោក​អាជ្ញា​កណ្តាល​បញ្ឈប់​ទឹក​ទី​ពីរ​នៅ​សង្វៀន​ប្រទេស​សិង្ហបុរី​កាល​ពី​យប់​មិញ​។

នៅ​ចំពោះ​មហា​ជន​រាប់​សិប​នាក់​ក្នុង​សង្វៀន​កីឡដ្ឋាន​ Singapore Indoor Stadium ​​ប្រទេស​សិង្ហបុរី​កាល​ពី​យប់​មិញ​ ឃីម ឌីម៉ា ​បង្ហាញ​មុខ​មុន​គេ​សម្រាប់​គូ​ផ្លូវ​ការ​ជា​មួយ​នឹង​យក​ទង​ជាតិ​ខ្មែរ​គ្រប់​ពី​លើ​ខ្លួន ខណៈ​អេក្រង់​ខាង​ក្រោយ​ខ្នង​បង្ហាញ​ឡើង​ទង​ជាតិ​ខ្មែរ ​ប្រាសាទ​អង្គរ​វត្ត និង​បទ​ចម្រៀង​មោទនភាព​ជាតិ​ខ្មែរ​។


អ្នក​លេង​គុន​ខ្មែរ ឃីម ឌីម៉ា​ដែល​ដើរ​ឆ្ពោះ​ទៅ​សង្វៀន​ដោយ​​ភាព​អង់អាច​​ ​ទឹក​មុខ​មុះ​មុត​ និង​ពោរ​ពេញ​ដោយ​ភាព​ក្លាហាន​។ ខណៈ​ពេល​ដៃ​គូ​របស់​គេ​បង្ហាញ​ខ្លួន​ហាក់​មាន​ជំនឿ​ជាក់​១០០​ភាគ​រយ​ដោយ​បង្ហាញ​ចេញ​​ក្បាច់​ប្រយុទ្ធ​ពិសេស​ប្រៀប​ដូច​ជា​ក្បាច់​ដែល​យើង​ធ្លាប់​ឃើញ​ក្នុង​រឿង​ភាគ​ចិន​។

បន្ទាប់​ពី​បង្ហាញ​សមាស​ភាព និង​ស្តាប់​សេចក្តី​ណែ​នាំ​របស់​លោក​អាជ្ញា​កណ្ដាល​ អ្នក​ពី​រ​ចាប់​ផ្ដើម​​វាយ​សម្រុក​គ្នា​តែ​ម្តង​។ ទឹក​ទី​មួយ​អ្នក​លេង​ក្បាច់​គុន​វូស៊ូ​ពិភព​លោក​របស់​ហ្វីលីពីន​បាន​ចូល​ចម្រុះ​​ដោយ​គ្មាន​ការ​ស្ទាប់​ស្ទង់​លើ​បច្ចេក​ទេស​គូ​ប្រយុទ្ធ​ឡើយ​។ ក្នុង​ទឹក​នេះ​ Rene បាន​ចូល​អោប​ផ្នែក​ខាង​ក្រោម និង​លើក​ឃីម ឌីម៉ា​ផ្តូល​ដោយ​ស្ថិត​​នៅ​ពី​លើ ខណៈ​ឌីម៉ា​បាន​យក​ដៃ​ស្តាំ​អោប​កាច​ក​ចុះ​ក្រោម​ដើម្បី​កុំ​ឲ្យ​គូ​ប្រយុទ្ធ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​។

សកម្មភាពឃីម ឌីម៉ា ប្រកួត យប់ មិញ

បន្ទាប់​ពី​រះ​បម្រះ​គ្នា​ដោយ​បច្ចេក​ទេស​សុទ្ធ​សាធ Rene ហាក់​មាន​ល្បិច​ល្អ​ជាង​ដោយ​បាន​ចាប់​កាច់​ដៃ​របស់​ឃីម ឌីម៉ា​ដល់​ទៅ​ពីរ​ដង​​ដោយ​អ្នក​ទស្សនា ជា​ពិសេស​អ្នក​​ទស្សនា​នៅ​កម្ពុជា​ស្ទើរ​តែ​គិត​ទាំង​ស្រុង​ថា ឌីម៉ា​មិន​អាច​ឆ្លង​ផុត​ទឹក​​ទី​មួយ​ឬ​ទី​ពីរ​ឡើយ​។ ប៉ុន្តែ​ឃីម ឌីម៉ា​បាន​រើ​បម្រះ​ដោះ​ចេញ​ពី​ការ​កាច់​ដៃ​របស់​គូ​បដិបក្ខ​បាន​យ៉ាង​ល្អ​និង​បាន​ស្ទុះ​ឡើង​លើ​វិញ​ផង​ដែរ​។

ចូល​ទឹក​ទី​​ពីរ ឃីម ឌីម៉ា បាន​ប្រុង​ប្រៀប និង​ផ្លាស់​ប្តូរ​ជំហរ​ប្រយុទ្ធ​យ៉ាង​ល្អ​ខណៈ​រូប​គេ​បាន​ទាត់​ជើង​ក្រោម និង​​វាយ​កែង​។ មួយ​នាទី​ចុង​ក្រោយ​នៃ​ទឹក​ពីរ​ ឌីម៉ា បាន​វាយ​ចូល​មួយ​កែង​បណ្ដាល​ឲ្យ​​Rene លូត​ជង្គង់​ចុះ​បណ្ដាល​ឲ្យ​ឌីម៉ា​មាន​ប្រៀប​នៅ​ពី​លើ និង​បាន​វាយ​កែវ​ពីរ​ទៅ​បី​ចូល​សៀត​ផ្កា​របស់​គូ​ប្រជែង​​បណ្ដាល​ឲ្យ​អ្នក​លេង​ហ្វីលីពីន​ស្ទើរ​បាត់​បង់​ស្មារតី​មិន​អាច​ត​ដៃ​ជា​មួយ​ឌីម៉ា​បាន​ឡើយ ខណៈ​​ឌីម៉ា​បាន​វាយ​សន្ធាប់​ផ្ទួន​ៗ​បណ្ដាល​ឲ្យ​អាជ្ញា​កណ្ដាល​បញ្ឈប់​តែ​ម្ដង​។ ​ឌីម៉ា​បាន​វាយ​ចំ​កន្លែង​ហាម​ឃាត​ពោល​គឺ​ពី​ក្រោយ​ ប៉ុន្តែ​អាជ្ញា​កណ្ដាល​បាន​ប្រាប់​។

នេះ​ជា​ការ​ប្រកួត​ឡើង​ទី​មួយ​របស់​ឃីម ឌីម៉ា​ដោយ​ទទួល​បាន​ជ័យ​ជម្នះ ខណៈ​អ្នក​លេង​ហ្វីលីពីន​បាន​ប្រកួត​ពីរ​ដង​ចាញ់​ទាំង​ពីរ​ដង​។

ជ័យជម្នះ​របស់​ឃីម ឌីម៉ា​បាន​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​សម្រាប់​ការ​ប្រកួត​ក្បាច់​គុន​ចម្រុះ(MMA)​នៅ​ក្រៅ​ប្រទេស ខណៈ​កាល​ពី​ដើម​ឆ្នាំ​នេះ​កីឡាករ តក់ សោភណ្ឌ​បាន​យក​ឈ្នះ​កីឡាករ​អង់គ្លេស​នៅ​សង្វៀន​ស៊ីធីអិន​៕