Breaking News
Loading...
Saturday, October 12, 2013

ស្ត្រី​​​​ដ៏​​អ​ភ័ព្វ​​កូន​​ទី​មួយ មិន​​គ្រប់​​ខែ​​ស្លាប់​​ទៅ​វិញ លើក​​ទី​​ពីរ​​បង្កើត​បាន​​កូន​ភ្លោះ​​ចំ​ឡែក​​ខុស​គេ


​រាជធានី​ភ្នំពេញ ៖ ស្ត្រី​កម្ម​ការិ​នី​​​ដ៏​​អ​ភ័ព្វ​​ម្នាក់ កើត​​បាន​កូន​​ប្រុស​​ដំ​បូង មិន​​គ្រប់​​ខែ​​ក៏​​ស្លាប់​​ទៅ​វិញ ហើយ​​កាល​ពី​​ថ្ងៃ​ទី​​៣ ខែ​តុ​លា ឆ្នាំ​​២០​១៣ វេលា​​ម៉ោង ៧ យប់ នាង​បង្កើត​បាន​​កូន​ភ្លោះ​​ស្រី​​ចំនួន ពីរ​​នាក់ តែ​​ស្ថាន​ភាព​​ទារក​ប្លែក​​ខុស​គេមាន​​ក្បាល​ពោះ​ជាប់​គ្នា ផ្ចិត​តែមួយ ដៃ​បួន ជើង​បួន ដែល​ក្រុមគ្រូពេទ្យ​ជំនាញ មិន​អាចជួយ​វះកាត់​បានទេ ព្រោះតែ​កូនភ្លោះ​​នោះ មាន​បេះដូង​ចំហ​។ ស្ត្រី​ជា​ម្តាយ​បាន​ត្រឹម តែ​ដក​ដង្ហើមធំ អាសូ​ដល់​កូនៗ​របស់​នាង ដែល​កើតមក​អភ័ព្វ​ខុសគេ​។​

 

​ស្ត្រី​ជា​ម្តាយ​មានឈ្មោះ ហុង ថា​វី អាយុ ២៦ ឆ្នាំ មុខរបរ​កម្មការិនី រោងចក្រ​ទួល​ពង្រ និង​ស្វាមី​ឈ្មោះ វ៉ាត ផល្លា អាយុ ២៧ ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​អន្លង់​គង​ចាស់ សង្កាត់ ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ឈ្មោះ ហុង ថា​វី បាន​រៀបរាប់ថា នាង​បាន​រៀបការ ជាមួយនឹង​ស្វាមី​របស់​នាង តាំងពី​២០០៩​មកម្ល៉េះ ក្រោយមក​នាង​មាន​ផ្ទៃពោះ កើត​បានកូន​ប្រុស​ម្នាក់ ប៉ុន្តែ​ដោយ​អនិច្ចា កូន​កើតមក​មិន​គ្រប់​ខែ ក៏បាន​ស្លាប់​ទៅវិញ​។

 

​ប៉ុន្មាន​ឆ្នាំ​ក្រោយមក នាង​ក៏មាន​ផ្ទៃពោះ​ទៀត ហើយ​តាំងពី​មាន​ផ្ទៃពោះ​នោះមក នាង​តែងតែ​ដេក​យល់​សុ​បិ​ន្ត ឃើញ​ទេវតា​ស្រី យក​ក្រវិល​ពីរ​ប្រអប់​តូច ហើយ​ក្នុង​មួយ​ប្រអប់ មាន​ក្រវិល​មួយគូ មក​ហុច​ឲ្យ​នាង​យកមក​រក្សាទុក​។ ឪពុក​របស់​នាង បាន​ឌុប​នាង ទៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ឈ្មោះ សុខសួស្តី អតីត មន្ទីរពេទ្យ​ច័​ន្ទ្រា​វុ​ធ ស្ថិត​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ខាងលិច​ផ្សារ​ស្ទឹងមានជ័យ ដើម្បី​ពិនិត្យ​អេកូ ដោយ​ដំបូង ពិនិត្យឃើញ​ទារក​មួយ ហើយ​នាង​តែងតែ​ទៅពិនិត្យ​ផ្ទៃពោះ នៅ​មន្ទីរពេទ្យ​ជា​រៀងរាល់ខែ​។​

ឈ្មោះ ហុង ថា​វី បានបញ្ជាក់​ទៀតថា នៅពេល​នាង​ឈឺពោះ​ឆ្លងទន្លេ ក្រុមគ្រួសារ​របស់​នាង បាន​នាំទៅ​មន្ទីរពេទ្យ សុខសួស្តី ពេលនោះ​ពិនិត្យ​អេកូ​ម្តងទៀត ឪពុក​របស់​នាង ក៏បាន​និយាយ​តថ្លៃ ជាមួយ​ពេទ្យ ដោយ​ពេទ្យ​ទារប្រាក់ ចំនួន ៦០០ ដុល្លា​។ ឪពុក​នាង​ក៏​ព្រម​ឲ្យ​ដែរ ប៉ុន្តែ​គ្រូពេទ្យ​បាន​នាំទៅ ឆ្លុះ​អេកូ​លើក​ទី​ពីរ ក៏​ស្រាប់តែ​ឃើញ​មាន​ទារក ពីរ​ភ្លោះ​ជាប់​គ្នា ហើយ​គ្រូពេទ្យ​ទាំងនោះ មិនបាន​និយាយស្តី​អ្វី​ជាមួយ​ឪពុក​របស់​នាង និង​ស្វាមី​នោះទេ ក៏​ប្រញាប់ប្រញាល់ ដឹកបញ្ជូន​នាង​ទៅ មន្ទីរពេទ្យ​កាល់ម៉ែត​។​

 

​ក្រោយពី​បញ្ជូន​ឈ្មោះ ហុង ថា​វី ទៅដល់​មន្ទីរពេទ្យ​កាល់ម៉ែត គ្រូពេទ្យ​បាន​ប្រាប់ថា នាង​មិនអាច​ឆ្លងទន្លេ​តាម​ធម្មតា​ទេ ហើយ​គ្រូពេទ្យ​បាន​រុញ​នាង ចូល​បន្ទប់វះកាត់ បង្កើតបាន​កូនភ្លោះ​ស្រី​ពីរ ក្បាលពោះ​ជាប់​គ្នា មាន​ផ្ចិត​តែមួយ ដៃ​បួន ជើង​បួន គួរ​ចំឡែក ហើយ​ពេលនោះ គ្រូពេទ្យ​កាល់ម៉ែត​ក៏បាន​បញ្ជូន​កូនភ្លោះ​ទាំងនោះ ទៅកាន់​មន្ទីរពេទ្យ គន្ធបុប្ផា ក្នុង​គោលបំណង​ឲ្យ លោក​ដុក​ទ័​រ​ជំនាញៗ នៅ​មន្ទីរពេទ្យ​នោះ​ជួយ​វះកាត់ តែ​គ្រូពេទ្យ​បាន​ពិនិត្យឃើញថា កូនភ្លោះ​ស្រី ពីរ​នាក់​នោះ មាន​បេះដូង​ចំហ មិនអាច​វះកាត់​បានទេ ៕

Wat 111022

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved